ស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបមួយទៀត ទៅតំបន់ឫស្សីកែវ

6 Videos


សាលារាជធានីភ្នំពេញគ្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបមួយកន្លែងទៀតដើម្បីតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារមកកាន់តំបន់ឬស្សីកែវក្នុងគោលដៅសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋចេញចូលទៅក្នុងក្រុងឲ្យកាន់តែប្រសើរ ។

កាលពីព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអៈអាងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញសាលារាជធានីភ្នំពេញស្តីពីការស្ថាបនាផ្លូវថ្មីពីលើផ្លូវដែកចាស់ពីផ្លូវជាតិលេខ ៥ ដល់ផ្លូវ អ៊ែរ ៦ ក្នុងតំបន់បឹងកក់ ថាគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបនេះ អាចនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយត្រៀមកញ្ចប់ថវិការួចរាល់អស់ហើយ ។

ពេលនេះក្រុមមន្ត្រីជំនាញនឹងចុះសិក្សាពីទីតាំងដែលស្ថាបនាស្ពាននិងការតភា្ជប់ជាមួយនឹងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុនអូស៊ីអាយស៊ីដើម្បីបង្កើតប្រព័ន្ធចរាចរណ៍ឲ្យមានភាពស៊ីសង្វាក់គ្នាររវាងត្រើយខាងលិចនិងត្រើយខាងកើត ។ សម្រាប់ត្រើយខាងលិចនៃគម្រោងតភ្ជាប់ស្ពានថ្មីនេះនឹងត្រូវភ្ជាប់មកលើផ្លូវរថភ្លើងចាស់ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវឆ្លងកាត់ផ្លូវជាតិលេខ ៥ ហើយឆ្ពោះទៅផ្លូវលេខ ៧០ ទំនប់ទួលគោក ។

ដើម្បីពន្លឿនការស្ថាបនាស្ពានថ្មីនេះបានអាជ្ញាធរបានសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីដកផ្លូវរថភ្លើងចាស់ចេញនៅប៉ុន្មានថ្ងៃខាងមុខនេះចាប់ពីផ្លូវជាតិលេខ ៥ ដល់ផ្លូវអែ ៦ តំបន់បឹងកក់ ហើយចាប់ផ្តើមស្ថាបនាផ្លូវបេតុងថ្មីប្រវែងទទឹង ៣០ ម៉ែត្ររួមជាមួយនឹងការដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍នេះ ។

គេសង្ឃឹមថា នៅពេលគម្រោងទាំង ២ នេះ ត្រូវបានស្ថាបនារួចរាល់នោះ វានឹងជួយរំដោះបញ្ហាចរាចរណ៍ដ៏មមាញឹកនៅច្រកចូលក្នុងរាជធានីភ្នំពេញបានមួយចំណែកពីផ្លូវជាតិលេខ៥ត្រង់គីឡូម៉ែត្រលេខ ៦ ទៅដល់ស្ពានជ្រោយចង្វារ ។ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ឫស្សីកែវនេះតែម្តង ដែលត្រូវឆ្លងកាត់តំបន់ជ្រោយចង្វារពុំចាំបាច់ទៅឆ្លងស្ពានជ្រោយចង្វារទៀតឡើយ ៕ សុថាត់

ស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបមួយទៀត ទៅតំបន់ឫស្សីកែវ