ផឹកស្រា​ស្រវឹង​ដើរ​ចុះទៅ​រាវ​ខ្យង លង់ទឹក​ស្លាប់​ឡើង​ក្លិន ទើប​មាន​អ្នកដឹង​

ភ្នំពេញ:
ធុំក្លិន​ស្អុយ​ចម្លែក បាន​ដើរទៅ​មើល​ក៏​ប្រទះឃើញ​សាកសព​អណ្ដែត​ឡើង​នៅលើ​ផ្ទៃ​ទឹក​ក្នុង​រណ្ដៅ​ដី បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​នាំគ្នា​ទៅ​មើល​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។​

​ហេតុការណ៍​ប្រទះឃើញ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១០​តុលា​នេះ បន្ទាប់ពី​ប្រជាពលរដ្ឋ​រស់នៅ​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រ ពី​រណ្ដៅ​ដី​នោះ​ធុំ​ក្លិនស្អុយ​ចម្លែក បាន​ដើរទៅ​មើល​ក៏​ប្រទះឃើញ​សាកសព​អណ្ដែត​ឡើង​នៅលើ​ផ្ទៃ​ទឹក​ក្នុង​រណ្ដៅ​ដី​ស្ថិតនៅ​ក្នុងភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ​។​

​សព​ឈ្មោះ សាន វិចិត្រ អាយុ​៣២​ឆ្នាំ ជា​កម្មករ លីសែង នៅក្នុង​ផ្សារ​នាគ​មាស មាន​ប្រពន្ធ​ឈ្មោះ​ជា រស្មី អាយុ​២៩​ឆ្នាំ ជា​កសិករ និង​មាន​កូនស្រី​ម្នាក់​នៅក្នុង​បន្ទុកគ្រួសារ​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹកស្រា​រហូត​ស្រវឹង ហើយ​បាន​ដើរ​ចុះទៅ​រាវ​ខ្យង ដើម្បី​ធ្វើ​ម្ហូប​ក្លែមស្រា​ទៀត​នៅ​ចំណុច​រណ្ដៅ​ដី​មួយកន្លែង​ដែល​ឈ្មួញ​ជីក​យក​អាចម៍ដី​លក់​ហើយ​សង្ស័យ​ពេលដែល​ចុះទៅ​រាវ​ខ្យង​រអិល​ជើង​ធ្លាក់​ចូលទៅ​កន្លែង​ទឹក​ជ្រៅ មិនអាច​ហែល​រួច ព្រោះតែ​ស្រវឹងស្រា​នោះ ទើប​បណ្ដាល​ឲ្យ​លង់​លិច​បាត់ទៅ​ក្នុង​ទឹកតែ​ម្ដង កាលពី​ថ្ងៃទី​៧​តុលា ហើយ​ពេលនោះ ប្រពន្ធ​រួមជាមួយ​អ្នកភូមិ​មិនបាន​ដឹង​ទេ ព្រោះ​កន្លងមក​ជនរងគ្រោះ​តែងតែ​ដើរទៅ​ណា​មក​ណា មិនសូវមាន​ដំណឹង​ឡើយ​។​

​ក្រោយពី​ពិនិត្យ​សាកសព​រួច ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​