តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក អ៊ុំ សំ​អាន

រាជធានី​ភ្នំពេញ ៖ លោក ហេង សុខ​ណា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក អ៊ុំ សំ​អាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៥ និង ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ។

តុលាការ​រក​ឃើញ​ថា លោក អ៊ុំ សំ​អាន មាន​ចេតនា​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ តាម​រយៈ​ការ​សរសេរ និង​អត្ថាធិប្បាយ ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ។

ការ​ប្រកាស​សាលក្រម​នេះ​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​លោក អ៊ុំ សំ​អាន និង សហ​មេធាវី តែ​ចាត់ទុកជា​ចំពោះ​មុខ ហើយ​បើក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​រយៈពេល​មួយ​ខែ ៕