កាម​រី​បា​ឡែ​ន​ដឹកឈើ​របស់​មេ​ឈ្មួញ​ម្នាក់ ជួប​ហេតុការណ៍​ក្រឡាប់

ខេត្តក្រចេះ​៖ រថយន្ត​កាម​រី​បា​ឡែ​ន​ដឹកឈើ​របស់​មេ​ឈ្មួញ​ធំ​មួយ​នៅ​ស្រុក​ចិត្រ​បុរី ដែល បាន​បើក​បោះពួយ​យ៉ាង​លឿន គេច​ពី​ការ​តាម​ប្រមាញ់​បាន​ជួប​ហេតុការណ៍​ក្រឡាប់​បះជើង​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល បង្ក​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​តែ​មិន​បង្ក​ឲ្យ​អ្នកបើកបរ​រង​គ្រោះ​ដល់​អាយុជីវិត​ឡើយ​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​នេះ​មាន​ផ្ទុក​ឈើ​លេខ​១​សុ​ក្រំ ជា​ច្រើន​កំណាត់​ដឹក​ចេញពី​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ឆ្ពោះ​តម្រង់​ទៅ​ស្រុក​ស្នួល សំដៅ​ចូល​ទៅ​ប្រទេស​វៀតណាម តែ​ត្រូវ​បាន​ជួប​ហេតុការណ៍​ក្រឡាប់​នៅ​យប់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦​។

យ៉ាងណា​ក៏​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹកឈើ​បង្ក​ដោយ​ខ្លួនឯង​នេះ មិន​បង្ក​ឲ្យ​អ្នកបើកប​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។ ដោយ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន ក្រោយ​ពី​ជួប​ហេតុការណ៍​បន្សល់​ទុក​តែ​រថយន្ត​កាម​រី​បា​ឡែ​ន​ដឹកឈើ​ពេញព្រៀប​ក្រឡាប់​បះជើង​នៅ​ចិញ្ចើម​ផ្លូវ​។ មេព្រៃ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​ជ្រះ បាន​បញ្ជាក់​ថា​ឈើ​ដែល​ផ្ទុក​នៅ​លើ​រថយន្ត​នេះ​សុទ្ធ​សឹង​ជា​ឈើ​សុ​ក្រំ មាន​បរិមាណ​ជាង​១​មែ​ត្រ​គូប​។ ហើយ​ទាំង​ឈើ និង​រថយន្ត​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ ក្រោយ​ពី​ជួប​ហេតុ​ការ​ក្រឡាប់​ទៅ​មុខ​លែង​រួច​។

មានការ​កត់សម្គាល់​ឃើញ​ថា ក្នុងអំឡុងពេល​ជាង​១​ខែ​ចុង​ក្រោយ​នេះ ស្ថានភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​លើ​គ្រប់​មធ្យោបាយ​ដឹក​ជញ្ជូន​ក្នុង​ខេត្តក្រចេះ​គឺ​មាន​ភាព​ស្ងប់ស្ងាត់​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់​ពី​មាន​សកម្មភាព​ចុះ​ចាប់​បង្ក្រាប​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ​ពី​ក្រុម​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ តែ​យ៉ាងណា​បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ការ​លួចលាក់​ដឹក​ជញ្ជូន គឺ​ត្រូវ​បាន​កើត​មាន​វិញ​បន្តិច ក្រោយ​ពី​គេ​សង្ស័យ​ថា អាច​មានការ​ត្រូវរ៉ូវ​គ្នា​សារ​ជា​ថ្មី​វិញ រវាង​មន្ត្រី​អាវុធហត្ថ​ដែល​មាន​នាទី​ចុះ​បង្ក្រាប​ទាំងនោះ​ជាមួយ​ឈ្មួញ​៕