ស្តេច​ថៃ ភូមិបុល អាឌុលយ៉ាដេត កំពុង​ស្ថិត​ក្នុង​អាការ​មិន​នឹងនរ

ស្តេច​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) កំពុង​ស្ថិត​ក្នុង​ស្ថានភាពមិន​នឹងនរ នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​ជាច្រើន នៅ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​ព្រះបរមរាជវាំង។

 

ស្តេច​ថៃ ភូមិបុល អាឌុលយ៉ាដេត  កំពុង​ស្ថិត​ក្នុង​អាការ​មិន​នឹងនរ

ស្តេច​ថៃ ភូមិបុល អាឌុលយ៉ាដេត

 

ទោះជាយ៉ាងណា ព្រះមហាក្សត្រ ព្រះជន្ម ៨៨ឆ្នាំ ដែល​បាន​បម្រើ​រាស្រ្ត​យូរ​ជាង​គេ​បំផុត​លើ​ពិភពលោក​អង្គ​នេះ កំពុង​តែ​ទទួល​បាន​ការ​ត្រួតពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។

 

កាល​ពី​ថ្ងៃសៅរ៍ ក្រុម​គ្រូពេទ្យ​នៅ​ឯ​មន្ទីរពេទ្យ «Siriraj» ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​បញ្ចូល​បំពង់​មួយ ទៅ​ក្នុង​សរសៃ​ឈាម​របស់​ព្រះអង្គ ដើម្បី​អនុញ្ញាត​ឲ្យ​តម្រង​នោម ធ្វើ​ការ​លាង​ឈាម ដែល​គេ​ហៅ​ថា «Hemodialysis»។ ក្រុម​គ្រូពេទ្យ ក៏​បាន​ផ្លាស់​ប្តូរ​បំពង់​បង្ហូរ ដែល​បញ្ចេញ​សារធាតុ​រាវ​ពី​ខួរក្បាល​របស់​ព្រះអង្គ​ផង​ដែរ។ ឆ្លង​កាត់​ដំណើរ​ការ​ព្យាបាល​នេះ សម្ពាធ​ឈាម​របស់​ព្រះអង្គ​បាន​ធ្លាក់​ចុះ​ម្តង​ម្កាល។

 

ស្តេច​ថៃ ភូមិបុល អាឌុលយ៉ាដេត  កំពុង​ស្ថិត​ក្នុង​អាការ​មិន​នឹងនរ

 

នៅ​ថ្ងៃ​អាទិត្យ ក្រុម​គ្រូពេទ្យ បាន​ថ្វាយ​ថ្នាំ​ពេទ្យ​ជូន​ព្រះអង្គ ដើម្បី​ពង្រីក​សរសៃ​ឈាម នៅ​ជុំវិញ​សួត​របស់​ព្រះអង្គ បន្ទាប់​ពី​ឆ្លុះ​អេកូ​ឃើញ​ថា ឈាម​ដែល​ហូរ​ទៅ​ខាង​ឆ្វេង​នៃ​បេះដូង​របស់​ព្រះអង្គ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

 

សម្ពាធ​ឈាម​របស់​ព្រះអង្គ មាន​ភាព​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​ស្ថានភាព​ទូទៅ​របស់​ព្រះអង្គ នៅ​តែ​មិន​នឹងនរ​ដដែល។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍ ពី​ការិយាល័យ «Bureau of the Royal Household» ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់​ព្រះអង្គ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN