ត្រាំ ចោទ​អតីត​ប្រធានាធិបតី គ្លីនតុន ថា​បាន​«រំលោភ»​ស្ត្រី​ច្រើន​នាក់

បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានចោទលោក ប៊ីល គ្លីនតុន (Bill Clinton) អតីតប្រធានាធិបតីអាមេរិក ថាបានចាប់រំលោភស្ត្រីជាច្រើននាក់ នៅក្នុងរយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​មក។ លោក ត្រាំ បានលើកឡើងកខ្លាំងៗដូច្នេះ នៅក្នុងវេទិកាជជែកលើកទីពីរ ជាបេក្ខនារី​ប្រធានាធិបតី មកពី​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ដែល​បាន​ប្រព្រឹត្តិ​ទៅ នៅ​យប់​ថ្ងៃទី៩ ខែតុលានេះ។
ត្រាំ ចោទ​អតីត​ប្រធានាធិបតី គ្លីនតុន ថា​បាន​«រំលោភ»​ស្ត្រី​ច្រើន​នាក់

ពីឆ្វេងទៅស្ដាំ៖ លោក ដូណាល់ ត្រាំ និងអ្នកស្រី ហ៊ីឡារី គ្លីនតុន។ (រូបថត AP)

វេទិកាជជែកលើកទីពីរ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងមកដល់ នៅប៉ុន្មាន​សប្ដាហ៍​ខាង​មុខ បានឈានមកដល់របត់ថ្មីមួយទៀត​។ នោះ គឺការចោទប្រកាន់ដោយចំៗ ពីសំណាក់បេក្ខជន​ប្រធា​នាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ទៅលើលោក ប៊ីល គ្លីនតុន (Bill Clinton) ថាបានរំលោភ សេពសន្ទវៈ ទៅលើស្ត្រីជាច្រើននាក់។

ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ចោទប្រកាន់លោក ប៊ីល គ្លីនតុន ដែលជាស្វាមីរបស់​អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ បានធ្វើឡើងបន្ទាប់​ពីការ​ទម្លាយ​វីដេអូ នៃ​កិច្ច​សន្ទនា​ដ៏អាស្រូវមួយ រវាងលោក ត្រាំ ជាមួយនឹងពិធីករទូរទស្សន៍មួយរូប ដែលបានជជែកគ្នា​​ជា​លក្ខណៈ​ឯកជន តាំងពី១១ឆ្នាំមុន។ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានឆ្លៀតឱកាស ពីសំនួររបស់ពិធីករ​ពិធីការិនី ដើម្បី​វាយ​ប្រហារ ទៅលើលោក ត្រាំ ដោយបានបញ្ជាក់ថា៖ «នេះ គឺពិតជាគាត់ (លោក ដូណាល់ ត្រាំ) ហើយ»។

អ្នកស្រី គ្លីនតុន បានបន្តទៀតថា៖ «យើងបានឃើញ និងស្ដាប់ដឹងថា គាត់បានត្មិះដៀលយ៉ាងខ្លាំង ទៅដល់​ស្ត្រី។ យើង​បានឃើញថា គាត់បានកត់សម្គាល់ ទៅលើស្ត្រី តាមរយៈរូបរាងខាងក្រៅ ដាក់​ពិន្ទុ​ពី​មួយ​ដល់​ដប់។ យើងបាន​ឃើញ​គាត់ អោបថើបស្ត្រី។»។

ជាការវាយតបវិញ លោក ដូណាល់ ត្រាំ បានលើកយកស្វាមីអ្នកស្រី ហ៊ីឡារី គឺលោក ប៊ីល គ្លីនតុន មកធ្វើ​ជា​ចំណុច​ស៊ីប ដោយបានចោទប្រកាន់ដោយចំៗ ថាបានរំលោភសេពសន្ធវៈ ទៅលើស្ត្រីច្រើននាក់ ក្នុង​នោះ​មាន​ស្ត្រីបីនាក់ ត្រូវបានបេក្ខជនរូបនេះ រៀបចំឲ្យមកចូលរួមស្ដាប់ នៅក្នុងវេទិកាជជែកនេះដែរ។​ លោកបាន​ថ្លែង​ឡើង នៅចំពោះវត្តមានរបស់លោក ប៊ីល គ្លីនតុន (ដែលចូលរួម ក្នុងវេទិការនេះដែរ) ថា៖ «ប៊ីល គ្លីនតុន បាន​ចាប់​ស្ត្រី​ទាំងនោះ​រំលោភ ហើយម្នាក់ពីក្នុងចំណោមនោះ មានអាយុទើបតែ ១២ឆ្នាំប៉ុណ្ណោះ ហើយ ហ៊ីឡារី គ្លីនតុន ជា​អ្នក​គម្រាម​ទៅ​ស្ត្រី​ទាំង​នោះ (មិនឲ្យមានប្រតិកម្មអ្វី)»។

ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានអ្នកស្រី គ្លីនតុន បដិសេធភ្លាមៗ ថាមិនពិត៕

--------

» លោក និងអ្នកស្រី គ្លីនតុន៖

ត្រាំ ចោទ​អតីត​ប្រធានាធិបតី គ្លីនតុន ថា​បាន​«រំលោភ»​ស្ត្រី​ច្រើន​នាក់