ហួសចិត្ត​ពេល​ស្តាប់​ការ​សារភាព​របស់​ឃាតករ​សម្លាប់​​ដោយ​​ចាក់​កម្ទេច​កែវភ្នែក​ទាំង​២

ខេត្តព្រៃវែង ៖ ទីបំផុត ឃាតករ​ដែល​សម្លាប់​ប្តី​-​ប្រពន្ធ​ដើរ​រក​ខ្យង​ពេល​យប់​យ៉ាង​ឃោរឃៅ​ដោយ​ចាក់​កម្ទេច​កែវភ្នែក​ទាំង​២​នោះ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ។

សូម​បញ្ជាក់​ថា ប្តី​-​ប្រពន្ធ​ដើរ​រក​ខ្យង​ពេល​យប់​ត្រូវ​ឃាតករ​សម្លាប់​យ៉ាង​ឃោ​រឃៅ ចាក់​កម្ទេច​កែវភ្នែក​ទាំង​២

លោក​ឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឆាយ ហេង ហៅ តឹង ។ ចំណែក​ប្តី​ប្រពន្ធ​រង​គ្រោះ ប្រពន្ធ​ឈ្មោះ កាក់ ប៊ុ​ន​ថា​ន អាយុ​៤៨​ឆ្នាំ និង​ប្តី​ឈ្មោះ មាន យ៉​ន អាយុ​៤៣​ឆ្នាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ ខ្លួន​ពិតជា​បាន​សម្លាប់​២​នាក់​ប្តី​ប្រពន្ធ​នៅ​ចំណុច​កើតហេតុ​ពិតប្រាកដ​មែន ដោយសារ​តែ​មូលហេតុ​ផ្តើម​ចេញពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ជេរ​ប្រមាថ​មាក់ងាយ​ខ្លួន ពេល​ខ្លួន​​ហៅ​ប្តី​ទៅ​ផឹកស៊ី​ម្តង ។ ជនសង្ស័យ​បន្ត​ថា ដោយសារ​ការ​ប្រមាថ​មាក់ងាយ​នេះ​ធ្វើ​ឲ្យ​ខ្លួន​មាន​គំនុំ​ក្នុង​ចិត្តចាំសម្លាប់តែម្តង ។ ពេល​ឃើញ​២​នាក់​ប្តី​ប្រពន្ធ​ទៅ​ស្រែ​ពេល​យប់​ខ្លួន​ក៏​ស្ទាក់​សម្លាប់​ប្រពន្ធ​ដែល​ដើរ​ពីក្រោយ​ប្តី ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​ស្រែក​ឲ្យ​ប្តី​ជួយ ពេល​ប្តី​មក​ក៏​សម្លាប់​ប្តី​ទៀត​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​៨ ខែតុលា ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​រក​ខ្យង ត្រី តាម​ទម្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​ហើយ​ក៏​បាន​បាត់​មិនឃើញ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ទេ ។ ស្ត្រី​ចំណាស់​ជា​ម្តាយ​ដែល​មានផ្ទះ​នៅ​ទីទៃ​ពី​គ្នា​បាន​ដើរមក​សួរ​ពួក​ចៅ​ៗ​ព្រោះ​បាត់​ឪពុក​ម្តាយ​ពួក​គេ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​ដូច​សព្វមួយដង ។ ដោយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​តាម​រក​រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​ប្រទះ​ឃើញ​សាកសព​ទាំង​២​នាក់​នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​ព្រៃ​ផ្តៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច និង​មាន​ចម្ងាយ​ប្រមាណ​៨៥០​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ ៕