នាវា​នេសាទ​ចិន​បុក​នាវា​កង​ឆ្មាំ​ឆ្នេរសមុទ្រ​កូរ៉េ​ខាងត្បូង​មួយ​លិច

យោង​តាម YONHAP ថា នាវា​នេសាទ​ចិន​មួយ​គ្រឿង​ដែល​ចូល​មក​នេសាទ​ត្រី​ខុសច្បាប់​ក្នុង​ដែនទឹក​កូរ៉េ​ខាងត្បូង​បាន​បុក​លិច​នាវា​មួយ​គ្រឿង​របស់​កង​ឆ្មាំ​ឆ្នេរ​ស​មុ​ុ​ទ្រ​កូរ៉េ​ខាងត្បូង​មុន​ពេល​បើក​រត់ ។

ក្រោយ​ឧប្បត្តិ​ហេតុនេះ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​កោះហៅ​អ្នក​ទទួលខុសត្រូវ​ខាង​ការទូត​ចិន​ម្នាក់ ។  ឧប្បត្តិហេតុ​នោះ​កើត​មាន​កាលពី​ថ្ងៃ​ទី​៧ តុលា កន្លង​មកនេះ​វេលា​ម៉ោង​១៥​ម៉ោង​ក្នុងស្រុក​នៅ​កន្លែង​មួយ​ចម្ងាយ​៧៦​គ​.​ម ភាគ​និរតី កោះ SOCHEONG ។ នាវា​ចំណុះ​៤,៥​តោន​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ប៉ុនប៉ង​ចាប់​នាវា​នេសាទ​ចិន​មួយ​គ្រឿង​ស្រាប់តែ​នាវា​នេសាទ​ចិន​ទី​២​បើក​បុក​ពីក្រោយ​បណ្តាល​ឱ្យ​នាវា​នោះ​លិច ។ ទោះបី​យ៉ាងណា ពុំ​មាន​សេចក្តីរាយការណ៍​ពី​អ្នក​របួស​ណា​ម្នាក់​ឡើយ ។ សមាជិក​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ម្នាក់​ស្ថិត​លើ​នាវា​ពេល​លិច ខណៈ​សមាជិក​ឯទៀត​ស្ថិត​លើ​នាវា​ចិន​ដែល​ពួក​គេ​ប៉ង​ចាប់ ។ នាវា​មួយ​គ្រឿង​ទៀត​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​បាន​មក​ជួយ ។ មាន​នាវា​នេសាទ​ចិន ដល់​ទៅ​៤០​គ្រឿង ចូល​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​កូរ៉េ​ខាងត្បូង​នៃ​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​ពេល​កើត​ឧប្បត្តិហេតុ​នោះ ៕