​កូន​កម្រើក ឬ​ធាក់ ក្នុងពេល​មាន​ផ្ទៃពោះ កើតឡើង​នៅ​ពេល​ណា​ទៅ​?

​កូន​កម្រើក ឬ​ធាក់ ក្នុងពេល​មាន​ផ្ទៃពោះ កើតឡើង​នៅ​ពេល​ណា​ទៅ​?

​ចំណុច​សម្គាល់​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​បំផុត​ក្នុងពេល​មាន​ផ្ទៃពោះ​គឺ​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ដំបូង​ដឹងថា កូន​ក្នុង​ផ្ទៃ​កំពុងតែ​កម្រើក ឬ​ធាក់​តិចៗ​។ ចលនា​ទាំងនេះ​បង្ហាញថា កូន​អ្នក​កំពុងតែ​រស់​រវើក និង​លូតលាស់​បាន​យ៉ាង​ល្អ​។ ​

បើសិន​ជា​ចលនា​របស់​កូន​ថយចុះ ឬ​ឈប់ វា​អាច​បញ្ជាក់​ថា មាន​បញ្ហា​ចំពោះ​សុខភាព​ហើយ​។ ចូរ​យកចិត្តទុកដាក់​ទៅលើ​លក្ខណៈ​នៃ​ការ​ធ្វើ​ចលនា​របស់​កូន​ក្នុងផ្ទះ និង​ប្រាប់​ដល់​គ្រូពេទ្យ​ឲ្យបាន​ដឹង​ផង​បើសិនជា​មាន​អ្វីមួយ​ប្រែប្រួល​។

​តើ​ពេល​ណា​ទើប​កូន​ខ្ញុំ​ចេះ​កម្រើក​? ​អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​អារម្មណ៍​ថា កូន​កំពុងតែ​កម្រើក ឬ​ធាក់ នៅ​ជុំវិញ​សប្តាហ៍​ទី ១៨ នៃ​ការ​មាន​ផ្ទៃពោះ​។ បើសិន​ជា​កូន​ដំបូង​វិញ វា​អាច​នឹង​ពន្យា​ពេល​រហូតដល់ សប្តាហ៍​ទី​២០​ឯណោះ​។ យ៉ាងណាមិញ សម្រាប់​ស្ត្រី​កូន​ទី​ពីរ​ហើយ អ្នក​អាច​នឹង​សម្គាល់​ឃើញ​អាការៈ​នេះ​នៅ​សប្តាហ៍​ទី ១៦​។​

តើ​អារម្មណ៍​នៃ​ការ​កម្រើក​របស់​កូន​មាន​លក្ខណៈ​បែប​ណា​ទៅ​?
​ប្រភេទ​នៃ​ការ​ធ្វើ​ចលនា​របស់​កូន​អាស្រ័យ​ទៅ​តាម​អ្វី​ដែល​កូន​អ្នក​កំពុងតែ​ធ្វើ និង​ដំណាក់កាល​នៃ​ការលូតលាស់​របស់​គេ​ដែរ​។ រាល់​ទារក​នីមួយៗ​គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា ខ្លះ​ក៏​មាន​ភាព​សកម្ម​ជាង ខ្លះ​ក៏​មិនសូវ​ដែរ​។

​អារម្មណ៍​ដឹង​ដំបូង​ថា​កូន​កំពុងតែ​កម្រើក​នោះ អាច​ជា​ការ​ធាក់ បង្វិល​ខ្លួន ឬ​ដូច​ដួលរលំ​។ នៅពេល​អាយុគ័រ​កាន់តែច្រើន ចលនា​ធម្មតា​របស់​ទា​រក​នឹង​កាន់តែច្រើន និង​ញឹកញាប់​ជាង​មុន​ដែរ​។

​នៅ​ពេល​កូន​កាន់តែ​ធំ និង​រឹងមាំ ស្បែក​អ្នក​ក៏​អាច​នឹង​តឹង​ជាង​មុន ហើយ​ក៏​ងាយ​នឹង​មាន​អារម្មណ៍​ដឹងថា​កូន​កំពុងតែ​ឡើង​ជង្គង់ និង​ឲ្យ​កែងដែរ​។ ដល់​ពេល​ជិត​គ្រប់​ខែ ការ​ធាក់​របស់​កូន​អាច​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​អ្នក​ឈឺ​ខ្លាំង​បាន ជាពិសេស​នៅ​តំបន់​ឆ្អឹងជំនី​តែម្តង​។

​តើ​កូន​គួរតែ​កម្រើក​ញឹកញាប់​ប៉ុណ្ណា​ទៅ​? ​
នៅ​ពេល​អ្នក​មាន​អារម្មណ៍​ដឹងថា​កូន​កំពុងតែ​កម្រើក (​ជុំវិញ​សប្តាហ​ទី ២០ ទៅ​២៤) អ្នកនឹង​សម្គាល់​ឃើញ​អាការៈ​នេះ​កាន់តែ​ញឹកញាប់​ហើយ​។ យ៉ាងណាមិញ អ្នក​ប្រហែលជា​មិន​អាច​មាន​អារម្មណ៍​ដឹង​ការ​កម្រើក​នេះ​ជា​និច្ច​នោះទេ ជាពិសេស​បើសិនជា​អ្នក​រវល់​ធ្វើ​ការងារ និង​មិន​យកចិត្តទុកដាក់​នោះ​។

​ទារក​នឹងធ្វើ​ចលនា​កាន់តែច្រើន​នៅ​ពេល​ថ្ងៃ ហើយក៏​អាច​មាន​ភាព​សកម្ម​ច្រើន​នៅ​ពេល​អ្នក​កំពុងតែ​គេង និង​គ្រប់គ្រាន់​ធ្វើឲ្យ​អ្នក​ភ្ញាក់​បានដែរ​។ ជាធម្មតា ទារក​ក្នុង​ផ្ទៃ​អាច​គេង​តែ ២០ ទៅ​៤០​នាទី​ប៉ុណ្ណោះ (​អាច​គេង​ដល់ ៩០​នាទី​ម្តងម្កាល​ដែរ​) ហើយ​គេ​ក៏​មិន​ធ្វើ​ចលនា​អ្វី​ដែរ​នៅពេល​គេ​គេង​។

​ការ​ធ្វើ​ចលនា​របស់​កូន​អាច​នឹង​ប្រែប្រួល​នៅពេល​គេ​លូតលាស់​បាន​កាន់តែ​ច្រើន ហើយ​គួរតែ​ធ្វើ​ចលនា​នោះ​កាន់តែ​ញឹកញាប់​ជាង​មុន​ទៀត​ក្នុង​ត្រីមាស​ទី​៣​។ ដល់​ពេល​ជិត​គ្រប់​ខែ អ្នក​អាច​នឹង​មាន​អារម្មណ៍​ដឹងថា​កូន​ធ្វើ​ចលនា​ញឹកញាប់​ពី ១៦ ទៅ​៤៥​ដង​ក្នុង​មួយ​ម៉ោង​ឯណោះ​។ ក្មេង​ដែល​មាន​សុខភាព​គឺ​នៅ​តែ​ធ្វើ​ចលនា​អញ្ចឹង​ទោះបីជា​ក្នុង​ពេល​អ្នក​សម្រាល​ក៏ដោយ​។​ ​

តើ​គួរ​ធ្វើ​អ្វី​ទៅ​បើសិនជា​កូន​ឈប់​កម្រើក​? ​
បើសិន​ជា​ចលនា​របស់​កូន​ថយចុះ ឬ​ឈប់ វា​អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា​មាន​បញ្ហា​ហើយ​។ បើសិន​ជា​អ្នក​មិន​មាន​អារម្មណ៍​ថា​កូន​មិន​ធ្វើ​ចលនា​ក្នុង​ពោះ​សោះ​រយៈពេល ២៤​សប្តាហ៍​ហើយ ឬ​ធ្វើ​ចលនា​តិច ឬ​ធ្វើឲ្យ​អ្នក​បារម្ភ​ច្រើន ចូរ​ទៅ​ឲ្យ​គ្រូពេទ្យ​ពី​និត្យ​ទៅ​។ អ្នក​អាច​គេង​ចំហៀង​មក​ឆ្វេង ដោយ​មាន​ខ្នើយ​ទ្រ​ពោះ​ផង និង​ផ្ចង់អារម្មណ៍​រកមើល​ការ​កម្រើក​របស់​កូន​រយៈពេល​ពីរ​ម៉ោង​។ បើសិន​ជា​កូន​កម្រើក​មិន​ដល់ ១០​ដង​ផង​ក្នុង​រយៈពេល​ពីរ​ម៉ោង ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​។ ​

បើសិន​ជា​អ្នក​សង្ស័យថា​កូន​កំពុងតែ​មាន​បញ្ហា ថ្វីបើ​គេ​កម្រើក​ចាប់ពី ១០​ដង​ហើយ​ក៏​ដោយ ដើម្បី​សុវត្ថិភាព មិន​ត្រូវ​រងចាំ​មិន​ទាក់ទង​គ្រូពេទ្យ​ឡើយ​។ ​

ដល់​ពេល​នោះ​គ្រូពេទ្យ​នឹង​ពិនិត្យ​ទៅលើ​ចង្វាក់បេះដូង និង​ចលនា​របស់​កូន​។ បើសិន​ជា​ចាំបាច់ គាត់​នឹង​បញ្ជូន​អ្នក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​បន្ថែម​៕ ​

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។