ហ្វីលីពីន សំឡឹង​ឱកាស​វិនិយោគ​ច្រើន​ពី​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់លោក Duterte ទៅកាន់​ចិន និពន្ធដោយ : ទេព អ៊ីវិសាល       October-10-2016, 4:27 pm         196

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ហ្វីលីពីន សំឡឹង​ឱកាស​វិនិយោគ​ច្រើន​ពី​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់លោក Duterte ទៅកាន់​ចិនលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ជជែកជាមួយនឹងលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នាពេលកិច្ចប្រជុំអាស៊ាន (រូបភាព៖ China Daily)​នៅ​ស​ប្តា​ហ័៍​ក្រោយនេះ ប្រមុខរដ្ឋ​ហ្វីលីពីន លោក Rodrigo Duterte នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​ទៅកាន់​ចិន​ហើយ​។ វា ក៏​ជា​លើកដំបូង​ហើយ ដែល​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស ដែល​មិន​ស្ថិតនៅក្នុង​តំបន់​អាស៊ាន​នោះ​។ ដំណើរ​ឆ្ពោះទៅកាន់​ចិន​របស់លោក​ប្រធានាធិបតី ខណៈ ដែល​លោក កំពុងតែ​រិះគន់ ក៏ដូចជា​បង្ហាញ​ពី​ចេតនា​ដើរ​ចេញពី​សម្ព័ន្ធ​ភាពជា​មួយ​«​អាមេរិក​» បាន​ក្លាយជា​សំណួរ​ថា​តើ ហ្វីលីពីន​អាច​ចំណេញ​បាន​អ្វីខ្លះ​ចំពោះ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ន​យោ​ការបរទេស​ផងដែរ​នោះ​?

​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ជា​លើកដំបូង​នៅ​ថ្ងៃទី​១៩-២១ ខែតុលា​ខាងមុខ​ដ៏​ខ្លី​នេះ​។ តាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ហ្វីលីពីន លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​កៀងគោ វិនិយោគ​គិ​ន​ពី​ប្រទេស​ចិន​ដើម្បី​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ក្នុងតម្លៃ​រាប់លាន​ដុល្លារ​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន Reuters លោក​ដ្ឋ​មន្ត្រី​ហិរញ្ញ​ហ្វីលីពីន Carlos Dominguez បាន​បញ្ជាក់ថា លោក Duterte នឹង​ជជែក​ពី​សក្តា​ពល​របស់​ហ្វីលីពីន​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​ចិន​មកលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ហ្វីលីពីន ជាពិសេស​នោះ​លើ​ការតភ្ជាប់​ផ្លូវ​រថភ្លើង​របស់​រដ្ឋធានី​ម៉ានីល​ជាមួយនឹង​តំបន់​ជាយក្រុង​មួយចំនួន ក៏ដូចជា​គម្រោង​ផ្សេងទៀត ដែល​លោក រដ្ឋមន្ត្រី អះអាងថា គម្រោង​ទាំងនោះ នឹងមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ទៀតផង​។​

​លោក​រដ្ឋមន្ត្រី អះអាងថា មធ្យោបាយ​មួយ​សម្រាប់​ការមកដល់​របស់​ការ​វិនិយោគ​ចិន អាច​ទៅកាន់​ហ្វីលីពីន​បាន​តាមរយៈ​កម្ចី​សម្រាប់​ការអភិវឌ្ឍ​ថ្មី​ពី​ក្រុង​ប៉េកាំង ដែលមាន​ឈ្មោះថា ធនាគារ​វិនិយោគ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​អាស៊ី (AIIB) ហើយ លោក ក៏​សង្ឃឹមថា សភា​ហ្វីលីពីន នឹង​ផ្តល់​សច្ចាប័ន​សម្រាប់​រដ្ឋា​ភិ​បាល​ក្នុងការ​ទទួលបាន​សមា​ជិ​ក​ភាព​នៃ​ធនាគារ​នោះ​ផងដែរ​។ AIIB គឺជា​ធនាគារ​ដែល​ផ្តួចផ្តើមឡើង​ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ផ្តល់​លទ្ធភាព​ឲ្យ​សមាជិក​ខ្លួន​ក្នុងការ​ទទួលបាន​កម្ចី​ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។

