មិន​គួរ​បើក​អាជីវកម្ម បើ​​​គ្មាន​ចំណុច​ទាំង​​ ៦​នេះ

ការ​បើក​ដំណើរការ​អាជីវកម្ម ​ត្រូវ​បាន​គេ​ឃើញ​កើត​មាន​​ស្ទើរ​រាល់​ថ្ងៃ​​នៅ​ទូទាំង​ពិភពលោក ដោយ​​​​សហគ្រិន​​ខ្លះ​​​ទទួល​បាន​ជោគជ័យ​​ភ្លាម​ៗ ​​ខ្លះ​​ប្រើ​ពេល​​យូរ​ទើប​ជោគជ័យ និង​ខ្លះ​ទៀត​ត្រូវ​ដួល​​ខាត​ដើម ​ខាត​ចុង​​អស់​​​ទ្រព្យ​​សម្បត្តិ​ផ្ទាល់​ខ្លួន​ថែម​ទៀត។

 

មិន​គួរ​បើក​អាជីវកម្ម បើ​​​គ្មាន​ចំណុច​ទាំង​​ ៦​នេះ

 

សហគ្រិន​វ័យ​ក្មេង​ជាច្រើន​​សព្វ​ថ្ងៃ ​ត្រូវ​បាន​គេ​​ឲ្យ​តម្លៃ​ និង​ជំរុញ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ​​ក្នុង​ការ​វិនិយោគ​ជំនួញ​​ផ្ទាល់​ខ្លួន ដែល​​ពួក​គេ​នឹង​ត្រូវ​​ចំណាយ​ពេលវេលា និង​លុយ​កាក់​​​ជា​ច្រើន​​ទៅ​ក្នុង​​របរ​នេះ។ តែ​ទោះ​ជា​យ៉ាងណា ​មាន​កត្តា​​ត្រូវ​ប្រឈម​ជា​ច្រើន​​ក្នុង​ការ​ចាប់​​ផ្ដើម​ ដែល​លោក​អ្នក​​ត្រូវ​​​តែ​ដឹង​​ ដោយ​ទាក់ទង​ទៅ​នឹង​​​ចំណេះ​ជំនាញ និង​​សមត្ថភាព​នានា។

 

ចំណុច​​​សំខាន់​ទាំង​ ៦ខាង​ក្រោម ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ អ្នក​ត្រូវ​តែ​មាន​​​ក្នុង​ការ​ចាប់​ប្រតិបត្តិការ​​​​អាជីវកម្ម​​មួយ​ឲ្យ​បាន​ជោគជ័យ៖​

 

១. ​ការ​ប្ដេជ្ញា​ចិត្ត និង​​ឆន្ទៈ​ក្នុង​ការ​លះបង់

ការ​ចាប់​ផ្ដើម​​អាជីវកម្ម​មួយ​ជោគជ័យ​​មិន​ងាយ​ស្រួល​ឡើយ ពិសេស​អាជីវកម្ម​ថ្មី​​ថ្មោង ដែល​​​អតិថិជន​​​​មិន​ធ្លាប់​​ស្គាល់ ឬ​ឃើញ។ នៅ​លើ​ទី​ផ្សារ​​បច្ចុប្បន្ន ដូច​គ្រប់​គ្នា​បាន​​ជួប​ប្រទះ​​ហើយ​​​ គឺ​មាន​​ជំនួញ​​ជា​ច្រើន​​កំពុង​ប្រជែង​គ្នា និង​​ត្រូវ​ប្រឹង​ប្រែង​រិះរក​​យុទ្ធសាស្ត្រ​នានា​ដើម្បី​ទាក់ទាញ​អតិថិជន។

