ករណីតាចាក់សម្លាប់យាយផ្អើលក្រុងបាត់ដំបង ព្រឹកនេះ​​តាស្លាប់​​ហើយ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា នៅវេលាម៉ោង០៦ព្រឹក​ថ្ងៃទី​១១ តុលា ២០១៦ នេះ ​​ជន​ត្រូវ​​ចោទ​​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ ​ដែលមានជម្លោះ​ជាមួយ​ប្រពន្ធ​រហូត​ចាក់សម្លាប់គ្នា​នោះ បាន​ស្លាប់​​​នៅ​ក្នុងបន្ទប់​មន្ទីរពេទ្យបង្អែក​ ខេត្តបាត់ដំបង បង្ក ឱ្យមានការភ្ញាក់​ផ្អើលយ៉ាងខ្លាំង ខណៈ​ជនរងគ្រោះ​​​មាន​ដីកា​​​ឃុំ​ខ្លួន​​​​ពី​តុលាការ​ ។

ជំហានដំបូង គេមិនទាន់​ដឹង​មូល​ហេតុនៃការស្លាប់របស់​​ជនជាប់​ចោទ​​ខាងលើនោះទេថា បណ្តាលមកពី​គាត់ធ្វើអត្តឃាត​ ឬក៏​មក​ពី​របួស​ តែជាកត់សម្គាល់ ក្នុង​រយៈ​ពេលប៉ុន្មាន​ថ្ងៃនេះ ជនរងគ្រោះបានព្យាយាម​ធ្វើអត្តឃាតខ្លួន​រហូត ដោយពេលខ្លះ​​ដកសារ៉ូម​ចេញពីដៃ ឬក៏​ផឹក​ទឹក​ខណៈ​ដែលក្រុម​គ្រូពេទ្យបាន​​ហាម​ ។ បច្ចុប្បន្ន ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​ត្រួតពិនិត្យសព និង​ស្រាវ​ជ្រាវ​រក​​មូល​​ហេតុពិត ។

គួររំលឹកថា  ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត លោក​លិ សុខា កាលពី​រសៀល​ថ្ងៃ​ទី​០៧ តុលា នេះ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ ដែល​បាន​ចាក់​សម្លាប់​ប្រពន្ធ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ប៉ុន្តែ​ដោយសារ​ជន​នេះ មិន​ទាន់​ជា​របួស​សះស្បើយ តុលាការ​បាន​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ​រូប​នេះ សំរាក​ក្នុង​មន្ទីរពេទ្យ​សិន ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​ពី​សំណាក់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​២៤h/២៤h ។

​ករណី​ហិង្សា​ដ៏​ឃោរឃៅ​បាន​ផ្ទុះ​ឡើង​ក្នុង​គ្រួសារ​មួយ តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ រវាង​ប្ដី​និង​ប្រពន្ធ ដោយ​បាន​ប្រើ​កាំបិត​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ថ្លុកឈាម ។ រីឯ​ប្ដី​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​ជួយ​បញ្ជូន​ភ្លាម​ៗ ទៅ​កាន់​មន្ទី​ពេទ្យ កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤​តុលា ស្ថិត​នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង។

​អំពើ​ហិង្សា​នោះ គឺ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​គ្រួសារ​មួយ ដែល​មាន​ប្ដី​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សៀវ គុណ អាយុ​៥៧​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ ។ បើ​តាម​សួរនាំ​ជម្លោះ​ដ៏​ស្រួច​ស្រាវ​នេះ គឺ​បាន​ផ្ដើម​ចេញពី​ស្ត្រី​ជា​ប្រពន្ធ​ដែល​រករឿង​ប្ដី រហូត​ហ៊ាន​ទាញ​កាំបិត​អារ​.​ក​ប្ដី ជាមួយនឹង​ការ​បណ្ដេញ​ប្ដី​ចេញពីផ្ទះ ទើប​ឈាន​ដល់​ការ​ប្រើ​កាំបិត​ចាក់​សម្លាប់​គ្នា​តែ​ម្ដង ខណៈ​កូនចៅ​រវល់​ចេញ​ក្រៅ​ផ្ទះ ។

ប៉ុន្តែ​បើ​តាម​ការ​សួរនាំ​ដំបូង ទាំង​កូនស្រី​ជន​រង​គ្រោះ ទាំង​អ្នក​ភូមិ​នៅ​ក្បែរ​នោះ ហាក់​ដាក់បន្ទុក​ទៅ​លើ​ជម្លោះ​ដដែល​ៗ ដែល​ផ្ដើម​ចេញពី​ស្ត្រី​ជា​ប្រពន្ធ ដែល​ចេះ​តែ​រករឿង​ប្ដី​ស្ទើរ​រាល់ថ្ងៃ ទើប​ឈាន​ដល់​ការ​ផ្ទុះ​ហិង្សា​ធ្ងន់ធ្ងរ​ចាក់​សម្លាប់​គ្នា​បែប​នេះ ។