អាជីវកម្ម​អេឡិចត្រូនិក អាច​ចំណេញ​កប់​បើ​ដើរ​ត្រូវ

អាជីវកម្ម​បែប​អេឡិចត្រូនិក (E-Commerce) ជា​ជំនួញ​អនឡាញ​ផ្ដល់​ផល​ចំណេញ​យ៉ាង​ច្រើន ទាំង​សម្រាប់​អ្នក​លក់​និង​សេដ្ឋកិច្ច​ប្រទេស។

 

អាជីវកម្ម​អេឡិចត្រូនិក អាច​ចំណេញ​កប់​បើ​ដើរ​ត្រូវ

 

លោក សុខេង មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ បាន​ថ្លែង​ក្នុង​កម្មវិធី ព័ត៌មាន​វិទ្យា​ពាណិជ្ជកម្ម (Cloud Business) ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត ដូច្នេះ​ថា ការ​ធ្វើ E-Commerce ផ្ដល់​អត្ថប្រយោជន៍ ខុស​ពី​ជំនួញ​បែប​បុរាណ ព្រោះ​វា​មិន​ត្រូវ​ការ​ទុន​សម្រាប់​បើក​ទីតាំង និង​ប្រើ​បុគ្គលិក​ច្រើន។ ជាក់ស្តែង Jack Ma ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Alibaba ប្រែ​ក្លាយ​ពី​គ្រូ​បង្រៀន​ភាសា​អង់គ្លេស មក​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក មាន​ប្រាក់​ពាន់​លាន​ដុល្លារ​លំដាប់។

 

អ្វី​ដែល​សំខាន់​បំផុត លោក សុខេង ថា​អ្នក​បើក​អាជីវកម្ម​នេះ​ផ្ទាល់​ត្រូវ​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ ផ្តល់​ទំនុក​ចិត្ត​ដល់​អតិថិជន មាន​ផលិតផល​ល្អ និង​មាន​វិបសាយ​ស្អាត​មួយ​សម្រាប់​ទុក​លក់​ផលិតផល។ លោក ថា អ្នក​លក់​ទំនិញ​អនឡាញ​ខ្លះ​នៅ​បរទេស មិន​ទាំង​មាន​ទីតាំង​ល្អ ក៏​អាច​កើប​លុយ​ពី​ការ​លក់​ផលិតផល​លើ​អ៊ីនធឺណិត​បាន​ដែរ។

 

លោក​ថា កាល​ណា​ជំនួញ E-Commerce ផុលផុស​ខ្លាំង ជីវភាព​ប្រជាជន​កាន់​តែ​ប្រសើរ ជា​ហេតុ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ដើរ​លឿន​ទៅ​តាម​នោះ​ដែរ។ ជាក់ស្ដែង​ក្រុមហ៊ុន Alibaba របស់​មហាសេដ្ឋី Jack Ma ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ចិន​រីក​ចម្រើន​លឿន និង​ក្លាយ​ជា​ប្រទេស​មាន​អត្រា​លក់​ទំនិញ​អនឡាញ​ធំ​មួយ​ក្នុង​លោក។

 

យ៉ាងណា លោក​ថា ដោយ​សារ E-Commerce នៅ​កម្ពុជា​រាង​ថ្មី​ថ្មោង ដូច្នេះ​ច្បាប់​អាជីវកម្ម E-Commerce នៅ​ក៏​មិន​ទាន់​អនុវត្ត​បាន​ត្រឹមត្រូវ​និង​រលូន ដែល​អាច​ជា​ឧបសគ្គ​ខ្លះៗ​សម្រាប់​អាជីវកម្ម​មួយ​នេះ។

 

លោក​ថា ប្រមាណ ៥ ឆ្នាំ​ទៅ​មុខ E-Commerce ក្នុង​ប្រទេស​នឹង​ដំណើរការ​យ៉ាង​ផុលផុស ហើយ​កម្ពុជា​នឹង​អាច​ទាញ​បាន​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ពី​ជំនួញ​នេះ៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត