កម្ពុជា​.​បារាំង ធ្វើ​ខួប​ទី​៥០ នៃ​សុន្ទរកថា​នៅ​ភ្នំពេញ របស់​លោក​ឧត្តមសេនីយ៍ ដឺ ហ្គោ​ល ប្រធានាធិបតីបារាំង

កម្ពុជា​.​បារាំង ធ្វើ​ខួប​ទី​៥០ នៃ​សុន្ទរកថា​នៅ​ភ្នំពេញ របស់​លោក​ឧត្តមសេនីយ៍ ដឺ ហ្គោ​ល ប្រធានាធិបតីបារាំង



ភ្នំពេញ​:  ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ធ្វើ​ខួប​លើក​ទី​៥០ នៃ​សុន្ទរកថា​នៅ​ទីក្រុង​ភ្នំពេញ របស់​លោក​ឧត្តមសេនីយ៍ ដឺ ហ្គោ​ល ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ នេះ នៅ​ក្រសួងការបរទេស ដោយ​មានការ​ចូលរួម​ពី សំណាក់​ឯកអគ្គរដ្ឋទូត​បារាំង និង​ប្រធាន​មូលនិធិ ឆាល ដឺ​ហ្គោ​ល រួម​ទាំង​សមាជិក សមាជិកា រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ថា ឆ្លើយ​តប​នឹង​សំណើ​របស់ លោក ហ្ស​ង់ ក្លូ​ត ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំង យើង​មាន​សេចក្តី​រីករាយ យ៉ាង​ខ្លាំង ក្នុង​ការ​ប្រារព្ធ​រួម​គ្នា នូវ​ព្រឹត្តិការណ៍​នៃ ប្រវត្តិសាស្ត្រ​កម្ពុជា និង​ប្រវត្តិសាស្ត្រ ប្រទេស​បារាំង ព្រមទាំង​ប្រវត្តិសាស្ត្រ ពិភពលោក​។ 

លោក​បាន​បញ្ជាក់​ថា តាម​ពិត​ទៅ មិន​គ្រាន់តែ​ជា ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​រំលឹក ដល់​ឥស្សរជន​ដ៏​ឆ្នើម បំផុត​មួយ​រូប មហា​បុរស​មួយ​រូប ក្នុង​ចំណោម មហា​បុរស​ដ៏​ល្បី រន្ទឺ​បំផុត​ទាំងអស់ ដែល​ជា​និច្ចកាល បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល ដែល​ព្រឹ​ត្ត​ការណ៍​ជា​ច្រើន បន្តបន្ទាប់​មិន​អាច​លុប​បំបាត់​បាន​។ លោក​ឆាល ដឹ​ហ្គោ​ល មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​។ និយាយ​បែប​នេះ ពីព្រោះ​បុរស​នៃ​ការ​អំពាវនាវ នា​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​១៩៤០ បាន​យល់​ភ្លាម​ៗ​ថា ពុំ​អាច​មាន​ជ័យ​ជំនះ ខាង​យោធា ទៅ​លើ​ប្រជាជន ដែល​មាន​ភាព​ប្តូរផ្តាច់​បាន​ឡើយ​។ លោក​ឆាល ដឺ​ហ្គោ​ល ជា​អ្នកមាន​ទស្សនវិស័យ​វែង​ឆ្ងាយ ពីព្រោះ​ថា ក្នុង​របៀបរបប នៃ​ទំនាក់ទំនង​អន្តរជាតិ គោលការណ៍​ដែល លោក​បាន​ថ្លែង នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​១៩៦៦ នៅ​តែ​រក្សា​អត្ថន័យ របស់​វា​ដដែល ៥០​ឆ្នាំ ក្រោយមក​។ 

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា នៅ​ពេល​ដែល​គេ អាន​ឡើង​វិញ នៅ​សុន្ទរកថា​ដែល ប្រធានាធិបតី ឆាល ដឺ​ហ្គោ​ល បាន​ថ្លែង​នៅ​ទីក្រុង​ភ្នំពេញ គេ​រក​ឃើញ​គំនិត​ជា​ច្រើន ដែល​ស្ថិត​នៅ​ជា បច្ចុប្បន្នភាព រហូត​មក​ទល់​សព្វថ្ងៃ​។ ជា​ការ​ពិត​ណាស់ បរិបទ​បច្ចុប្បន្ន ខុស​ពី​បរិបទ​ពី​មុន ពីព្រោះ​ថា ជា​សំណាងល្អ តំបន់​អាស៊ី​អាគ្នេយ៍ លែង​ជា​កន្លែង នៃ​ការ​ផ្ទុះ​សង្គ្រាម ដ៏​គួរ​ឲ្យ​រន្ធត់ ទៀត​ហើយ​។ យន្តហោះ​ទម្លាក់​គ្រាប់​បែប លែង​កាន់កាប់​ផ្ទៃមេឃ នៃ​ប្រទេស​ទាំង​បី នៃ​អតីត​ឥណ្ឌូចិន បារាំង​ទៀត​ហើយ​។ វាលស្រែ​បៃតង របស់​យើង លែង​គ្រប់​ដណ្តប់ ដោយ​ឈាមក្រហម របស់​យុទ្ធ​ជន​ទៀត​ហើយ​៕