ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ត្រូវការ​ជំនួយ

រដូវរងាធ្លាក់ទឹកកកជិតចូលមកដល់ហើយនៅក្នុងប្រទេសកូរ៉េខាងជើង ដែលនៅទីនោះ មនុស្សជិត ៦ សែននាក់ ដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក កំពុងត្រូវការជំនួយជាបន្ទាន់។

ខ្យល់ព្យុះដែលបានបោកបក់ចំប្រទេសកូរ៉េខាងជើងកន្លងមក បានបង្កជាទឹកជំនន់ធ្វើឲ្យលិចលង់ភូមិជាច្រើននៅជិតទន្លេ Tumen ដែលស្ថិតនៅតាមព្រំប្រទល់ជាមួយប្រទេសចិន និងរុស្ស៊ី។

Loading...

អង្គការផ្ដល់ជំនួយសប្បុរសធម៌ផ្សេងៗបានឲ្យដឹងថា ទឹកជំនន់នេះបានធ្វើឲ្យមនុស្សចំនួន ១៣៨ នាក់បានបាត់បង់ជីវិត មនុស្ស ៤ រយនាក់បាត់ខ្លួន និងមនុស្ស ៧ ម៉ឺននាក់ផ្សេងទៀតគេចចេញពីផ្ទះសម្បែង។ ប្រទេសកូរ៉េខាងជើងកាលពីទសវត្សរ៍ ១៩៩០ ក៏បានរងគ្រោះដោយសារគ្រោះរាំងស្ងួតមួយចំនួន ដែលមួយផ្នែក បណ្ដាលឲ្យប្រជាពលរដ្ឋកូរ៉េខាងជើងរងគ្រោះ និងជួបប្រទះគ្រោះអត់ឃ្លាន។

ទឹកជំនន់នេះ ក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ ម៉ឺនខ្នង និងសាលារៀន ក៏ដូចជាមន្ទីរពេទ្យផ្សេងៗផងដែរ។ ជាងនេះទៅទៀត វាក៏បានបំផ្លាញចម្ការដំណាំដែលជិតប្រមូលផលរបស់កសិករ អស់ ៣ ម៉ឺនហិកតា។

លោក Paolo Fattori ដែលជាប្រធានកម្មវិធីសម្រាប់ប្រទេសកូរ៉េខាងជើងនៃអង្គការ Save the Children បាននិយាយថា ប្រទេសកូរ៉េខាងជើងត្រូវការជំនួយជាបន្ទាន់ ដូចជាទឹកស្អាត អាហារបរិភោគ និងការជួយកសាងកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនរងគ្រោះដោយសារទឹកជំនន់នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ មុនពេលធាតុអាកាសធ្លាក់ដល់ក្រោមសូន្យអង្សា។

អង្គការ UNICEF ដែលបានសហការជាមួយអង្គការផ្សេងៗទៀត កំពុងអំពាវនាវរកជំនួយចំនួន ២៨ លាន ២ សែនដុល្លារអាមេរិក សម្រាប់ជំនួយបន្ទាន់ និងជំនួយរយៈពេលវែង ដើម្បីជួយកសាងផ្ទះសម្បែង សាលារៀន និងមន្ទីរពេទ្យនានាដែលរងការបំផ្លាញដោយសារទឹកជំនន់ និងដើម្បីជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹក និងអនាម័យដែលរងការខូចខាត៕

ប្រភព៖ VOA