ប្រវត្តិសាស្រ្ត​ពិភពលោក Podcast តេងស៊ាវពីង​និង​កំណែទម្រង់​សេដ្ឋកិច្ច​ចិន

ប្រវត្តិសាស្រ្ត​ពិភពលោក Podcast តេងស៊ាវពីង​និង​កំណែទម្រង់​សេដ្ឋកិច្ច​ចិន

នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តរៀបរាប់អំពីប្រវត្តិសាស្រ្តចិនសម័យទំនើប ដោយលើកឡើង អំពីឥស្សរជនមួយរូប ដែលល្បីឈ្មោះ នៅក្នុងការធ្វើកំណែទម្រង់នាំឲ្យសេដ្ឋកិច្ចចិនរីកចម្រើនរហូតមកទល់នឹងពេលបច្ចុប្បន្ន គឺលោក តេង ស៊ាវពីង។គិតត្រឹមឆ្នាំ១៩៧១ ម៉ៅសេទុងបានកម្ចាត់គូប្រជែងរបស់ខ្លួនស្ទើរតែទាំងអស់ នៅក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន។ តេង ស៊ាវពីង ត្រូវបានគេដកតំណែង និងបញ្ជូនឲ្យទៅធ្វើស្រែដើម្បីលត់ដំខ្លួន។ ចំណែកឯមេដឹកនាំកងទ័ពដ៏មានអំណាច គឺ លីន ពៀវ ក៏ត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះ ពេលរត់គេចខ្លួន ក្រោយពីរងការចោទប្រកាន់ថាបានប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ម៉ៅសេទុង។

ប្រវត្តិសាស្រ្ត​ពិភពលោក Podcast តេងស៊ាវពីង​និង​កំណែទម្រង់​សេដ្ឋកិច្ច​ចិន

ក៏ប៉ុន្តែ ការប្រជែងដណ្តើមអំណាចគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនោះ បានធ្វើឲ្យសេដ្ឋកិច្ចចិនត្រូវធ្លាក់ក្នុងសភាពយ៉ាងសែនដុនដាបងើបមុខមិនរួច។តាមការពិត នៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៅនេះ ថ្វីដ្បិតតែម៉ៅសេទុងគិតគូរខ្លាំងតែពីរឿងនយោបាយ ជាពិសេស ពីការបោសសម្អាតផ្ទៃក្នុងបក្ស ដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួន ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ម៉ៅសេទុងក៏បន្តចិញ្ចឹមចិត្តចង់អភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានរីកចម្រើនផងដែរ។

នៅក្រោយពីបានកម្ចាត់គូប្រជែង និងពង្រឹងអំណាចយ៉ាងរឹងមាំក្នុងដៃហើយ ម៉ៅសេទុងក៏បានចាប់ផ្តើមងាកមកគិតគូរស្តារសេដ្ឋកិច្ចវិញម្តង តែនៅពេលនោះ ម៉ៅសេទុងត្រូវប្រឈមមុខនឹងបញ្ហាដ៏ធំមួយ គឺការខ្វះខាតធនធានមនុស្ស ដោយសារតែបដិវត្តន៍វប្បធម៌បានធ្វើឲ្យមន្រ្តីមានសមត្ថភាពល្អៗមួយផ្នែកធំត្រូវបានគេកម្ចាត់ចោល ដោយខ្លះត្រូវស្លាប់ ហើយខ្លះទៀតត្រូវបានដកតំណែង ឬបញ្ជូនឲ្យទៅធ្វើការនៅតាមជំរំលត់ដំ។

