អ៊ីរ៉ង់ ចង់​ទិញ​អង្ករ​ពី​ថៃ​ឲ្យ​កាន់តែច្រើន ខណៈ​ថៃ​កំពុង​ចង់​បញ្ចេញ​អង្ករ​ពី​ស្តុក​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-10-2016, 8:59 pm         419

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ៊ីរ៉ង់ ចង់​ទិញ​អង្ករ​ពី​ថៃ​ឲ្យ​កាន់តែច្រើន ខណៈ​ថៃ​កំពុង​ចង់​បញ្ចេញ​អង្ករ​ពី​ស្តុក​ប្រធានាធិបតីអ៊ីរ៉ង់ រូហានី ចាប់ដៃនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ​មហាអំណាច​ប្រេង​មជ្ឈិមបូព៌ា អ៊ីរ៉ង់ បានបង្ហាញ​ចំណាប់អារម្មណ៍​ទិញ​អង្ករ​ពី​ថៃ​កាន់តែច្រើន​ថែមទៀត ចំពេល​ដែល​ថៃ កំពុង​ចង់​នាំចេញ​អង្ករ​ឲ្យ​បាន​ច្រើន​ពី​ស្តុក​ដ៏​ហូរហៀរ​របស់ខ្លួន​ស្រាប់​នោះ​។ ការបង្ហាញ​ចំណាប់អារម្មណ៍ ធ្វើឡើង​អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី (Hassan Rouhani) ទៅកាន់​ថៃ ដែលជា​ទិសដៅ​ចុងក្រោយ​នេះ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​វៀតណាម និង​ម៉ាឡេស៊ី ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី បាន​ទៅដល់​ប្រទេស​ថៃ ដើម្បី​ទស្សនកិច្ច​ផ្លូវការ​នោះ​ទីនោះ​។ លោក រូ​ហា​នី បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ដើម្បី​ពិភាក្សា​លើ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ ហើយ​ប្រធានាធិបតី​អ៊ីរ៉ង់ ក៏បាន​បង្ហាញ​បំណង​ទិញ​អង្ករ​ថៃ​កាន់តែច្រើន​ថែមទៀត​ដែរ​។​

​ប៉ុន្តែ អ្នកនាំពាក្យ​រង​រដ្ឋាភិបាល​ថៃ លោក Werachon Sukondhapatipak និយាយថា ក្នុងជំនួប​នៅ​ថ្ងៃទី​៩ ខែតុលា មេដឹកនាំ​ទាំងពីរ មិនបាន​ពិភាក្សា​លម្អិត​ពី​រឿង​ផែន​ការទិញ​អង្ករ​ថែម​នេះឡើយ​។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បានស្នើ​ឲ្យ​ពិនិត្យ​លើ​ដំណើរ​ការទិញ​អង្ករ ដែល​ភាគី​ទាំងពីរ​ចុះហត្ថលេខា​លើក​មុន​សិន​។ កាលពីដើមឆ្នាំ​២០១៦ ក្រុង​តេ​អេ​រ៉ង់ បាន​ចុះហត្ថលេខា​ទិញ​អង្ករ​ថៃ​ចំនួន​បី​សែន​តោន ដែលមាន​តម្លៃ​ជា​១២២​លាន​ដុល្លារ​។​

​នៅពេលនេះ រដ្ឋាភិបាល​ថៃ កំពុង​បញ្ចេញ​អង្ករ​ជាច្រើន​លាន​តោន​ទៀត ចេញពី​ឃ្លាំង​ស្តុក​របស់ខ្លួន ព្រោះ​ផលិតកម្ម​ស្រូវ​មានការ​កើនឡើង​យ៉ាងខ្លាំង​។ ចំពេល​នេះ រដ្ឋាភិបាល​ក្រុង​បាងកក សំឡឹង​ឃើញ​ទីផ្សារ​របស់​មហាអំណាច​មជ្ឈិមបូព៌ា​មួយ​នេះ ជា​គោលដៅ​នាំចេញ​អង្ករ​របស់ខ្លួន​។ តាមពិត ថៃ​ឈប់​លក់​អង្ករ​ឲ្យ​អ៊ីរ៉ង់ កាលពី​ឆ្នាំ​២០០៦ ដោយសារតែ​ជម្លោះ​លើ​គុណភាព និង​ការបង់ថ្លៃ តែ​ក្រោយមក​ភាគី​ទាំងពីរ ក៏​ចាប់ផ្ដើម​រកស៊ី​ជាមួយគ្នា​វិញ​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា ថៃ​ដែលជា​ប្រទេស​នាំចេញ​អង្ករ​លំដាប់​ទី​ពីរ​របស់​ពិភពលោក បាន​នាំចេញ​អង្ករ​ចំនួន​៤.៨​លាន​តោន ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​នៅត្រឹម​ពាក់កណ្ដាល​ឆ្នាំនេះ ដែល​កើនឡើង​ចំនួន​៩.៣​ភាគរយ ប្រៀបធៀប​នឹង​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​។ ប៉ុន្តែ ថៃ មិនបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អ៊ីរ៉ង់​ឡើយ​។

​ដោយឡែក អំឡុងពេល​ស្នាក់នៅ​ក្នុង​រាជធានី​បាងកក ក្រៅពី​ជួប​ជាមួយ​មេដឹកនាំ​ថៃ ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី ក៏បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសន្ទនា​សហប្រតិបត្តិការ​អាស៊ី (ACD) ដែលមាន​ការចូលរួម​ពី​មេដឹកនាំ​អាស៊ី​៣៤​ប្រទេស​នៅក្នុង​ក្រុង​បាងកក ដែល​ថៃ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​ពី​ផង​ដែរនោះ​៕