លោក ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅ​ក្រុង​ស៊ី​ដ​នី

ទីក្រុង​ស៊ី​ដ​នី ៖ នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ លោក ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លៀតពេល​ដ៏​មមាញឹក ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ដែល​រស់នៅ និង​សិក្សា​ក្នុង​ទីក្រុង​ស៊ី​ដ​នី នៃ​ប្រទេស​អូស្ត្រាលី ប្រមាណ​ជាង​១០០​នាក់ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្ស និង​និស្សិត​ពេល​ដែល​មានឱកាស​បាន​មក​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ឱកាស​ទាំង​អស់នេះ​មិនមែន​កើត​មាន​ដោយ​ឯកឯង​នោះ​ទេ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​រវាង​រាជ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី និង​ការ​ខិតខំ​របស់​ប្អូន​ៗ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ស្តាប់ និង​ទទួលយក​នូវ​សំណូមពរ និង​របាយការណ៍​មួយ​ចំនួន​ពី​និស្សិត​ដែល​កំពុង​សិក្សា​ក្នុង​ប្រទេស​អូស្ត្រាលី ។ លោក​បាន​យកចិត្តទុកដាក់​ក្នុង​ការ​សម្របសម្រួល​នូវ​យន្តការ​មួយ​ចំនួន​ដើម្បី​ឱ្យ​សិស្ស​និស្សិត​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេសអូស្ត្រាលី​នេះ​មានឱកាស​រៀនសូត្រ​បាន​ល្អ​ប្រសើរ និង​ត្រៀម​ជួយ​ដល់​និស្សិត​ដែល​នឹង​មក​បន្ត​ការ​សិក្សា​ក្នុង​ប្រទេស​នេះ​ផង​ដែរ ។ លោក​ក៏​បាន​ផ្តល់​នូវ​បទ​ពិសោធន៍​សិក្សា​នៅ​ក្រៅប្រទេស និង​បាន​ផ្តល់​នូវ​ដំបូន្មាន​ល្អ​ៗ​ជា​ច្រើន​ដល់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ។

លោក​បាន​លើក​ឡើង​ថា និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្រៅប្រទេស ត្រូវ​ផ្តោត​សំខាន់​លើ​ចំណុច​៣​គឺ ទី​១-​រៀន​នៅ​ក្នុង​សាលា ដោយ​ផ្តោត​លើ​ទ្រឹស្តី ទី​២-​រៀន​ពី​ជីវិត​ជាក់ស្តែង​នៅ​ក្រៅ​សាលា និងទី​៣-​ត្រូវ​រៀន​បង្កើត​ទំនាក់ទំនង​ឱ្យ​បាន​ល្អ​ប្រសើរ ។

សូម​បញ្ជាក់​ថា កិច្ច​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ដល់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់​ដឹង​សុខទុក្ខ និង​ការ​រីក​ចម្រើន​នៃ​ការ​រៀនសូត្រ​របស់​និស្សិត និង​ស្វែង​យល់​ពី​ព័ត៌មាន​ត្រឡប់​អំពី​តម្រូវការ និង​សំណូមពរ​ផ្សេង​ៗ ដើម្បី​បង្កើត​នូវ​យន្តការ​ផ្សេង​ៗ និង​មធ្យោបាយ​ដើម្បី​ជួយ​ដល់​ការ​ស្នាក់​នៅ និង​ការ​សិក្សា​របស់​និស្សិត ជួយ​ដល់​និស្សិត​ដែល​មានឱកាស​មក​បន្ត​ការ​សិក្សា​ក្នុង​ប្រទេស​អូស្ត្រាលី ៕