រោង​សិប្បកម្ម​ឡឥដ្ឋ​ចំនួន​២​កន្លែង កំពុង​តែ​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​រាយការណ៍​ឱ្យ​ដឹង​ថា ដើមឈើ​តូច​ធំ​ជា​ច្រើន​នៅ​តំបន់​អភិរក្ស និង​នៅ​លើ​ភ្នំ​កេះ ក្នុងស្រុក​សាលា​ក្រៅ ត្រូវ​បាន​ក្រុម​ឈ្មួញ​លួច​កាប់​បំផ្លាញ​ខ្ទេចខ្ទី ជិត​រលាយ​រលត់​អស់​ទៅ​ហើយ ដោយ​ដឹក​យក​ទៅ​លក់​ឱ្យ​ម្ចាស់​រោង​សិប្បកម្ម​ធំ​ៗ កំពុង​ផលិត​ឥដ្ឋ​ចំនួន​២​កន្លែង ស្ថិត​នៅ​ចំណុច​សំបូរ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​។ ជាមួយ​គ្នា​នេះ​ដែរ​គេ​មិន​ធ្លាប់​ឃើញ​មាន​មន្ត្រី នៃ​មន្ទីរ​បរិស្ថាន ឬ​ខាង​រដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់ អើពើ​យកចិត្តទុកដាក់ ចុះ​ទៅ​ត្រួតពិនិត្យ ឬ​ធ្វើការ​ហាមឃាត់​អ្វី​នោះ​ឡើយ គឺ​ឃើញ​មាន​តែ​សមត្ថកិច្ច​មួយ​ចំនួន ចូល​ទៅ​សុំ​លុយ​ពី​ម្ចាស់​សិប្បកម្ម​ទាំង​អស់នេះ​ប៉ុណ្ណោះ​។

មើលទៅ​សិប្បកម្ម​ឡឥដ្ឋ​ធំ​ៗ ទាំង​២​កន្លែង​នេះ កំពុង​តែ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ហើយ​។ ជាក់ស្តែង​សិប្បកម្ម​ផលិត​ដុំឥដ្ឋ​ទាំង​ពីរ​កន្លែង​នេះ​ទី​១.​មាន​ម្ចាស់​ឈ្មោះ ចេ​ត ប៊ុ​ន​រិ​ទ្ធិ ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ទី​២.​ឈ្មោះ សៅ សុខុម ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ​ដូច​គ្នា រស់នៅ​ភូមិ​ខាងលើ ហើយ​បាន​បើក​កន្លែង​សិប្បកម្ម​ឡឥដ្ឋ​នេះ អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយ​ប្រើ​អុស​តែ​ម្តង​។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ដោយ​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃឈើ​ឱ្យ​ដឹង​ថា កាលពីមុន​នៅ​ក្នុង​ដែន​តំបន់​អភិរក្ស​ស្រុក​សាលា​ក្រៅ និង​នៅ​លើ​ភ្នំ​កេះ មាន​ព្រៃឈើ​ដុះ​ណែន​ទ្រុប​ទ្រុល​បញ្ចេញ​ពណ៌​ខៀវស្រងាត់ គួរ​ឱ្យ​ចង់​គយគន់  ដែល​អាច​ទាក់ទាញ​ទឹកភ្លៀង​ឱ្យ​ធ្លាក់​ស្ទើរ​គ្រប់​រដូវ​កាល ព្រមទាំង​មាន​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ​ទីនោះ​យ៉ាង​សុខសាន្ត​ផង​ដែរ​។ តែ​ក្រោយមក ដោយសារ​មាន​រោង​សិប្បកម្ម​ផលិត​ឥដ្ឋ​ចំនួន​ពីរ​ទៅ​បី​កន្លែង ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​កាប់​ព្រៃឈើ​ទាំងនោះ​លក់​ឱ្យ​ឈ្មួញ ដើម្បី​ដឹក​ទៅ​លក់​បន្ត​ឱ្យ​ម្ចាស់​រោង​សិប្បកម្ម​ខាងលើ​យ៉ាង​ពពាក់ពពូន​តែ​ម្តង​។

តែ​ខាង​មន្ទីរ​បរិស្ថាន ឬ​ខាង​រដ្ឋបាល​ព្រៃឈើ ហាក់ដូចជា​ដេក​លក់​អស់រលីង គ្មាន​នរណា​ម្នាក់​អើពើ និង​យកចិត្តទុកដាក់​ចំពោះ​ព្រៃឈើ ដែល​នៅ​សេសសល់​ដ៏​តិចតួចស្តួចស្តើង​នោះ​ទេ​។ ប្រភព​បន្ត​ទៀត​ថា រហូត​ដល់​ក្រោយមក​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​កន្លង​ទៅ​នេះ ស្រាប់តែ​អស់​ព្រៃឈើ​រលីង ហើយ​អាកាសធាតុ​កាន់តែ​ប្រែប្រួល ពោល​គឺ​ក្តៅ​ខ្លាំង​នៅ​រដូវប្រាំង​លំបាក​ក្នុង​ការ​រក​ទឹក​ប្រើប្រាស់​។ ពួក​គាត់​សំណូមពរ​ដល់​ខាង​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​មន្ទីរ​ពាក់ព័ន្ធ សូម​មេត្តា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មួយ​នេះ​ផង បើ​ចេះ​តែ​បណ្តែតបណ្តោយ​បែប​នេះ​ទៀត នៅ​ថ្ងៃ​ខាង​មុខ​សូ​ម្បី​តែព្រៃ​ភ្នំ​នៅ​តំបន់​អភិរក្ស​ភ្នំ​ខៀវ ក្នុង​ក្រុងប៉ៃលិន ក៏​រលាយ​សាបសូន្យ អស់​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ សៅ សុខុម ជា​ម្ចាស់​សិប្បកម្ម​ខាងលើ បានឱ្យ​ដឹង​ថា ឈើ​អុស​ទាំងអស់​ខាងលើ ដែល​គរ​ទុក​នៅ​កន្លែង​សិប្បកម្ម​របស់​លោក​គឺ​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ដើម្បី​ត្រៀម​ដុត​ឥដ្ឋ​នៅ​ពេល​ណា​ដែល​មានការ​ខ្វះខាត​អង្កាម​ប៉ុណ្ណោះ​។ លោក​បន្ត​ទៀត​ថា តាម​ពិត​ការ​ដុត​អង្កាម​ល្អ​ជាង​ដុត​អុស ហើយ​ដុំឥដ្ឋ​ក៏​ឆាប់​ឆ្អិន​លឿន​ជាង​ប្រើ​អុស​ដែរ​។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ​លោក ឱម វី​រៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ដែល​ទើបនឹង​ទទួល​តំណែង​ថ្មី​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១០ តុលា នេះ​ថា លោក​កំពុង​តែ​ជាប់រវល់​ប្រជុំ​នៅ​ឯ​រាជធានី​ភ្នំពេញ ដោយ​លោក​អត់​ទាន់​បានដឹង​រឿង​នេះ​នៅឡើយ​ទេ បើ​មាន​អ៊ីចឹង​មែន ចាំ​លោក​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​។ ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ខាង​ភ្នាក់ងារ​យើង​មិន​អាច​ទាក់ទង​សួរនាំ ដើម្បី​បំភ្លឺ​បាន​ទេ​ដោយសារ​បិទ​ទូរស័ព្ទ​ទាក់ទង​មិន​ចូល​ឡើយ​៕​