ធី សុវណ្ណថា ថា ​នាង​នឹង​​មិន​ធ្វើ​ជា​សាកល​វិទ្យា​ធិការ​ទេ

ភ្នំពេញៈ តារាប្រព័ន្ធផ្សព្វផ្សាយសង្គម កញ្ញា ធី សុវណ្ណថា ដែលកាលពីសប្តាហ៍មុនទទួលបានអាជ្ញាប័ណ្ណបើកសាកលវិទ្យាល័យ បានថ្លែងកាលពីថ្ងៃសៅរ៍ថា កញ្ញានឹងមិនមែនជានាយកសាលានេះទេ នៅពេលសាលានេះបើក ហើយថា កញ្ញានាពេលបច្ចុប្បន្ននេះផ្តោតលើការរួមចំណែកថវិកា ១ លានដុល្លារជាអាហារូបករណ៍និងជំនួយប៉ុណ្ណោះ។

សំណើរបស់កញ្ញា ធី សុវណ្ណថា សុំអាជ្ញាប័ណ្ណនេះត្រូវបានអនុម័តកាលពីថ្ងៃចន្ទសប្តាហ៍មុន។ នេះបើតាមមន្រ្តីម្នាក់នៅក្រសួងអប់រំ ដែលបាននាំឲ្យមានការរិះគន់ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះសេចក្តីសម្រេចផ្តល់អាជ្ញាប័ណ្ណនេះទៅយុវតីអាយុ ២១ ឆ្នាំដែលបានប្រឡងធ្លាក់បាក់ឌុប ចំនួនពីរដងមកហើយ។

Loading...

នៅសន្និសីទកាសែតមួយនៅសណ្ឋាគារសាន់វេ កាលពីថ្ងៃសៅរ៍ កញ្ញាបានថ្លែងថា ប្រជាជនមានការច្រឡំអំពីបញ្ហានេះ ហើយកញ្ញាថ្លែងថា កញ្ញាមានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យល្បីមួយនៅប្រទេស សិង្ហបុរី។

កញ្ញានិយាយថា៖ «ខ្ញុំចង់សើចចំពោះមនុស្សដែលនិយាយអំពីរឿងនេះ។ និយាយត្រង់ៗទៅ កាលឆ្នាំមុន ខ្ញុំធ្លាក់ទី ១២ ហើយខ្ញុំមិនទាន់មានសញ្ញាបត្រនៅឡើយ»។ «ខ្ញុំមិនមានសមត្ថភាពធ្វើជាសាកលវិទ្យាធិការទេ ទាំងសមត្ថភាពនិងផ្លូវច្បាប់»។ «យើងកំពុងសហការនិងដំណើរការអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យធំមួយនៅប្រទេស សិង្ហបុរី ហើយយើង… មានផែនការបើកសាកលវិទ្យាល័យអន្តរជាតិនៅកម្ពុជា ដើម្បីជួយនិស្សិតក្រីក្រ និង ផ្តល់អាហារូបករណ៍ច្រើនជាងមុន»។

កញ្ញាថ្លែងបន្តថា៖ «ពាក់ព័ន្ធនឹងអាហារូបករណ៍សម្រាប់និសិ្សត ១០០០ នាក់ វាមិនមែនជាលុយផ្ទាល់របស់ខ្ញុំទេ ប៉ុន្តែវាបានមកពីគម្រោងរបស់អង្គការយើងដែលកំពុងសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិមួយ»។ «គម្រោងទីមួយ យើងទទួលបាន ១០០ ០០០ ដុល្លារ ហើយគម្រោងបន្ទាប់ យើងទទួលបាន ១ លានដុល្លារ»។

កញ្ញា ធី សុវណ្ណថា មិនបានប្រាប់អំពីឈ្មោះសាកលវិទ្យាល័យសិង្ហបុរី ឬ មូលនិធិអន្តរជាតិនោះទេ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