ស្ថានភាព​សុខភាព​របស់​ស្ដេច​ថៃ ស្ថិត​ក្នុង​ភាព​«បន្ទាន់»

ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុយ៉ាដេត (Bhumibol Adulyadej) ដែលមានជំងឺ តាំង​ពី​ច្រើន​ខែ​មក​ហើយ បាន​មាន​ព្រះរាជ​សុខភាព នៅ​ក្នុង​សភាព​គួរ​ឲ្យ​បារម្មណ៍ នៅចុង​សប្ដាហ៍​នេះ។ ព្រះ​បរម​រាជវាំង​ថៃ បាន​ប្រកាស​ថា ព្រះអង្គ​កំពុង​ស្ថិត​​ក្នុង​ការ​សង្គ្រោះ​ដ៏​ដិត​ដល់ ដោយ​មាន​ជំនួយ ពី​ខ្យល់​អុកស៊ីសែន សម្រាប់​ដក​ដង្ហើម។
ស្ថានភាព​សុខភាព​របស់​ស្ដេច​ថៃ ស្ថិត​ក្នុង​ភាព​«បន្ទាន់»

ពលរដ្ឋថៃ ដែលមានពាក់អាវ«លឿង» បានបង្ហាញពីព្រះឆាយាលក្ខណ៍ របស់ព្រះបាទ ភូមិបុល អាឌុយ៉ាដេត។ (រូបថតឯកសារ)

ព្រះបាទ ភូមិបុល អាឌុយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រថៃ ដែលមានព្រះជន្មាយុ ៨៨ព្រះ​វស្សា និងដែលកំពុងសម្រាក ព្យាបាលព្រះឈួន​នៅក្នុងមន្ទីរពេទ្យ តាំងពីពីរឆ្នាំមកនោះ ត្រូវបានដាក់​ឲ្យ​​សង្គ្រោះ​ជា​បន្ទាន់ ដោយមានជំនួយពីខ្យល់អុកស៊ីសែន សម្រាប់ដកដង្ហើម នៅក្នុងសប្ដាហ៍នេះ។ នេះបើតាម​ការ​ប្រកាស​ឲ្យ​ដឹង របស់ព្រះបរមរាជវាំងថៃ កាលពីថ្ងៃអាទិត្យ ដោយបានបញ្ជាក់ទៀតថា​ ស្ថានភាពសុខភាពរបស់ទ្រង់ មិន​មាន​ភាព​«នឹងនរ»ទេ។

ព្រះមហាក្សត្រ ភូមិបុល អាឌុយ៉ាដេត ដែលគ្រងរាជ្យតាំងពី៧០ឆ្នាំមកនោះ ទទួលបានការគោរពដ៏ខ្លាំងក្លា ពី​សំណាក់​ប្រជានុរាស្ត្រថៃ ប៉ុន្តែទ្រង់មិនបាន​បង្ហាញ​ព្រះកាយ​ជា​សាធារណៈ ប្រមាណ​ជា១ឆ្នាំហើយ ដោយសារ​ព្រះ​រាជ​សុខភាពរបស់ទ្រង់ បានធ្លាក់​ចុះខ្សោយខ្លាំង។

សេចក្ដីប្រកាសព័ត៌មាន របស់ព្រះបរមរាជវាំង បានសរសេរឲ្យដឹងទៀតថា៖ «ក្រុមគ្រូពេទ្យ កំពុងត្រួតពិនិត្យ​យ៉ាងដិតដល់ នូវអាការៈរោគ ហើយធ្វើការព្យាបាលទ្រង់ ដោយការប្រុងប្រយ័ត្នជាទីបំផុត ដោយ​សារ​តែ​អាការៈ​រោគ ក្នុងព្រះកាយព្រះអង្គ មានលក្ខណៈមិននឹងនរសោះឡើយ»។

បើទោះជាការប្រកាស របស់ព្រះបរមរាជវាំង ទាក់ទងនឹងព្រះរាជសុខភាព នៃអង្គព្រះមហាក្សត្រ មិនមែន​ទើប​តែត្រូវបានធ្វើ ជាលើកទីមួយក៏ដោយ តែដំណឹងចុងក្រោយនេះ បានបង្កការព្រួយបារម្ភ ទៅដល់​ប្រទេស​ថៃ​ទាំង​មូល ជាពិសេសទៅលើអង្គព្រះរាជបុត្ររបស់ទ្រង់ ដែលត្រូវឡើងមកស្នងរាជ្យ។ ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ា​ឡុង​កន (Maha Vajiralongkorn) ដែលជារាជទាយាទ​តាមច្បាប់នោះ មិនមានប្រជាប្រិយភាព​​ប៉ុន្មាន​ទេ នៅ​ក្នុង​ប្រទេស​របស់ទ្រង់។

» អានអត្ថបទដែលទាក់ទង៖ រាជទាយាទថៃ បង្ក​​ភាព​​អាម៉ាស់​ដល់​​រាជា​​ណាចក្រ

ក្រុមអ្នកអន្ទ្រើសៗ ជាពិសេសក្រុមអាមាត្រថៃ តែងបារម្ភពីការស្រុតចុះ នៃឥទ្ធិពលព្រះមហាក្សត្រ ហើយ​តែង​ធ្វើអ្វី​គ្រប់​យ៉ាង រាប់ទាំងផ្លូវតុលាការផង ដើម្បីបំបាត់សម្លេង ដែលនិយាយប៉ះពាល់ ដល់ព្រះមហាក្សត្រ ឬ​ព្រះ​ញាតិ​វង្ស (បើសូម្បីសត្វឆ្កែ) តាមរយៈច្បាប់«លិតព្រះបាត»មួយ របស់ព្រះរាជាណាចក្រ។ រដ្ឋប្រហា​យោធា នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤ ក៏ត្រូវបានរៀបចំធ្វើឡើង ដោយ​ក្រុមមេដឹកនាំយោធា ដែលស្និតនឹង​ព្រះ​បរម​រាជវាំងដែរ មុននឹងក្រុមនេះដដែល ឡើងកាន់អំណាចដោយខ្លួនឯង រហូត​មក​ដល់​សព្វ​ថ្ងៃ៕