​កូនស្រី​រត់​ចេញពីក្នុងផ្ទះអង្គុយ​​ស្រែក​​យំ​ ព្រោះ​រន្ធត់និយាយលែងរួច

ខេត្ត​ស្រះ​កែវ​-​ថៃ ៖ ស្ត្រី​ខ្មែរ​ម្នាក់​ដែល​មាន​ប្តី​ជា​ជនជាតិ​ថៃ បាន​ត្រូវ​ប្តី​នោះ​អា​រកសម្លាប់ រួច​ហើយ​អា​រក​ខ្លួនឯង​តាម​ក្រោយ​ស្លាប់​តាម​គ្នា​ដែរ ដោយសារ​តែ​ប្រចណ្ឌ​បន្ទាប់​ពី​ស៊ើប​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​លប​លួច​មាន​សហាយស្មន់ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ថៃ​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែតុលា មេ​ភូមិ​៣ លោក ថា​រី សារី​អួន បាន​រាយការណ៍​ពី​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ ដែល​បាន​កើតឡើង​នៅ​ក្នុង​លំនៅ​ឋាន​មួយ​ក្នុង​ឃុំ​ឆ​ង​គុំ ស្រុក​វ​ឌ្ឍ​នា​ណា​ខន ខេត្ត​ស្រះ​កែវ ។

ស្ត្រី​ចំណាស់​ជា​ម្តាយ​របស់​បុរស​ជា​ប្តី​ឈ្មោះ ច័ន្ទ តេជៈ អាយុ​៧០​ឆ្នាំ និយាយ​ថា កូនប្រុស​របស់​គាត់​ បាន​ស្ត្រី​ខ្មែរ​ជា​ភរិយា​ជា​យូរ​មក​ហើយ នាង​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​។ ពួក​គេ​មានកូន​ពីរ​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ ។ កាលពី​២​ថ្ងៃមុន កូនប្រុស​គាត់​បាន​ទូរស័ព្ទ​មក​សួរសុខទុក្ខ​គាត់ និង​ប្រពន្ធ​របស់​គេ​ដែរ ព្រោះ​គេ​បាន​ទៅ​រកស៊ី​នៅ​ឆ្ងាយ​ពី​ផ្ទះ ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កូនប្រុស​របស់​គាត់​បាន​មក​លេង​ផ្ទះ ហើយ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​តមាត់​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង ដោយ​កូនប្រុស​គាត់​បាន​ចោទប្រកាន់​ប្រពន្ធ​ថា លួច​ផិតក្បត់​​ដោយ​មាន​ប្រុស​នៅ​ខាងក្រៅ ។ ចំពោះ​រូប​គាត់​ជា​ម្តាយ​បាន​ត្រឹមតែ​អង្គុយ​ស្តាប់​ពី​ផ្ទះ​របស់​គាត់ ​ដែល​នៅ​ក្បែរ​គ្នា​ប៉ុណ្ណោះ ព្រោះ​ទោះបីជា​ហាមឃាត់​យ៉ាងណា​ក៏​មិន​ស្តាប់​ដែរ គឺ​មាន​តែ​កូន ស្រី​របស់​គេ​ម្នាក់​គត់​នៅ​ក្នុងផ្ទះ​នោះ គឺ​នៅ​មើល​ឪពុក​ម្តាយ​ឈ្លោះ​គ្នា ។

បន្តិច​ក្រោយមក ស្រាប់តែ​ឮ​ចៅស្រី​របស់​គាត់​ស្រែក​ឆោឡោ​ឡើង​យ៉ាង​ខ្លាំង​និង​រត់​ចេញ​មក​ខាងក្រៅ​ផ្ទះ ហើយ​ស្រែក​ទ្រហោយំ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ជិតខាង ព្រមទាំង​លោក​មេ​ភូមិ​ផង​ដែរ ។ លុះ​ពេល​ចូល​ទៅ​មើល ឃើញ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​ដេក​ក្រាប​លើ​គ្នា​ក្នុង​ថ្លុកឈាម ដោយនៅ​ក្នុង​ដៃស្តាំ​ប្តី​មាន​កាន់​កាំបិត​មួយ​ផង ។

ក្រោយ​ពេល​ក្រុម​តម្រួត​ចុះ​ទៅ​ពិនិត្យ ព្រមទាំង​ហៅ​សាក្សី​មួយ​ចំនួន​មក​សាកសួរ គឺ​កូនស្រី​ច្បង​របស់​ពួក​គេ​ទាំង​ពីរ​នាក់​បាន​និយាយ​អំពី​សកម្មភាព​របស់​ឪពុក​ម្តាយ​ដែល​ឈ្លោះ​គ្នា​ថា នៅ​ពេល​កំពុង​ឈ្លោះ​គ្នា​នោះ ស្រាប់តែ​ឪពុក​ស្ទុះ​ទៅ​ច្របាច់ក​ម្តាយ ហើយ​ទាញ​កូនកាំបិត​ចុង​ស្រួច ​មក​អា​រក​ម្តាយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ទើប​គាត់​អា​រក​ខ្លួនឯង​តាម​ក្រោយ ។

បន្ទាប់​ពី​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​បញ្ជាក់​ថា ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ត្រូវ​បាន​អា​រក​ស្ទើរតែ​ដាច់​ទៅ​ហើយ ដោយ សារ​ផ្លែកាំបិត​ដ៏​មុត​ស្រួច​នេះ​។ ក្រុម​គ្រួសារ​និង​សមត្ថកិច្ច បាន​នាំ​យក​សព​ប្តី​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ឯ​វត្ត​ក្នុងភូមិ​ខាងលើ ចំណែក​សព​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​ជនជាតិ​ខ្មែរ គេ​មិន​ទាន់​ដឹង​ថា​តើ​ត្រូវ​បញ្ជូន​មក​កាន់​ខេត្តបាត់ដំបង​ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ឬ​ក៏​ត្រូវ​បូជា​នៅ​ថៃ​នោះ​ឡើយ ៕