​ទន្ទឹមនឹង​ការ​បង្ហើប​ពី​ផែនការ​មួយចំនួន​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​ទៅកាន់​ចិន រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រូបនោះ ក៏បាន​ច្រាន​ចំពោះ​ការព្រួយបារម្ភ​ពី​ការធ្លាក់ចុះ​នៃ​ការវិនិយោគ​ទៅកាន់​ហ្វីលីពីន​ដោយសារតែ​គោលនយោបាយ​ការបរទេស​ប្រឆាំង​ទៅនឹង​អាមេរិក​ក្នុង​រយៈពេល​ចុងក្រោយ​របស់លោក​ប្រធានាធិបតី Duterte ផងដែរ​។ លោក ប្រាប់ថា ទំនាក់ទំនង​រវាង​អាម​រិ​ក និង​ហ្វីលីពីន នៅតែមាន​ភាពស្អិតល្មួត​ដដែល ដ្បិត​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង​គ្រួសារ និង​អាជីវកម្ម​ជាមួយនឹង​គ្នា​យូរណាស់​មកហើយ​។

​សូម​ជម្រាប​ផងដែរ​ថា គិត​ចាប់ពី​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​មក លោក Rodrigo Duteter មិនដែល​សរសើរ ឬ​និយាយ​អ្វី​ល្អ​ម្តង​ឡើយ​ពី​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​តាម​សន្ធិសញ្ញា​នោះ​។ លោក បាន​ប្រើពាក្យ​អសុរោះ និង​ជេរប្រមាថ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ថែមទាំង​ព្រមាន​ដើរចេញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​អាមេរិក​ក្នុងពេល​ណាមួយ​ទៀតផង ដោយ​អះអាង ថា ហ្វីលីពីន នៅមាន​ចិន និង​រុស្ស៊ី​ស្វាគមន៍​ជានិច្ច​។ សក្ខីកម្ម​នៃ​ការ​ប្រះ​ឆា​នៃ​ទំនាក់ទំនង​ហ្វីលីពីន​-​អាមេរិក បានឃើញ​យ៉ាងច្បាស់​បន្ថែមទៀត​ក្រៅពី​ការប្រើ​ពាក្យសម្តី ហើយ​នោះ គឺ លោក Duterte បានជ្រើសរើស​ចិន​ជា​ប្រទេស​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​ក្រៅ​តំបន់​អាស៊ីអាគ្នេយ៍​។ លោក Duterte កន្លងមក បាន​បំពេញ​ទស្សនកិច្ច​បី​ប្រទេស​រួចហើយ​ដែល​ក្នុងនោះ​សុទ្ធតែជា​ប្រទេស​មិត្ត​អាស៊ាន​រួមមាន ឡាវ ឥណ្ឌូនេស៊ី និង​វៀតណាម​។

​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​របៀបវារៈ​លាក់លៀម​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ចិន​?
​តាមពិតទៅ បើ​និយាយ​ពី​ទំនាក់ទំនង​ចិន និង​ហ្វីលីពីន គេ​មិនដែល​ភ្លេច​ឡើយ ពី​បញ្ហា​ចម្រូងចម្រាស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​មាន​ភាព​ប្រះ​ឆា​ខ្លាំង​នៅក្នុង​រដ្ឋបាល​របស់លោក​អតីត​ប្រធានាធិបតី​ហ្វីលីពីន Benigno Aquino​។ ជាពិសេស​នោះ ប្រទេស​ទាំងពីរ កាន់តែ​មិនត្រូវ​គ្នា​លើ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​បានសម្រេច​នៅ​ខែកក្កដា​កន្លង​ទៅដោយ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​ចិន តាម​បណ្តឹង​របស់លោក Aquino​។ ចិន បាន​ជំទាស់​យ៉ាង​ដាច់ខាត និង​ថែមទាំង​មោឃភាព​សាលក្រម​នោះ​ទៀតផង​។