អ្វី​​ដែល​សំខាន់​ពេល​នេះ ​គឺ​ការ​តាំង​ចិត្ត​ និង​លះបង់​​ដោយ​ត្រូវ​ជម្នះ​ចិត្ត​ខ្លួន​ឯង​​ សន្យា​​ក្រោកឈរ​ឡើង​វិញ​ បើ​បរាជ័យ​លើក​ទី​មួយ ឬ​ទី​ពីរ។ ​ប្រការ​ល្អ​បំផុត​ គឺ​​រៀន​សូត្រ​​ពី​បទពិសោធន៍​បរាជ័យ ហើយ​ត្រូវ​គិត​ថា​​គ្មាន​បញ្ហា​អ្វី​​បាន​កើត​ឡើង​ចំពោះ​អ្នក​​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។

 

 

២. ដើម​ទុន​​គ្រប់​គ្រាន់

​ម្ចាស់​​ជំនួញ​​នឹង​​ត្រូវ​ចំណាយ​​ប្រាក់​​​​យ៉ាង​ច្រើន​ក្នុង​ការ​វិនិយោគ​ ប៉ុន្តែ​​​​ត្រូវ​ស្រមៃ​ថា​វា​នឹង​ជោគជ័យ​​​យូរ ឬ​ឆាប់​មិនខាន ហើយ​​មិន​ត្រូវ​គិត​ថា​វា​​នឹង​ខាត​បង់​ឡើយ។ ​បើ​ដើម​ទុន​​​​ខ្វះ​ខាត​​ ​លោក​អ្នក​អាច​​ធ្វើ​សំណើ​ខ្ចី​​ពី​ធនាគារ ​ឬ​មនុស្ស​​ដែល​​ទុក​ចិត្ត​​​​លោក​អ្នក។

 

មិន​គួរ​បើក​អាជីវកម្ម បើ​​​គ្មាន​ចំណុច​ទាំង​​ ៦​នេះ

 

 

៣. រៀន​ស្វែង​យល់​​ពី​បច្ចេកវិទ្យា​​អាជីវកម្ម​​​ទំនើប

បើ​និយាយ​​ពី​បច្ចេកវិទ្យា​ ​គឺ​ជា​គ្រឿង​​មួយ​ជុំ​រុញ​​អាជីវកម្ម​ឲ្យ​ដើរ​ទៅ​មុខ​យ៉ាង​លឿន ​​​ដែល​លោក​អ្នក​មិន​អាច​ខ្វះ​បាន​​ក្នុង​​យុគសម័យ​​ជឿនលឿន​នេះ។ ​អ្នក​ត្រូវ​មាន​ឧបករណ៍​បច្ចេកវិទ្យា​​​ថ្មី​ៗ ​ប្រព័ន្ធ​គ្រប់​គ្រង​ជំនួញ ​អ៊ីនធឺណិត ​មាន​គេហទំព័រ ឬ​​បណ្ដាញ​សង្គម​ ដែល​មាន​អ្នក​ចាំ​មើល​ច្រើន​ ព្រោះ​វា​នឹង​ជួយ​​ស្វែងរក​អតិថិជន​​បាន​ច្រើន​​ក្នុង​រយៈពេល​ខ្លី។

 

 

៤. ជំនាញ​​មនុស្ស

ម្ចាស់​អាជីវកម្ម ​ត្រូវ​​តែ​​ជា​មនុស្ស​មាន​ជំនាញ​ និង​បទ​ពិសោធន៍​ខ្លះ​ៗ​​លើ​វិស័យ​​ខ្លួន​ចង់បោះ​ទុន​វិនិយោគ​។ ​អ្នក​ត្រូវ​​តែ​មាន​​ទំនាក់ទំនង​​​ល្អ ពូកែ​និយាយ ឬ​មនុស្ស​​ទឹកមាត់​ប្រៃ និង​​រួសរាយ ដូច្នោះ​​គ្រប់​គ្នា​ពិត​ជា​ចង់​សហការ​រកស៊ី​ជា​មួយ​អ្នក​មិនខាន។ ​ករណី​លោក​អ្នក​មិន​សូវ​មាន​បទ​ពិសោធន៍​​ អ្នក​អាច​សាកសួរ​មិត្តភ័ក្ដិ​ធ្លាប់​ឆ្លងកាត់ ឬ​ជួប​​​អ្នក​ប្រឹក្សា​យោបល់​​ដែល​​មាន​ជំនាញ រួច​ចាប់ផ្ដើម​អនុវត្ត។

 

មិន​គួរ​បើក​អាជីវកម្ម បើ​​​គ្មាន​ចំណុច​ទាំង​​ ៦​នេះ

 

 

៥. ​ប៉ិនប្រសព្វ​ក្នុង​ការ​ចរចា និង​ដោះ​ស្រាយ​បញ្ហា​

​​​ជំនាញ​ដោះ​ស្រាយ​​បញ្ហា​ គឺ​ជា​វិធីសាស្ត្រ​សំខាន់​​បំផុត​​​សម្រាប់​ម្ចាស់​ជំនួញ ​ព្រោះ​​ជៀស​មិន​ផុត​​អ្នក​​នឹង​​ត្រូវ​​ប្រឈម​​មុខ​ជាមួយ​​រឿងរ៉ាវ​ជា​ច្រើន​​ដែល​ត្រូវ​រក​ច្រក​ចេញ។ ​មិន​​ត្រូវ​គិត​ថា​បញ្ហា​ទាំង​នោះ​​អ្នក​​ដោះ​ស្រាយ​មិន​រួច​ទេ ស្វែង​រក​​​វិធី​ម្ដង​មួយ​ជំហាន​ៗ ដោយ​ជឿជាក់​ថា​​អ្នក​ប្រាកដ​ជា​ធ្វើ​បាន។ មនុស្ស​ជា​ច្រើន​​បាន​បរាជ័យ​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ ព្រោះ​មិន​ដឹង​​​​​វិធី​ ​នាំ​ឲ្យ​បាក់​ទឹក​ចិត្ត​ រួច​ជំនួញ​ទាំង​នោះ​ដួល​ទៅ​តាម​​ដែរ។ ដើម្បី​​ក្លាយ​ជា​មនុស្ស​​ពូកែ​​ចំណុច​ទាំង​នេះ​ អ្នក​ត្រូវ​អាន​សៀវភៅ​​​ដែល​ទាក់ទង​ឲ្យ​បាន​ច្រើន​ និង​តាម​ដាន​​​​​ព័ត៌មាន​​ឲ្យ​​​​​ជាប់​ជា​ប្រចាំ​។

 

 

៦. ​អាជីវកម្ម​ខុស​​ពី​​អ្នកដទៃ

​ការ​រក​ស៊ី​តាម​ៗ​គ្នា​​នៅ​កន្លែង​​ក្បែរ​ៗ​គ្នា​​ទៀត ​អ្នក​​នឹង​ជួប​ការ​ប្រកួត​ប្រជែង​ និង​បញ្ហា​ប្រឈម​ខ្ពស់​​ ក្នុង​ការ​​ទាក់ទាញ​អតិថិជន។ ​គំនិត​ផ្ដួច​ផ្ដើម​​​ក្នុង​​អាជីវកម្ម​​ ត្រូវ​តែ​ខុស​​ប្លែក​​​ពី​​​​អ្នក​ដទៃ​ ឬ​​អាច​​ច្នៃ​ប្រឌិត​ពី​អាជីវកម្ម​​ដែល​​គេ​មាន​ស្រាប់ ធ្វើ​យ៉ាង​ណា​​ត្រូវ​តែ​​ថ្មី​ ដែល​​មនុស្ស​ទូទៅ​​ពុំ​ទាន់​មាន តែ​ត្រូវ​ការ​ចាំបាច់​៕

 

មិន​គួរ​បើក​អាជីវកម្ម បើ​​​គ្មាន​ចំណុច​ទាំង​​ ៦​នេះ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Lifehack