ដើម្បីចាត់ចែងបញ្ហាសេដ្ឋកិច្ច ម៉ៅសេទុងរំពឹងលើមនុស្សជំនិតចុងក្រោយ គឺជូ អេនឡាយ ដែលពេលនោះ មានតំណែងជានាយករដ្ឋមន្រ្តី។ ក៏ប៉ុន្តែ ជូ អេនឡាយ ដឹងច្បាស់ថា ដើម្បីអាចស្តារសេដ្ឋកិច្ចឲ្យងើបចេញពីវិបត្តិវិញបាន គឺចាំបាច់ត្រូវតែហៅមន្រ្តីមានសមត្ថភាពឲ្យចូលមកធ្វើការវិញ។ ហេតុដូច្នេះហើយបានជា នៅខែមីនា ឆ្នាំ១៩៧២ ជូ អេនឡាយ បានបញ្ជូនបញ្ជីឈ្មោះមន្រ្តីជាន់ខ្ពស់ជាង ៤រយនាក់ ទៅសុំការឯកភាពពីម៉ៅសេទុង ដើម្បីឲ្យពួកគេវិលត្រឡប់ចូលមកបម្រើការងារវិញ។ សំណើរបស់ជូ អេនឡាយ បានទទួលការឯកភាពភ្លាមៗពីសំណាក់ម៉ៅសេទុង។ ក៏ប៉ុន្តែ នៅពេលនោះ មានឥស្សរជនដ៏មានសមត្ថភាពម្នាក់ ដែលជូ អេនឡាយ ចង់ឲ្យវិលត្រឡប់មកធ្វើការវិញដែរ តែម៉ៅសេទុងនៅមិនទាន់ទុកចិត្ត គឺ តេង ស៊ាវពីង។រហូតទាល់តែប្រមាណជាជិត១ឆ្នាំក្រោយមក គឺនៅខែកុម្ភៈឆ្នាំ១៩៧៣ ទើបម៉ៅសេទុងអនុញ្ញាតឲ្យតេង ស៊ាវពីង បញ្ចប់កិច្ចការលត់ដំខ្លួននៅស្រុកស្រែ ហើយវិលត្រឡប់មកក្រុងប៉េកាំងវិញ។ ក៏ប៉ុន្តែ នៅពេលនោះ តេង ស៊ាវពីង ក៏នៅមិនទាន់ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងណាមួយនោះដែរ។

អ្នកដែលជំទាស់នឹងការវិលត្រឡប់មកកាន់តំណែងរបស់ តេង ស៊ាវពីង នៅពេលនោះ គឺលោកស្រី ជាំង ឈីង ភរិយារបស់ម៉ៅសេទុង និងគូកន ៣នាក់ទៀត ដែលសុទ្ធសឹងជាសមាជិកដ៏មានឥទ្ធិពលនៅក្នុងគណៈអចិន្រ្តៃយ៍បក្ស។ ក៏ប៉ុន្តែ ដោយសារតែមានអន្តរាគមន៍របស់ជូ អេនឡាយ ម៉ៅសេទុងចាប់ផ្តើមដាក់ទំនុកចិត្ត និងប្រគល់កិច្ចការឲ្យតេង ស៊ាវពីងធ្វើឡើងវិញបន្តិចម្តងៗ ហើយនៅឆ្នាំ១៩៧៤ ក្រោយពី ជូ អេនឡាយ ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ដោយជំងឺមហារីក តេង ស៊ាវពីង ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកចាត់ចែងកិច្ចការរដ្ឋជាប្រចាំថ្ងៃជំនួសមុខឲ្យ ជូ អេនឡាយ។ ទោះជាយ៉ាងណា ការវិលត្រឡប់មកកាន់អំណាចរបស់ តេង ស៊ាវពីង មានរយៈពេលត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ។

នៅដើមឆ្នាំ១៩៧៦ ក្រោយពី ជូ អេនឡាយ ទទួលមរណភាព និងដោយមានការចាក់ដោតពីលោកស្រី ជាំង ឈីង ម៉ៅសេទុងក៏បានដកតំណែង តេង ស៊ាវពីង សាជាថ្មីម្តងទៀត។ ក៏ប៉ុន្តែ ប្រមាណជា ៥ខែក្រោយមកទៀត ម៉ៅសេទុងខ្លួនឯងផ្ទាល់ក៏បានទទួលមរណភាព នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦។ មួយខែក្រោយមរណភាពរបស់ម៉ៅសេទុង លោកស្រី ជាំង ឈីង ព្រមទាំងបក្សពួកត្រូវបានចាប់ខ្លួនយកទៅកាត់ទោស ចំណែក តេង ស៊ាវពីង ក៏បានវិលត្រឡប់មកកាន់តំណែងឡើងវិញ។

ក្រោយពីបានឡើងកាន់អំណាច តេង ស៊ាវពីង បានប្រកាសបិទបញ្ចប់បដិវត្តន៍វប្បធម៌របស់ម៉ៅសេទុង ហើយគ្រប់អ្នកដែលត្រូវរងគ្រោះក្នុងបដិវត្តន៍វប្បធម៌ ទោះបីជាអ្នករស់រានមានជីវិតហើយកំពុងជាប់ទោស ឬក៏អ្នកដែលបានស្លាប់ទៅហើយក្តី ត្រូវបានលុបលាងទោសកំហុសចេញវិញទាំងអស់។ខាងផ្នែកសេដ្ឋកិច្ច តេង ស៊ាវពីង បានចាប់ផ្តើមធ្វើកំណែទម្រង់ដ៏សំខាន់មួយ ដែលជាដើមឫសនៃជោគជ័យនៃសេដ្ឋកិច្ចចិនរហូតមកទល់នឹងពេលសព្វថ្ងៃ។ របបកម្មសិទ្ធិឯកជនត្រូវបានបង្កើតឡើងវិញយ៉ាងពេញលេញ។ ប្រជាកសិករចិនមានសិទ្ធិពេញលេញក្នុងការធ្វើកសិកម្មជាលក្ខណៈជន ហើយអាចយកផលដែលផលិតបានទៅលក់នៅលើទីផ្សារ នៅក្នុងតម្លៃដែលកំណត់ដោយការព្រមព្រៀង រវាងអ្នកទិញ និងអ្នកលក់ ស្របទៅតាមយន្តការនៃទីផ្សារសេរី។