​ជុំវិញ​បញ្ហា​នេះដែរ លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ មិនទាន់​និយាយ​ច្បាស់លាស់​នៅឡើយ ថា​តើ​លោក Duterte នឹង​ជជែក​ជាមួយ​ចិន ក្នុង​កម្រិតណា​នោះទេ​។ លោក គ្រាន់តែ​បញ្ជាក់ថា លោក Duterte នឹង​ជជែក​ជាមួយនឹង​ចិន​ក្នុង​គោលដៅ​ដើម្បី​ប្រយោជន៍​រួម តែ មិន​ធ្វើ​ឲ្យ​ចិន​បាក់មុខ​ដោយសារតែ​សេចក្តីសម្រេច​នោះឡើយ ដ្បិត ចិន ក៏​ជា​អ្នក​ជិត​របស់​ហ្វីលីពីន ហើយ ហ្វីលីពីន ក៏​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ចិន​ផងដែរ​នោះ​។

​ចិន ទិញ​ទឹកចិត្ត​ហ្វីលីពីន មុនពេល​លោក Duterte បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ប៉េកាំង​?
​ងាក​មក​ចាប់​អាម​រ្ម​ណ៍​ផលប្រយោជន៍​សេដ្ឋកិច្ច​វិញ​ម្តង ! មុនពេល​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Duterte ទៅកាន់​ចិន រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានប្រកាស​ដកចេញ​នូវ​ការ​រិត​ដ្បិត​លើ​ក្រុមហ៊ុន​ហ្វីលីពីន​ដែល​នាំចេញ​ផលិតផល​កសិកម្ម​ដ៏​សំបូរបែប​ទៅកាន់​ចិន​ទៀតផង​។ ផលិតផល​ទាំងនោះ ភាគច្រើន​ត្រូវបាន​នាំ​ចេញពី​ខេត្ត​កំណើត​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​តែម្តង​។

​រដ្ឋមន្ត្រី​កសិកម្ម​ហ្វីលីពីន Emmanuel Piñol នៅ​ថ្ងៃទី​០៧ ខែតុលា​កន្លងទៅ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​មុន​ពីរ​សប្តាហ៍ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ហ្វីលីពីន​ទៅកាន់​ចិន រដ្ឋាភិបាល​ចិន បានប្រកាសថា ចិន នឹង​ដក​ការ​រឹតត្បិត​លើ​ក្រុមហ៊ុននាំចេញ​ចេក និង​ម្នាស់​ពី​ហ្វីលីពីន​ហើយ​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន ABS-CBN  ដែល​បាន​ដកស្រង់​សម្តី​លោក​រដ្ឋ​ម​ន្រី្ត​ដែល​និយាយ​ដែរ​ថា ក្រៅពី​ចេក និង​ម្នាស់ ចិន ក៏​នឹង​បើក​ទីផ្សារ​សម្រាប់​ហ្វីលីពីន​លើ​ទំនិញ​កសិកម្ម​ផ្សេងទៀត​ដូចជា ស្វាយ ដូង និង​ស្រកានាគ​ផងដែរ​។​

​សូម​រម្លឹក​ផងដែរ​ថា ចិន បាន​បិទ​ទីផ្សារ​នៃ​ការនាំចេញ​ចេក និង​ម្នាស់​លើ​ហ្វីលីពីន​តាំងពី​មាន​ភាព​តានតឹង​នៅ​ឆ្នាំ​២០១២​មកម្ល៉េះ​។ ពេលនោះ ហ្វីលីពីន និង​ចិន បាន​មានការ​ប៉ះទង្គិច​ផ្នែក​ការទូត​ជាមួយគ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ខ្លាំង ដែល​ពេល​នោះដែរ ផ្លែឈើ​ហ្វីលីពីន​រាប់ពាន់​តោន ត្រូវបាន​បំផ្លាញ​នៅ​កំពង់ផែ​របស់​ចិន​។ ចិន គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ផលិតផល​ចេក​របស់​ហ្វីលីពីន​។ បើ​យោងតាម​ការិយាល័យ​ដាំ​ដុះ​ហ្វីលីពីន នៅ​ឆ្នាំ​២០១១ ហ្វីលីពីន បាន​នាំចេញ​ចេក​ទៅកាន់​ចិន​ក្នុងតម្លៃ​រហូតដល់​៦០​លាន​ដុល្លារ​ឯណោះ​៕