ប្រជាពលរដ្ឋ​៤៧​គ្រួសារ​មាន​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ ដោយសារ​អាជ្ញាធរ​មិន​រក​ដំណោះស្រាយ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ ៤៧​គ្រួសារ រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុ​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ ដែល​ត្រូវ​បាន​ទាហាន នៅ​ក្នុង​កងអនុសេនាធំ​លេខ​៧ នៃ​សឹក​រង​ស្រុក​អន្លង់​វែង និង​មេ​បញ្ជា​រង​ឈ្មោះ ហ៊ឹ​ម សៀ​ប បាន​ឃុបឃិត​ជាមួយ​មេ​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​រំដួល​ជើងភ្នំ និង​ភូមិ​ឈូក​មាស រួម​នឹង​អាជ្ញាធរ​សង្កាត់​កូន​ក្រៀល ដែល​យក​ដី​ពួក​គាត់​លក់​ទៅ​ឱ្យ​ពួក​ឈ្មួញ ដោយ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​ពី​សំណាក់​អាជ្ញាធរ ពួក​គាត់​បាន​នាំ​គ្នា​លើក​បដា​ស្នើ​សុំ​ទៅ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មេត្តា​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​។

បញ្ហា​មន្ត្រី​យោធា និង​អាជ្ញាធរ ដែល​បាន​យក​ដី​ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ រួម​នឹង​ជំនាញ​សូ​រិ​យោ​ដី បាន​ធ្វើ​ឯកសារ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន លឹ​ម ហេង កាលពី​ឆ្នាំ​២០១២ រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​បាន​តវ៉ា និង​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ដ អស់​រយៈពេល​ចំនួន​៣​លើក​រួច​មក​ហើយ តែ​ពុំ​ឃើញ​មាន ដោះស្រាយ​ដល់​ពួក​គាត់​ទាល់តែ​សោះ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ កន្លង​មក​ព័ត៌មាន​យើង​ក៏​ធ្លាប់​បាន ធ្វើការ​ផ្សព្វផ្សាយ​ដែរ ហើយ​បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ​នោះ​ថា កាលពី​ថ្ងៃ​ទី​៩ ខែតុលា​នេះ សព្វថ្ងៃ​ពួក​គាត់​ប្រឈម​នឹង​ជីវភាព​ខ្វះខាត ដោយ​ពួក​គាត់​បាន​ចំណាយ​ពេលវេលា ស្វែងរក​ការ​ដោះស្រាយ​ជា​ច្រើន​ដង​ពី​សំណាក់​អាជ្ញាធរ តែ​ពុំ​មាន​លទ្ធផល​អី​បន្តិច​។

ហើយ​ពួក​គាត់ គឺ​ពឹងផ្អែក​ទៅ​លើ​ដី​ខាងលើ​សម្រាប់​ធ្វើស្រែ​ចម្ការ តែ​ដោយសារ​គេ​រំលោភ​យក ពួក​គាត់​មិន​បាន​ទៅ​ធ្វើការ​អ្វី អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​ព្រោះ​រង់ចាំ​មើល​ចំណាត់ការ​របស់​ក្រុម​អាជ្ញាធរ​។ ប្រជាពលរដ្ឋ ប្រមាណ​ជាង​៥០​នាក់ បាន​សុំ​អំពាវនាវ​ដល់​សម្ដេច​តេ​ជោ ហ៊ុន ណ​សែន និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ជួយ​អន្តរាគមន៍ ដល់​ពួក​គាត់​ដែល​ជា​ជម្រើស​តែ​មួយ​ចុង​ក្រោយ​របស់​ពួក​គាត់​។ ដោយសារ​តែ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​ត្រូវរ៉ូវ​គ្នា និង​លែង​យកចិត្តទុកដាក់​មក​លើ​ពួក​គាត់​ទាំងអស់​គ្នា​ទៅ​ហើយ​។

ក្រោយ​ពី​មានការ​តវ៉ា ក្នុង​នោះ​មាន​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ន​ង ផាត ជា​នាយក​សាលា ទួល​ស្វាយ ក៏​កំពុង​ត្រូវ​បាន​គេ​រៀបចំ​បញ្ឈប់​ពី​ការងារ​ផង​ដែរ​។ ហេតុនេះ​ពួក​គាត់​ទាំង​៤៧​គ្រួសារ ដែល​កំពុង​តែ​ប្រឈម​នឹង​ជីវភាព និង​ដើរ​ដល់​ភាព​ទល់​ច្រក សូម​ទទូច​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ អន្តរាគមន៍ និង​រក​ភាព​យុត្តិធម៌​ដល់​ពួក​គាត់​ផង​៕