លើសពីនេះទៅទៀត ប្រជាជនចិនម្នាក់ៗ មានសិទ្ធិបោះទុនរកស៊ី បង្កើតជាក្រុមហ៊ុនសហគ្រាសជាលក្ខណៈឯកជនសុទ្ធសាធ ដែលជារឿងមិនធ្លាប់មាន ចាប់តាំងពីបក្សកុម្មុយនិស្តឡើងកាន់អំណាច កាលពីឆ្នាំ១៩៤៩។ វិស័យវិនិយោគនេះមិនត្រឹមតែបើកចំហ សម្រាប់ប្រជាជនចិនជាលក្ខណៈបុគ្គលបែបនេះទេ តែក៏បានបើកចំហយ៉ាងទូលំទូលាយផងដែរ ទៅដល់វិនិយោគិនបរទេស ហើយដើម្បីទាក់ទាញវិនិយោគបរទេស តំបន់សេដ្ឋកិច្ចពិសេសជាច្រើនត្រូវបានបង្កើតឡើង នៅតាមតំបន់ជាប់នឹងឆ្នេរសមុទ្រ។

នៅក្នុងវិស័យអប់រំវិញ សាលារៀន និងសកលវិទ្យាល័យនៅទូទាំងប្រទេសបានចាប់ផ្តើមបើកទ្វារទទួលសិស្ស ព្រមទាំងពង្រីកកម្មវិធីសិក្សា ជាពិសេស នៅក្នុងវិស័យបច្ចេកទេស ហើយការចុះឈ្មោះទទួលសិស្សនៅតាមសកលវិទ្យាល័យត្រូវបានធ្វើឡើង ដោយផ្អែកទៅលើសមត្ថភាព ជាជាងទៅតាមមនោគមន៍វិជ្ជានយោបាយ ឬតាមខ្សែស្រឡាយជាបក្ខជន ដូចដែលគេធ្លាប់ធ្វើពីមុន។ មិនត្រឹមតែប៉ុណ្ណោះ និស្សិតចិនរាប់ម៉ឺននាក់ត្រូវបានបញ្ជូនឲ្យទៅរៀននៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលសុទ្ធសឹងជាប្រទេសមូលធននិយម ហើយមានមនោគមន៍វិជ្ជានយោបាយផ្ទុយពីបក្សកុម្មុយនិស្តចិន។នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ ដោយសារតែការបើកចំហរក្នុងវិស័យវិនិយោគ, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានអត្រាពន្ធទាប ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស វិនិយោគបរទេសក៏ចាប់ផ្តើមហូរចូលមកក្នុងប្រទេសចិន ហើយចាប់ពីពេលនោះហើយ ដែលសេដ្ឋកិច្ចចិនចាប់ផ្តើមមានកំណើនក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មាន ហើយបន្តកើនឡើងរហូតមកទល់នឹងពេលបច្ចុប្បន្ន។

សព្វថ្ងៃនេះ ចិនគឺជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទីពីរ ហើយអាចនឹងប្រជែងយកឈ្នះអាមេរិកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ភាពរុងរឿងរបស់ចិននៅពេលនេះ ត្រូវបានប្រវត្តិសាស្រ្តផ្លូវការរបស់ចិនចារទុកថា ជាស្នាដៃដ៏ធំមហិមារបស់ម៉ៅសេទុង ក៏ប៉ុន្តែ ធាតុពិតជាក់ស្តែង អ្នកដែលបាននាំមកនូវការផ្លាស់ប្តូរពិតប្រាកដ ហើយដែលជាដើមឫសនៃភាពរុងរឿងនៃសេដ្ឋកិច្ចរបស់ចិននៅពេលនេះ គឺ តេង ស៊ាវពីង៕

ប្រភព ៖ rfi

  • ប្រវត្តិសាស្រ្ត​ពិភពលោក Podcast តេងស៊ាវពីង​និង​កំណែទម្រង់​សេដ្ឋកិច្ច​ចិន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: