ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស​ចិន​ ធ្លាក់​ចុះ​​​ ១៩ ​ពាន់​លាន​ដុល្លារ

ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស​ចិន​ ធ្លាក់​ចុះ​​​ ១៩ ​ពាន់​លាន​ដុល្លារ

ក្រុងប៉េកាំងៈ ប្រាក់បម្រុងជារូបិយប័ណ្ណបរទេសដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសចិនបានធ្លាក់ចុះប្រមាណ ១៩ ពាន់លានដុល្លារនៅខែកញ្ញាមកដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំដោយសារធនាគារកណ្តាលរបស់ប្រទេសចិនបានចំណាយប្រាក់ច្រើនដើម្បីការពាររូបិយប័ណ្ណរបស់ខ្លួនទប់ទល់នឹងលំហូរចេញមូលធន។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលចិន។

ធនាគារកណ្តាលចិនបានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រកន្លងទៅនេះថាចំនួនប្រាក់បម្រុងជារូបិយប័ណ្ណបរទេសដែលមានទំហំច្រើនជាងគេនៅក្នុងពិភពលោកនេះបានធ្លាក់ចុះមកនៅក្រោម ៣,១៧ ពាន់ពាន់លានដុល្លារពោលគឺមានចំនួនទាបជាងការព្យាករជាមធ្យមរបស់អ្នកវិភាគស្ថិតក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបង្ហាញថាអាចនឹងមានចំនួន ៣,១៨ ពាន់ពាន់លានដុល្លារ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថាវាគឺជាការធ្លាក់ចុះ ៣ លើកជាប់គ្នាហើយបានធ្វើឲ្យប្រាក់បម្រុងកាតព្វកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកមួយនេះធ្លាក់ចុះដល់កម្រិតទាបបំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ ២០១១ មក។

ក្រុមអ្នកវិភាគបានឲ្យដឹងថាការធ្លាក់ចុះនេះបានបង្ហាញថាប្រទេសចិនកំពុងលក់រូបិយប័ណ្ណបរទេសដើម្បីទិញយកប្រាក់យន់របស់ខ្លួននៅពេលដែលមានលំហូរមូលធនដែលត្រូវបានជំរុញដោយការស្ទុះងើបសេដ្ឋកិច្ចយឺតនៅក្នុងប្រទេសនេះ។

ទិន្នន័យនេះបានចេញផ្សាយរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចូលជាផ្លូវការរបស់ប្រាក់យន់ក្នុងកញ្ចប់រូបិយប័ណ្ណ SDR របស់មូលនិធិរូបិយវត្ថុអន្តរជាតិដែលជាជោគជ័យដ៏ធំមួយចំពោះក្រុមអ្នកបង្កើតគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលកំពុងព្យាយាមបង្កើនការប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួនជាលក្ខណៈអន្តរជាតិ។

លោក Julian Evans-Pritchard បម្រើការនៅក្រុមហ៊ុន Capital Economics បានឲ្យដឹងថានៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមុនពេលមានការដាក់បញ្ចូលជាផ្លូវការរបស់ប្រាក់យន់ក្នុងកញ្ចប់រូបិយប័ណ្ណ SDR ធនាគារកណ្តាលរបស់ប្រទេសចិនបានចំណាយថវិកាយ៉ាងច្រើនដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់យន់សរុបមានចំនួនប្រហែល ២៧ ពាន់លានដុល្លារកាលពីខែមុន៕

ប្រភព ៖ postkhmer

  • ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស​ចិន​ ធ្លាក់​ចុះ​​​ ១៩ ​ពាន់​លាន​ដុល្លារ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: