យុវជន​ជប៉ុន​ជាង​កន្លះលាននាក់​កំពុង​រស់នៅ​ដោយ​ឃុំឃាំង​ខ្លួនឯង​

មាន​យុវជន ​និងយុវតី​ជប៉ុន​ប្រមាណ​ជាងកន្លះលាននាក់​ត្រូវបាន​រាយការណ៍​ថា​៖ ​កំពុង​រស់នៅ​ដោយ​ឃុំឃាំង​ខ្លួនឯង​ក្នុងទី​ស្ងប់ស្ងាត់​ និងទី​ដាច់ស្រយាល​យ៉ាង​កណ្ដោចកណ្ដែង​អស់ជា​ច្រើន​ខែ​ដោយ​មិន​ចង់​ចេញ​ទៅប្រឡូក​ក្នុងសង្គម​ឡើយ ​នេះបើ​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​ជប៉ុន​ ។​
ជា​ជម្ងឺមួយ​ប្រភេទ​ដែល​ក្រសួងសុខាភិបាល​ជប៉ុន​កំណត់​ឈ្មោះថា​៖ ​“H​i​k​i​k​o​m​o​r​i​”​ ​គឺជា​ជម្ងឺ​ចម្លែក​មួយ​ប្រភេទ​ដែល​ពុំទាន់​មានឱសថ ​ឬវិធី​ព្យាបាល​មានប្រសិទ្ធ​ភាពណា​មួយ​នៅឡើយទេ​ ។ ក្រសួង​សុខាភិបាល​ជប៉ុន​បាន​បង្ហាញថា​៖ ​មានយុវជន​ និងយុវតី​ជប៉ុន​ប្រមាណ​ចំ​នួន​៥៤១,០០០នាក់​នៃ​ចំនួន​យុវជន-​យុវតីសរុប​ កំពុង​រស់នៅ​ដោយ​ឃុំឃាំង​ខ្លួនឯង​នៅកន្លែង​ស្ងាត់​ជ្រងំ​ពីមនុស្ស​ម្នាទូទៅ​ ជា​ពិសេស​គឺនៅ​ក្នុងបន្ទប់​នៃផ្ទះ​របស់​ពួកគេ​តែម្ដង​ ។ បើតាម​ក្រសួង​សុខាភិបាល​ជប៉ុន​ ចំនួន​យុវជន​ដែល​កើតជម្ងឺ​ ”H​i​k​i​k​o​m​o​r​i​”​ ​នេះ​គឺមាន​ការថយ​ចុះជាង​កាលពី៦ឆ្នាំ​មុន ​ដែលកាល​នោះ​មានចំនួន​ជាង​៦៩៦,០០០នាក់​ ។​ 
វេជ្ជបណ្ឌិត​ជប៉ុន​ជាច្រើន ​បានបង្ហាញថា​៖​ មូលហេតុ​ដែលនាំ​ឱ្យយុវជន-​យុវតី​ជប៉ុន​ដ៏ច្រើន​ទាំងនោះ ​ប្រែ​ទៅជា​មាន​ជម្ងឺ​ចម្លែក​យ៉ាងដូច្នេះ​ ព្រោះមក​ពីកត្តា​នៃការ​ជះឥទ្ធិពល​ជ្រុលនិយម​នៃវប្បធម៌​ និង​ផ្លូវចិត្ត ​ដែលភាគ​ច្រើន​គឺកើត​ឡើង​ទៅលើ​យុវជន​ (បុរស) ​ហើយភាគ​ច្រើន​ពួកគេ​សុទ្ធតែ​ជាបញ្ញវន្ត​ដែលបាន​សិក្សា​ដ​ល់​កម្រិត​ឧត្តមសិក្សា​ទាំងអស់ ​។ បើតាម​ទិន្នន័យ​រ​បស់​ក្រសួងសុខាភិបាល​ដដែល ​យុវជន​-​យុវតី​ដែល​ចូលចិត្ត​ឃុំឃាំង​ខ្លួនឯង​នៅទីកន្លែង​ស្ងប់ស្ងាត់​ទាំងនោះ ​គឺមិន​ព្រម​ចេញទៅ​ខាងក្រៅ​រហូតដល់​ទៅជាង៦ខែ ​ឬលើសជាងនេះ​ផងក៏មាន​ ហើយនៅ​ពេលដែល​ពួកគេ​ឃុំឃាំង​ខ្លួនឯង​នៅក្នុង​បន្ទប់​គឺភាគច្រើន​ពួកគេ​ចូលចិត្ត​លេងហ្គេម​, ​អានសៀវភៅ​គំនូរជីវចល,​ និងហូប​ហើយដេក​ ៕​

យុវជន​ជប៉ុន​ជាង​កន្លះលាននាក់​កំពុង​រស់នៅ​ដោយ​ឃុំឃាំង​ខ្លួនឯង​
ដោយ៖ ឈូកស
ប្រភព៖ BI