ពលរដ្ឋ​ឃុំ​ព្រៃខ្មែរ​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយសារ​ទឹក​ប្រើប្រាស់​គ្មាន​អនាម័យ

អ្នក​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​ព្រៃខ្មែរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព ដោយសារ​តែ​ប្រើប្រាស់​ទឹក​គ្មាន​អនាម័យ និង​សំណល់​ប្លាស្ទិក កំពុង​បង្ក​ឲ្យ​ប្រភព​ទឹក​នេះ​កាន់​តែ​មាន​ជាតិ​ពុល។ ប្រធាន​សហគមន៍​គ្រប់គ្រង​ទឹក​ស្អាត​អះអាង​ថា បញ្ហា​សំរាម ឬ​សំណល់​ប្លាស្ទិក មាន​ច្រើន​តែ​នៅ​ថ្ងៃ​បុណ្យ​ទាន ប៉ុន្តែ​សហគមន៍​នឹង​នាំ​គ្នា​សម្អាត​នៅ​ពេល​ឆាប់ៗ។

ពលរដ្ឋ​រស់នៅ​ក្បែរ​ប្រភព​ទឹក​ទំនប់​ឈ្វាំង និង​អ្នក​ប្រើប្រាស់​គម្រោង​ទឹក​ស្អាត​របស់​សហគមន៍​ព្រៃ​ខ្មែរ រិះគន់​អាជ្ញាធរ និង​អ្នក​គ្រប់គ្រង​ប្រភព​ទឹក​ស្អាត ថា​ទឹក​ដែល​បូម​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​គ្មាន​អនាម័យ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ព្រៃខ្មែរ ជាង ១០០​គ្រួសារ​ដែល​ប្រើប្រាស់​ទឹក​ស្អាត​ទំនប់​ឈ្វាំង លោកស្រី ម៉ុម អែត មាន​ប្រសាសន៍​ថា រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​គ្រួសារ​គាត់​ប្រើ​ទឹក​នេះ​សម្រាប់​ដាំ​ស្ល ងូត បោក​គក់ និង​ផឹក​ដោយ​ផ្ទាល់​ពុំ​បាន​ដាំ​ឲ្យ​ពុះ ឬ​យក​ទៅ​ចម្រោះ​ទៀត​នោះ​ទេ ព្រោះ​រវល់​នឹង​ការងារ​ពេក។ លោកស្រី​បារម្ភ​ពី​បញ្ហា​សុខភាព​ដែរ ក្រោយ​ឃើញ​សំរាម​ច្រើន​នៅ​ក្បែរ​ប្រភព​ទឹក៖ «ខ្ញុំ​ប្រើ​ទៅ​វា​ស្រួល​ហើយ ប៉ុន្តែ​គ្រាន់​ថា​បូម​មក​វា​មាន​សត្វ​ដោយ​ចូល​ក្នុង​ពាង និយាយ​រួម​បូម​ពី​លើ​មក​ចូល​ពាង​ខ្ញុំ​ប្រើ​ម៉ង គេ​អត់​មាន​ចម្រោះ​ឲ្យ​ទេ។ ខ្ញុំ​សួរ​គេ គេ​ថា​អត់​មាន​ចម្រោះ​ផង។ ខ្ញុំ​ចង់​ឲ្យ​ស្អាត ព្រោះ​ខ្ញុំ​ហូប​តែ​ទឹក​ហ្នឹង ហើយ​ខ្ញុំ​ហូប​ទឹក​ហ្នឹង​ខួប​ប្រាំង​ខួប​វស្សា​ម៉ង អត់​មាន​បាន​ចម្រោះ​បាន​អី​នឹង​គេ​ទេ»

ក្រៅ​ពី​បញ្ហា​ទឹក​បូម​ពី​ក្នុង​បឹង​ឈ្វាំង​ចូល​អាង តែ​មិន​បាន​ឆ្លង​កាត់​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​នេះ បញ្ហា​សំណល់​ប្លាស្ទិក សម្បក​ពង​ទា​កូន និង​នំ​ចំណី ត្រូវ​បាន​អ្នក​ទៅ​លំហែ​កាយ​បោះ​ចូល​ក្នុង​ទឹក ឬ​នៅ​មាត់​បឹង​ឈ្វាំង​ដែល​ជា​ប្រភព​ទឹក​សំខាន់​តែ​មួយ​គត់​របស់​អ្នក​ភូមិ​ព្រៃខ្មែរ ឃុំ​រលាប្អៀរ ប្រើប្រាស់ នាំ​ឲ្យ​កខ្វក់។ បញ្ហា​នេះ អាច​បណ្ដាល​មក​ពី​ពលរដ្ឋ ឬ​អ្នក​ដើរ​លំហែ​ទាំងនោះ​ខ្វះ​ការ​យល់​ដឹង​ពី​អនាម័យ។

អាជីវករ​លក់​ពង​ទា និង​គ្រឿង​ក្លែម​នៅ​ក្បែរ​ទំនប់​ទឹក​ឈ្វាំង លោកស្រី ម៉ែន ខៃ ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ល្ងាច ជាពិសេស​នៅ​ពេល​មាន​បុណ្យ​ទាន​ម្ដងៗ នៅ​លើ​ដង​ទំនប់​មាន​មនុស្ស​កុះករ​មក​អង្គុយ​កម្សាន្ត និង​ទិញ​នំ​ចំណី​ហូប​ចុក ហើយ​ចោល​សំរាម​ពាសវាលពាសកាល​នៅ​ក្នុង​ទឹក និង​មាត់​ទំនប់។ ចំពោះ​លោកស្រី លោកស្រី​បាន​សម្អាត​សំរាម​ជា​ប្រចាំ​នៅ​មុខ​តូប​របស់​ខ្លួន ហើយ​តែងតែ​ប្រាប់​ឲ្យ​អ្នក​ទិញ​នំ​ចំណី​ពី​គាត់​ទៅ ត្រូវ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ឬ​ហូប​ហើយ​ត្រូវ​យក​សំរាម​នោះ​មក​ឲ្យ​គាត់​វិញ៖ «ខ្ញុំ​គ្រាន់​ថា ច្រក​សំរាម​មក​ឲ្យ​ខ្ញុំ​វិញ​ដើម្បី​ដុត​អ៊ីចឹង ហើយ​មាន​អ្នក​ខ្លះ​ក៏​បាន​យក​មក អ្នក​ខ្លះ​ក៏​អត់​បាន​យក​មក។ លោក ជិន ជេដ្ឋា៖ បង​លក់​នៅ​ទីនេះ​យូរ​នៅ? ខ្ញុំ​ចាប់​ផ្ដើម​លក់​ពេល​ចូល​ឆ្នាំ​រួច។ មាន​អ្នក​មក​លេង​ពីណា​ភូមិ​ផ្សេងៗ​អ៊ីចឹង​ទៅ មក​ច្រើន​ពី​គ្រប់​ភូមិ​គ្រប់​ឃុំ»

អាង​ចម្រោះ​ទឹក​ឈ្វាំង កំពង់ឆ្នាំង ២០១៦ ៨៥៥
អាង​ចម្រោះ​ទឹក​ដែល​អង្គការ​លោក​ខាង​លិច​ជួប​លោក​ខាង​កើត (EMW) ផ្ដល់​ជំនួយ​សាងសង់​កាល​ពី​ដើម​ឆ្នាំ​២០១៤ ឋិត​នៅ​ក្បែរ​មាត់​បឹង​ឈ្វាំង។ រូបថត​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៦ RFA/Chin Chetha
RFA/Chin Chetha

ទាក់ទង​បញ្ហា​នេះ ប្រធាន​សហគមន៍​គ្រប់គ្រង​ទឹក​ស្អាត​សហគមន៍​ខ្នាត​តូច លោក សោម ស៊ីណៃ ថា​បញ្ហា​សំរាម ឬ​សំណល់​ប្លាស្ទិក​ដែល​នៅ​រាត់រាយ​នោះ លោក និង​សមាជិក​សហគមន៍ នឹង​សម្អាត​ក្នុង​ពេល​ឆាប់ៗ។ ការ​ពិត នៅ​ពេល​មាន​បុណ្យ​ទាន ឬ​មនុស្ស​ចូល​លំហែ​នៅ​ប្រភព​ទឹក​ឈ្វាំង​ច្រើន​នោះ គឺ​សហគមន៍​តែងតែ​ដាក់​ការុង​មួយ​ចំនួន​នៅ​ក្បែរ​មាត់​ទឹក ងាយ​ស្រួល​នឹង​យក​ចោល និង​កុំ​ឲ្យ​ប៉ះពាល់​ទឹក៖ «ខ្ញុំ​ខំ​ប្រឹង​ថែទាំ​ដែរ តែ​ប្រជាពលរដ្ឋ​យើង​មក​លេង​អ៊ីចឹង ហើយ​ពេល​ល្ងាច​ឡើង​គាត់​មក​ហូប យើង​ដើរ​ប្រាប់​ឲ្យ​ដាក់​ក្នុង​ថង់ ឬ​គ្រវែង​ចោល​មក​ក្រៅ​អ៊ីចឹង ស្រួល​ប្រមូល​ដុត តែ​គាត់​អត់​ធ្វើ​តាម។ បាទ! ម្សិលមិញ ខ្ញុំ​បាន​ចុះ​កន្លែង​ទ្វារ​ទឹក​ប្រមូល​បោះ​ទៅ​ក្រោម​ខ្លះ ដើម្បី​ឲ្យ​វា​អណ្ដែត​ទៅ​ក្រោម​អ៊ីចឹង​ទៅ»

