​ក្រុមហ៊ុន​សាជីវកម្ម​អមតៈ សុំ​ការ​ណែនាំ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ ក្នុង​ប្រទេស​កម្ពុជា

​ក្រុមហ៊ុន​សាជីវកម្ម​អមតៈ សុំ​ការ​ណែនាំ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ ក្នុង​ប្រទេស​កម្ពុជា



ភ្នំពេញ​: សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​លោក វី​ក្រុម ក្រូ​ម៉ា​ឌិ​ត  ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន សាជីវកម្ម​អមតៈ ចូល​ជួប​សំដែង​ការ​គួរសម នៅ​ល្ងាច​ថ្ងៃ​ទី​៩ តុលា ២០១៦​។ 

លោក វី​ក្រុម ក្រូ​ម៉ា​ឌិ​ត មាន​ប្រសាសន៍ ថ្លែង​នូវ​អំណរ​គុណ​ជូន​ចំពោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឲ្យ​រូប​លោក ចូល​ជួប​សំដែង ការ​គួរសម​។ លោក​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​មាន​អនាគត​ដ៏​ល្អ ព្រោះថា កម្ពុជា ជា​ប្រទេស​ស្ថិត​នៅ ចំ​ចំណុចកណ្តាល​គេ ពិសេស​រវាង​ថៃ និង​វៀតណាម ដែល​មាន​សក្តានុពល​ខ្ពស់​បំផុត​។

លោក វី​ក្រុម ក្រូ​ម៉ា​ឌិ​ត បាន​ជំរាប​ជូន សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ថា បច្ចុប្បន្ន ក្រុមហ៊ុន​របស់​លោក កំពុង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ក្នុង​ប្រទេស​ថៃ វៀតណាម និង​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​កំពុង​សិក្សា​បើក​តំបន់ សេដ្ឋកិច្ច​ពិសេស ក្នុង​ប្រទេស​កម្ពុជា​។ 

តាម​រយៈ​កិច្ច​សន្ទនា​គ្នា​នោះ លោក​ប្រធាន​ក្រុមហ៊ុន សុំ​ការ​ណែនាំ​ពី​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ ក្នុង​ប្រទេស​កម្ពុជា​។

ជា​កិច្ច​ឆ្លើយ​តប សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា កម្ពុជា នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា រក្សា​កំណើនសេដ្ឋកិច្ច ជា​មធ្យម ៧% ក្នុង​១​ឆ្នាំ ។ តាម​រយៈ​នេះ រាជរដ្ឋាភិបាល ចង់​ឃើញ​អ្នក​វិនិយោគ បន្ថែម​ទៀត មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ 

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បន្ត​ថា រាជរដ្ឋាភិបាល កំពុង​តែ​ខិតខំ ធ្វើ​យ៉ាងណា ឲ្យ​តម្លៃ​ភ្លើង​មានការ​ធ្លាក់​ចុះ ដើម្បី​ចូលរួម​ចំណែក កាត់​បន្ថយ​ភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ និង​ការ​បណ្តាក់ទុន​វិនិយោគ​របស់ ផ្នែក​ឯកជន​នៅ​កម្ពុជា​។ 

សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្វាគមន៍​ចំពោះ គោលបំណង នៃ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា និង​បាន​សន្យា​ថា នឹង​អញ្ជើញ​ទៅ​ចូលរួម ក្នុង​ពិធី​បើក​តំបន់​សេដ្ឋកិច្ច ពិសេស របស់​ក្រុមហ៊ុន​សាជីវកម្ម​អមតៈ ក្នុង​ប្រទេស​កម្ពុជា​៕