ព្យុះ Matthew វាយប្រហារដល់អាមេរិក សម្លាប់មនុស្សយ៉ាងហោចណាស់អស់ ១០នាក់ (មានវីដេអូ)

អាមេរិក៖ បន្ទាប់ពីព្យុះដ៏កាចសាហាវ Matthew ទើបតែបានបើកការវាយប្រហារយ៉ាងខ្លាំងក្លា មកលើប្រទេសហៃទី រហូតសម្លាប់មនុស្សអស់ប្រមាណជាង ៩០០នាក់ កាលពីពេលប៉ុន្មានថ្ងៃមុននេះ ពេលនេះព្យុះដែលមានល្បឿនខ្លាំង លំដាប់ទី២នេះ ក៏កំពុងតែបន្តការវាយប្រហារ បោកបក់យ៉ាងវឹកវរ មកកាន់រដ្ឋមួយចំនួន នៅទឹកដីសហរដ្ឋអាមេរិក និងថែមទាំងឆក់យកជីវិតមនុស្ស អស់ជាច្រើននាក់ផងដែរ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ទី០៨ តុលាកន្លងទៅនេះ ព្យុះ Matthew បានវាយប្រហារមកកាន់តំបន់ជួរមាត់សមុទ្រអាត្លង់ទិច ភាគខាងត្បូងរដ្ឋ Carolina សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សអស់ប្រមាណ យ៉ាងហោចណាស់ ១០នាក់មកហើយ។

តាមរយៈប្រភពទទួលបាន ក្នុងនោះអ្នកស្លាប់ចំនួន ៣នាក់ រស់នៅភាគខាងជើងរដ្ឋ Carolina រីឯ៣នាក់ទៀតរស់នៅរដ្ឋ Georgia និង៤នាក់ផ្សេងទៀតរស់នៅរដ្ឋ Florida ។ ក៏មានសេចក្តីព្រមានពីរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋ  រស់នៅក្បែរតំបន់ឆ្នេរ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

ប្រភពបន្តថា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅនេះ អភិបាលរដ្ឋ Carolina អ្នកស្រី Nikiki Haley ក៏បានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចាកចេញពីផ្ទះសំបែងរបស់ពួកគេ និងស្វែងរកទីជម្រកដើម្បីស្នាក់នៅ ជាបណ្តោះអាសន្នសិន រង់ចាំសភាពការណ៍ត្រឡប់មក ជាប្រក្រតីវិញផងដែរ។

ព្យុះ Matthew ដែលបានវាយប្រហារមកលើទឹកដី សហរដ្ឋអាមេរិកនេះ បានបង្កឲ្យមានការបាក់ស្រុតដីនៅក្បែរទីក្រុង McClellanville ជាច្រើនកន្លែងស្ថិតនៅភាគខាងត្បូងរដ្ឋ Carolina ចំងាយប្រមាណ ៤៨គីឡូម៉ែត្រ ពីទីក្រុង Charleston ដែលធ្លាប់ទទួលរងការបំផ្លិចបំផ្លាញ ដោយព្យុះកំណាចនេះ កាលពីអំឡុងឆ្នាំ១៩៨៩ ផងដែរ។

គួរឲ្យដឹងថាកាលពីថ្ងៃសុក្រកន្លងទៅ កម្លាំងខ្យល់ព្យុះ Matthew បានចាប់ផ្តើមវាយប្រហារយ៉ាងខ្លាំងក្លា មកកាន់តំបន់ភាគកណ្តាល និងតំបន់ភាគខាងជើងនៃរដ្ឋ Florida ឥតឈប់ឈរ។ ដើមឈើ និងបង្គោលភ្លើងអគ្គីសនី ជាច្រើនកន្លែងត្រូវបានផ្ទុះនិងដួលរលំ ខណៈផ្ទះសំបែងរបស់ប្រជាពលរដ្ឋប្រមាណ ១.៦លានខ្នង និងការងារជីវកម្មជាច្រើនកន្លែង នៅតំបន់ភាគខាងត្បូងនៅអាមេរិកនេះ ក៏ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងក្លាផងដែរ ហើយភាគច្រើនគឺនៅក្នុងរដ្ឋ Florida តែម្តង៕

ទស្សនាវីដេអូ៖   

ប្រភព ៖

កំណតហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ។

បើតាមប្រភពបានឲ្យដឹងថា រយៈពេលជិត១ទសវត្សរ៍ចុងក្រោយ ព្យុះ Matthew នេះ គឺកាន់តែមានឥទ្ធិពល កម្លាំងខ្លាំងក្លាជាងមុនទ្វេដង អាចចាត់ចូលជាប្រភេទព្យុះ​ដែលមានកម្លាំងខ្លាំងលំដាប់ទី២ ក្នុងចំណោមព្យុះទាំងអស់។ ខណៈប៉ុន្មានថ្ងៃមកនេះ ព្យុះប្រភេទនេះ ក៏បានធ្វើការវាយប្រហារមកលើតំបន់ឆ្នេរ Caribbean ដោយបានបំផ្លិចបំផ្លាញប្រទេស បាណាម៉ា (Bahamas) ក្រោយមក ក៏បន្តការវាយប្រហារមកលើប្រទេសហៃទី និងគុយបា។

សេចក្តីរាយការណ៍ពីខាងមន្រ្តីរដ្ឋាភិបាលហៃទី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ឲ្យដឹងថា ចំនួនអ្នកស្លាប់ រហូតដល់ទៅ ២៨៣នាក់ហើយ និងមានការកើនឡើងជាលំដាប់។ ក្នុងនោះ មានមនុស្សចំនួន៥០នាក់ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថា បានស្លាប់ដោយបាតុភូតខ្យល់ព្យុះមួយនេះ ក្នុងតំបន់ Roche-a-Bateau នៃប្រទេសហៃទីផងដែរ។

ដោយឡែក តាមសេចក្តីរាយការណ៍ ក្នុងប្រទេស Bahamas ក៏បានឲ្យដឹងថាដែរថាព្យុះ Matthew នេះ បានធ្វើឲ្យដើមឈើជាច្រើនដើម រួមទាំងបង្គោលភ្លើងអគ្គីសនីជាច្រើនកន្លែងទៀត គឺសុទ្ធសឹងតែត្រូវបានដួលរលំ ខ្ទេចគ្មានសល់។ ប៉ុន្តែមិនមានតួលេខអ្នកស្លាប់ ត្រូវបានរាយការណ៍នោះទេ។

សម្រាប់នៅក្នុងប្រទេសហៃទីវិញ ភាគច្រើនអ្នកស្លាប់ គឺជាប្រជាជនរស់នៅតាមទីប្រជុំជន និងជាអ្នកនេសាទជាដើម ដែលពួកគេទាំងអស់នោះ រស់នៅក្បែរភាគខាងត្បូងនៃតំបន់ឆ្នេរ។ ប្រជាជនជាច្រើន ត្រូវបានស្លាប់ដោយសារតែបាក់ដើមឈើ ដួលសង្កត់ពីលើ និងកាកសំណល់កម្ទេចកម្ទី (អំបែង) ផ្សេងៗជាច្រើនទៀត ហោះប៉ះត្រូវ រួមទាំងស្លាប់ដោយសារលង់ទឹកជាដើម។

លើសពីនេះ ទីក្រុងសំខាន់ៗនៅ Peninsula ត្រូវបានគេមើលឃើញថា អគារប្រមាណ ៨០ភាគរយទៅហើយ ត្រូវបានរងការលេចលង់។ ខណៈផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាច្រើនប្រមាណ ៣០,០០០ខ្នងទៀត ក្នុងខេត្ត Sud ក៏ត្រូវបានរងការបំផ្លិចបំផ្លាញ យ៉ាងដំណំផងដែរ។

អ្នកនាំពាក្យខាងកាកបាទក្រហមអាមេរិក (American Red Cross) អ្នកស្រី Suzy DeFrancis មានប្រសាសន៍ឲ្យដឹងថា អ្នកស្រីនឹងគិតគូរលើបញ្ហាបច្ចេកវិទ្យា ដើម្បីជួយដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យបណ្តាញទំនាក់ទំនងទូរស័ព្ទ ដំណើរការឡើងវិញ ក្នុងតំបន់រងគ្រោះផងដែរ។

អ្នកស្រីបន្តទៀតថា «ពួកយើងនឹងផ្តល់ជំនួយ ជាស្បៀងអាហារ និងផ្តល់ការផ្គត់ផ្គង់ទៅលើសម្ភារៈប្រើប្រាស់។ ព្រោះថាគ្រួសារមួយចំនួនត្រូវការនូវ ឧបករណ៍ផ្ទះបាយជាច្រើន ដើម្បីធ្វើការចំអិនអាហារ ដែលប្រកបដោយអនាម័យ ព្រោះថាពួកយើងយកចិត្តទុកដាក់ និងព្រួយបារម្ភយ៉ាងខ្លាំង អំពីជំងឺអាសន្នរោគ។ ដូច្នេះពួកយើងនឹងផ្តល់ជំនួយបន្ថែម ជាធុងទឹកសម្រាប់ធ្វើការចម្រុះឲ្យបានស្អាត មុនពេលទទួលទានផងដែរ»។

គួរឲ្យដឹងថា ព្យុះ Matthew នេះ នឹងវិលត្រលប់មកជាថ្មីម្តងទៀត ជាមួយនឹងល្បឿនខ្លាំងជាងមុនទ្វេដង ហើយវានឹងបន្តវាយប្រហារបោកបក់ ទៅកាន់រដ្ឋផ្លរីដា ទឹកដីសហរដ្ឋអាមេរិកផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្យុះ Matthew វាយប្រហារដល់អាមេរិក សម្លាប់មនុស្សយ៉ាងហោចណាស់អស់ ១០នាក់ (មានវីដេអូ)

ព្យុះ Matthew វាយប្រហារដល់អាមេរិក សម្លាប់មនុស្សយ៉ាងហោចណាស់អស់ ១០នាក់ (មានវីដេអូ)

ព្យុះ Matthew វាយប្រហារដល់អាមេរិក សម្លាប់មនុស្សយ៉ាងហោចណាស់អស់ ១០នាក់ (មានវីដេអូ)