ចំពោះ​បញ្ហា​ទឹក​គ្មាន​អនាម័យ​វិញ​លោក​បញ្ជាក់​ថា អាង​ចម្រោះ​ទឹក​ស្អាត​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​អង្គការ​ក្រៅ​ប្រទេស​ឈ្មោះ លោក​ខាង​លិច​ជួប​លោក​ខាង​កើត (EMW) តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍​ជនបទ មិន​អាច​ចម្រោះ​ទឹក​ទាន់​តម្រូវ​ការ​ប្រើប្រាស់​របស់​អ្នក​ភូមិ​ទាំង ១១៦​គ្រួសារ​ឡើយ។ បញ្ហា​នេះ ជំរុញ​ឲ្យ​លោក​បូម​ទឹក​ពី​ក្នុង​បឹង​ឈ្វាំង ដាក់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ផ្ទាល់​តែ​ម្ដង​នៅ​រដូវ​ប្រាំង ព្រោះ​តម្រូវ​ការ​ទឹក​ច្រើន ប៉ុន្តែ​នៅ​រដូវ​វស្សា​ដែល​ពលរដ្ឋ​មាន​ទឹក​ភ្លៀង​ប្រើ​គួបផ្សំ និង​កាត់​បន្ថយ​ការ​ប្រើ​ទឹក​ស្អាត​នោះ ទើប​លោក​បើក​ប្រព័ន្ធ​ចម្រោះ​ទឹក មុន​នឹង​បញ្ចេញ​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់៖ «នៅ​ពេល​យើង​ចម្រោះ​វា​អត់​មាន​ប៉ះពាល់ (សុខភាព) ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ទីនេះ​អត់​សំខាន់​រឿង​ផល​ប៉ះពាល់ (ទឹក​មិន​បាន​ចម្រោះ) ព្រោះ​គាត់​ប្រើ​ក្នុង​ងូត ព្រោះ​គាត់​មាន​ទឹក​ស្អាត​ដោយ​ប្រើប្រាស់​ធុង​ចម្រោះ​គ្រប់​គ្នា»

ពាក់ព័ន្ធ​នឹង​ការ​បង្កើត​អាង​ចម្រោះ​ទឹក​ស្អាត​ខ្នាត​តូច​នៅ​ភូមិ​ព្រៃខ្មែរ កាល​ពី​ដើម​ឆ្នាំ​២០១៤ មាន​តំណាង និង​ពលរដ្ឋ​ចំនួន ៤៥០​គ្រួសារ នាំ​គ្នា​ផ្ដិត​មេដៃ​មិន​គាំទ្រ​គម្រោង​នេះ ក្រោម​ហេតុផល​តែ​មួយ​គត់ គឺ​ខ្លាច​អាជ្ញាធរ ឬ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ទឹក​ស្អាត​ផ្ដាច់មុខ ឬ​លែង​ឲ្យ​អ្នក​ភូមិ​ក្បែរ​នោះ​ប្រើ​ទឹក​ឈ្វាំង ប៉ុន្តែ​ពលរដ្ឋ​គាំទ្រ​គម្រោង​នេះ​វិញ ក្រោយ​អាជ្ញាធរ​ឲ្យ​សហគមន៍​គ្រប់គ្រង​ការ​ផលិត​ទឹក​ស្អាត​នេះ។

នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​លោក​ខាង​លិច​ជួប​លោក​ខាង​កើត (EMW) លោក គឹម ហ៊ ធ្លាប់​បញ្ជាក់​ថា ម្ចាស់​ជំនួយ​យល់ស្រប​នឹង​សំណើ ឬ​តម្រូវ​ការ​ពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ចាំបាច់។ លោក​ថា អាង​ចម្រោះ​ទឹក​នេះ​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ ៥០០​គ្រួសារ ប៉ុន្តែ​លោក​ថា ជំហាន​ដំបូង​ដាក់​ឲ្យ​ពលរដ្ឋ​ចំនួន ២៥០​គ្រួសារ​សិន ហើយ​អង្គការ​នឹង​ថែម​លុយ​ប្រមាណ ២​ម៉ឺន​ទៅ ២​ម៉ឺន ៥​ពាន់​ដុល្លារ​ទៀត ដើម្បី​ត​ភ្ជាប់​បណ្ដាញ​ឲ្យ​ចូល​ផ្ទះ​ចំនួន ២៥០​គ្រួសារ​ទៀត​ឲ្យ​បាន​គ្រប់ ៥០០​គ្រួសារ។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក គឹម ហ៊ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្វី​ដែល​លោក​ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤ នោះ​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ប៉ុន្តែ​ប្រធាន​សហគមន៍ លោក សោម ស៊ីណៃ បញ្ជាក់​ថា អង្គការ​បាន​សង់​តែ​អាង​ចម្រោះ​ទឹក​ឲ្យ​ប៉ុណ្ណោះ ចំណែក​ទុយោ​ត​បណ្ដាញ​ទឹក​ចូល​ផ្ទះ​វិញ ត្រូវ​សហគមន៍​ខ្ចី​លុយ​ពី​ធនាគារ​ទៅ​ធ្វើ​ដើមទុន ហើយ​យក​ថ្លៃ​ទឹក​ពី​ពលរដ្ឋ​ក្នុង ១​ម៉ែត្រ​គូប​ពីរ​ពាន់​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។