អាដហុក​ខេត្ត​ព្រះវិហារ​ចោទ​អាជ្ញាធរ​ស្រុក​ថា​រារាំង​មិន​ឲ្យ​បើក​វគ្គ​ផ្សព្វផ្សាយ​ស្ដីពី​សិទ្ធិ​មនុស្ស

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ ចោទ​ប្រកាន់​ថា អាជ្ញាធរ​ស្រុក​សង្គមថ្មី ព្រម​ទាំង​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ឃុំ​ភ្នំត្បែង១ បាន​រារាំង​មិន​ឲ្យ​អង្គការ​នេះ​បើក​វគ្គ​ផ្សព្វផ្សាយ​ស្ដីពី​សិទ្ធិ​មនុស្ស និង​ច្បាប់ ទៅ​កាន់​ប្រជាពលរដ្ឋ​បាន​ទេ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​តុលា។

វគ្គ​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន​ស្ដីពី​សិទ្ធិ​មនុស្ស និង​ច្បាប់​នេះ គឺ​ជា​គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សហរដ្ឋ​អាមេរិក និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ (USAID)។

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ស្រុក​សង្គមថ្មី ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ពី​ទី​រួម​ខេត្ត ថា​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ មាន​គម្រោង​ទៅ​បើក​វគ្គ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល បាន​យល់​ដឹង​អំពី​ច្បាប់ និង​សិទ្ធិ​មនុស្ស នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​តុលា ក៏ប៉ុន្តែ​ត្រូវ​កម្លាំង​ប៉ូលិស​មួយ​ក្រុម​ទៅ​រារាំង។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​តុលា លោក​បាន​ទៅ​រៀបចំ​វគ្គ​ផ្សព្វផ្សាយ​ស្ដីពី​សិទ្ធិ​មនុស្ស និង​ច្បាប់​ដល់​ប្រជាពលរដ្ឋ នៅ​ភូមិ​សំឡាញ ឃុំ​ភ្នំត្បែង១ ក៏ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ភ្នំត្បែង១ បញ្ជូន​កម្លាំង​ទៅ​រារាំង​មិន​ឲ្យ​ដំណើរ​ការ​បាន​ទេ។ លោក ឡោ ចាន់ អះអាង​ថា អភិបាល​ស្រុក​សង្គមថ្មី ឈ្មោះ រស់ ហេង ជា​អ្នក​បញ្ជា​កម្លាំង​ប៉ូលិស​ឲ្យ​ទៅ​រារាំង​វគ្គ​ផ្សព្វផ្សាយ​នោះ៖ «ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ពីព្រោះ​ក្រសួង​មហាផ្ទៃ បាន​ជូន​ដំណឹង​រួច​ហើយ​ថា រាល់​ការ​បើក​វគ្គ​ផ្សព្វផ្សាយ វគ្គ​បណ្ដុះបណ្ដាល ឬ​ក៏​សិក្ខាសាលា គ្រាន់​តែ​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅ​ឲ្យ​អាជ្ញាធរ​ដឹង​ប៉ុណ្ណោះ មិន​បាច់​ធ្វើ​រហូត​ដល់​សុំ​ច្បាប់​នោះ​ទេ»

អាជ្ញាធរ​ស្រុក​សង្គមថ្មី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា​គឺ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ទៅ​វិញ​ទេ ដែល​ចូល​ទៅ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ដែនដី​ដោយ​មិន​មាន​ការ​ដឹង​ឮ​ពី​សាលា​ខេត្ត​ព្រះវិហារ ជា​មុន។

អភិបាល​ស្រុក​សង្គមថ្មី លោក រស់ ហេង មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ដែល​ជា​អាជ្ញាធរ​ស្រុក តែង​ស្វាគមន៍​រាល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ចូល​ទៅ​ធ្វើ​សកម្មភាព ដោយ​មាន​លិខិត​ច្បាស់លាស់​ចេញ​ពី​សាលា​ខេត្ត។ លោក រស់ ហេង បន្ទោស​ថា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ចូល​ទៅ​បើក​វគ្គ​ផ្សព្វផ្សាយ​នៅ​ភូមិ​សំឡាញ ឃុំ​ភ្នំត្បែង១ នោះ គឺ​មិន​បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​សាលា​ខេត្ត​ព្រះវិហារ ទេ ទើប​សាលា​ខេត្ត​មិន​មាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​អាជ្ញាធរ​ស្រុក​បាន​ដឹង៖ «ហើយ​គាត់​អត់​មាន​ទាំងអស់ ហើយ​អភិបាល​រង​ស្រុក​បាន​ទៅ​សួរ​គាត់ ក៏​គាត់​ទទួល​ស្គាល់​ថា​ខ្វះ​ឯកសារ​បែបបទ​រដ្ឋបាល​ទាំងនោះ​ដែរ»

ទោះ​បី​ជា​យ៉ាង​ណា លោក ឡោ ចាន់ អះអាង​ថា លោក​ធ្លាប់​បាន​ធ្វើ​ឯកសារ​ទាំងនោះ​ដាក់​ជូន​ទៅ​សាលា​ខេត្ត​ព្រះវិហារ តាំង​ពី​ជំនាន់​លោក អ៊ុំ ម៉ារ៉ា នៅ​ជា​អភិបាល​ខេត្ត​ម្ល៉េះ ហើយ​ឯកសារ​ទាំងនោះ​ត្រូវ​រដ្ឋបាល​សាលា​ខេត្ត​តម្កល់​ទុក​រួច​ហើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះវិហារ ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី លោក អ៊ុន ចាន់ដា ដើម្បី​សាកសួរ​ជុំវិញ​សេចក្តី​ជូន​ដំណឹង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​តុលា។

រយៈពេល ៣​ខែ​មក​នេះ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ស្រុក​ខ្លះ​ថា​បាន​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​មនុស្ស​ចំនួន ២​លើក​ហើយ។

កាល​ពី​ថ្ងៃ​ទី​១៦-១៧ ខែ​មិថុនា កន្លង​ទៅ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ ធ្លាប់​ចោទ​ប្រកាន់​អាជ្ញាធរ​ស្រុក​ឆែប ថា​បាន​រារាំង​មិន​ឲ្យ​បើក​វគ្គ​បណ្ដុះបណ្ដាល​សហគមន៍ ស្ដីពី​ច្បាប់ និង​សិទ្ធិ​មនុស្ស នៅ​ឃុំ​ម្លូព្រៃ២ ថែម​ទាំង​គំរាម​រក​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។