តារាចម្រៀង និង​អ្នកនិពន្ធ​ផលិតកម្ម​ថោ​ន​2​នាក់​ឌឺដង​ឱ្យ​កម្មវិធី Cambodia Idol

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​ពីរ​នាក់​គឺ​លោក​គូ ម៉ា និង​លោក​ងួ​ន សុ​បិ​ន្ត បាន​ប្រើ​ពាក្យពេចន៍​ឌឺដង​ដល់​កម្មវិធី Cambodia Idol ដែល​រៀបចំ​ធ្វើ​នៅ​លើ​កំពូលភ្នំ​បូកគោ​ក្នុង​វគ្គ Theater Round ជុំ​ទី​២​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ។

ការ​រិះគន់ និង​ការ​ប្រើ​ពាក្យ​បែប​ឌឺដង​ពី​តារា​នៅ​ក្នុង​ផលិតកម្ម​ថោ​ន​នេះ​គឺជា​លើក​ទី​ពីរ​ហើយ បន្ទាប់​ពី​តារាចម្រៀង​នាង​លី អីុ​វ៉ា​ធី​ណា​ក៏​បាន​ប្រើ​ពាក្យ​សម្តី​ប៉ះ​ដល់​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​ដែរ ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​វ័យក្មេង​លោក​គូ ម៉ា សរសេរ​ថា «​លក្ខខណ្ឌ​ថ្មី​មួយ​សម្រាប់​បេក្ខជន​ដែល​ត្រូវ​ប្រលង​ជាមួយនឹង​កម្មវិធី​លំដាប់​ពិភពលោក គឺ​បេក្ខជន​ត្រូវ​តែ​ធន់​នឹង​អាកាសធាតុ (​ហាលខ្យល់ សន្សើម ឬ​ក៏​អាច​ត្រូវ​ភ្លៀង​តិចតួច​) ភ្លេច​បញ្ជាក់​ប្រាប់​ពេល​មុន​ប្រលង ម្យ៉ាង​របស់​គេ​!» ។

តាម​រយៈ​សារ​នេះ​ត្រូវ​តារា​សម្តែង និង​អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​លោក ងួ​ន សុ​បិ​ន្ត ចែកចាយ​បន្ត​ជាមួយនឹង​សារ​បែប​ថែម​ល្បោយ​ថា «​កម្មវិធី​នៅ​វត្ត​ណា​អូន ចុ​ម !» កម្មវិធី​ពិភពលោក​ទៀត​គិត​ម៉េច​ទៅ​អី​ុ​ចឹ​ង ទៅ​ទិញ​ខោអាវ​សិន បាន​ៗ យក​អា​ស្អាត​ជាងគេ​ហើយ​មើលទៅ​» ។

កម្មវិធី Cambodia Idol ដែល​រៀបចំ​ធ្វើ​នៅ​ភ្នំ​បូកគោ​កាលពី​ថ្ងៃអាទិត្យ ទី​៩ តុលា ២០១៦ គេ​សង្កេត​ឃើញ​មាន​បេក្ខជន​មួយ​ចំនួន​ច្រៀង​មិន​បាន​ល្អ​ឡើយ ទាំង​ទឹកដម​សំឡេង និង​ការ​ភ្លេចភ្លាំង​ឃ្លា​បទ​ចម្រៀង ។ បេក្ខជន បេ​ក្ខ​នារី​ភាគច្រើន​ត្រូវ​កម្មវិធី​តម្រូវ​ឲ្យ​ហាត់រៀន​បទ​ចម្រៀង​ថ្មី​ដែល​ដាក់​ជូន​ក្នុង​រយៈពេល​២៤​ម៉ោង​ពេញ​មួយ​យប់ ជាមួយនឹង​អាកាសធាតុ​ដ៏​ត្រជាក់​នៅ​លើ​កំពូលភ្នំ​នា​រដូវវស្សា ។ បេក្ខជន​មួយ​ចំនួន​ដែល​ជ្រុះ​ចេញពី​ការ​ប្រកួត​បាន​ទទួលស្គាល់​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ធ្វើ​មិន​បាន​ល្អ ដោយសារ​តែ​ពួក​គេ​ចាញ់​អាកាសធាតុ និង​ភ្លេចភ្លាំង​ឃ្លា​បទ​ចម្រៀង​ផង​ដែរ ។

ពាក់ព័ន្ធ​បញ្ហា​នោះ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក​អុ​ឹ​ង សុខលាភ ដែល​ជា​អ្នកគ្រប់គ្រង​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ ដោយសារ​ទូរស័ព្ទ​ចូល តែ​មិន​មាន​អ្នក​ទទួល ។

នៅ​ក្នុង​កម្មវិធី​នា​ពេល​នោះ​តារាចម្រៀង និង​ជា​គណៈកម្មការ​លោក​ព្រាប សុវត្ថិ អះអាង​ប្រាប់​បេក្ខជន​ដែល​ជ្រុះ​ធ្លាក់​ពី​កម្មវិធី​ដោយសារ​បញ្ហា​អាកាសធាតុ​ថា «​គ្រប់​បេក្ខជន​ទាំង​សុទ្ធតែ​ជួ​បញ្ហា​នេះ​ដូច​គ្នា ទាំង​ការ​ស្នាក់​នៅ និង​ហូប​ចុក ប៉ុន្តែ​បញ្ហា​សំខាន់​យើង​អាច​ប្រឈម​មុខ​ដោយ​យ៉ាង​ម៉េច និង​ធ្វើ​វា​បាន​ដោយ​របៀប​ណា​» ។

កម្មវិធី​លំដាប់​ពិភពលោក Cambodia Idol ដែល​បាន​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ បាន​ជម្រុះ​បេក្ខជន​ក្នុង​ចំណោម​៣២​នាក់ ឲ្យ​មក​នៅ​ត្រឹម​១៩​នាក់ សម្រាប់​ឡើង​ទៅ​វគ្គ Green miles ជា​បន្ត​ទៀត​នៅ​ស​ប្តា​ហ៍​ក្រោយ ៕