ចិននៅតែមានទំនាក់ទំនងរកស៊ីយ៉ាងល្អជាមួយកូរ៉េខាងជើង បើទោះបីមានការដាក់ទណ្ឌកម្មក្តី

ចិននៅតែមានទំនាក់ទំនងរកស៊ីយ៉ាងល្អជាមួយកូរ៉េខាងជើង បើទោះបីមានការដាក់ទណ្ឌកម្មក្តី

 

តួនាទីរបស់ចិន នៅក្នុងការគ្រប់គ្រងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង មានសារសំខាន់យ៉ាងខ្លាំង ប៉ុន្តែចិនបានបង្ហាញពីការគាំទ្រ ដល់កូរ៉េខាងជើង ដោយបន្តរកស៊ីជាមួយគ្នាដូចដើម បើទោះមានការដាក់ទណ្ឌកម្មពីអាមេរិកក្តី ។ ទាំងនោះគឺជាការឌឺដងមួយធ្វើឲ្យទំនាក់ទំនងរវាងចិន នឹងអាមេរិកកាន់តែតានតឹង ។ចិនបានយល់ព្រមដាក់ទណ្ឌកម្មកូរ៉េខាងជើង ទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាំងពីខែមីនាមក ក្រោយកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូជាលើកទី៤ ។

ក្រោយមកអាមេរិកបានរកឃើញថា ក្រុមហ៊ុនចិន នៅជាប់ព្រំដែន គឺជាអ្នកកំណត់កម្មវិធីបរមាណូរបស់កូរ៉េខាងជើង ដោយប្រាក់ចំណូលសម្រាប់កម្មវិធីនោះ គឺចេញមកពីប្រទេសចិនទាំងស្រុង ។ ទាំងនោះហើយ ទើបអាមេរិកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ។តាមតួលេខរបស់កូរ៉េខាងត្បូង ទំនិញនាំពីចិនទៅកាន់កូរ៉េខាងជើងមានរហូតដល់៣៣៧លានដុល្លារ ក្នុងខែសីហា គឺកើនឡើង៤១ភាគរយ ។ ចំណែកទំនិញនាំពីកូរ៉េខាងជើងទៅកាន់ចិនវិញ កើនឡើង ស្មើ២៨៦លានដុល្លារ ។

ក្រុមហ៊ុនពាណិជ្ជកម្មចិន បានរងការចោទប្រកាន់ថា មានសកម្មភាពពាក់ព័ន្ធនឹងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ។ ក្រសួងការបរទេសចិន បានប្រឆាំងនឹងការដាក់ទណ្ឌកម្មខាងលើរបស់អាមេរិក ។អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅទីក្រុងប៉េកាំងថា ចិនបានអនុវត្តទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង ។ ប្រទេសណាមួយដែលបានបំពាន នឹងត្រូវទទួលរងទណ្ឌកម្ម ។ ចិននឹងសហការជាមួយបណ្តាប្រទេសដោះស្រាយស្ថានភាពដោយមានតម្លាភាព។

កន្លងមក អាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងបុគ្គល៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការជួយដល់កូរ៉េខាងជើងគេចពីច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងជាសកម្មភាពជួយដល់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាងផងដែរ ។ក្រុមហ៊ុន Dandong Hongxiang ត្រូវបានចោទប្រកាន់ថា បានជំនួសមុខឲ្យធនាគារកូរ៉េខាងជើង ដែលទទួលរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិដើម្បីរារាំងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង ។ ការដាក់ទណ្ឌកម្មនេះ គឺក្រោយពេល ដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទី៥ កាលពីដើមខែកញ្ញា បង្ក ឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។

ក្រៅពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Dandong Hongxiang អាមេរិក ក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល៤រូបដែរ ក្នុងនោះ មាន Ma Xiaohong , XhouJianshu, HongJinhuaនិង La chuanxu ដែលមានចេតនាបំពានច្បាប់ និងចូលរួមក្នុងសកម្មភាពលាងលុយខ្មៅផងដែរ ។

បច្ចុប្បន្ន កូរ៉េខាងជើងកំពុងទទួលរងការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ៥ផ្សេងគ្នា ចាប់តាំងពីប្រទេសនេះ បានសាកល្បងគ្រាប់បែកបរមាណូលើកទីមួយ នៅឆ្នាំ២០០៦ ។ ជាមួយគ្នានោះ កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ក្រោយការដាក់ទណ្ឌកម្មនោះ ដែលជាការឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិ ដូចជាសព្វដងដែលប្រទេសនេះបានធ្វើ ។ក្រុមហ៊ុនចិន នៅតាមព្រំដែនដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធីបរមាណូកូរ៉េខាងជើង បើគ្មានចិនទេនោះ កម្មវិធីបរមាណូ ក៏គ្មានប្រាក់ដើម្បីបន្តដែរ ។

ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ចិនកំពុងតែប្រើប្រាស់កូរ៉េខាងជើងសម្រាប់ ទប់ទល់អាមេរិក ។ ចិនមិនដែលមានប្រតិកម្មអ្វីចំពោះការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងនោះឡើយ ដោយចិនរក្សាភាពស្ងៀមស្ងាត់ទុកឲ្យកូរ៉េខាង ជើងធ្វើអ្វីតាមតែអំពើចិត្តបើទោះបីសហ គមន៍អន្តរជាតិថ្កោលទោសខ្លាំងប៉ុនណាក៏ដោយ ៕

ប្រភព ៖ nokorwatnews

 

 

 

 

  • ចិននៅតែមានទំនាក់ទំនងរកស៊ីយ៉ាងល្អជាមួយកូរ៉េខាងជើង បើទោះបីមានការដាក់ទណ្ឌកម្មក្តី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: