តើអំបិលម្ទេស ដែលកំពុងជក់ចិត្តញ៉ាំរាល់ថ្ងៃ ពិតជាគ្រោះថ្នាក់ដល់ សុខភាពមែនទេ?

គ្រាន់តែលឺពាក្យ អំបិលម្ទេសស្រៀវមាត់ណាស់មែនទេ? បច្ចុប្បន្ននេះ មនុស្សភាគច្រើនមិនថាប្រុស រឺស្រី និយមចូលចិត្ត ទទួលទានអំបិលម្ទេស ដែលជារឿយៗពួកគេតែងទទួលទានជាមួយនឹងម្ជូរ និងម្ហូបអាហារជាដើម។ ចុះប្រិយមិត្តដឹងទេ តើការទទួលទានអំបិលម្ទេស ពិតជាមានគ្រោះថ្នាក់ រឺយ៉ាងណា?

ថ្ងៃនេះ Khmerload បានសម្ភាសន៍យុវវ័យ ៣រូប ដែលពួកគេបានបញ្ចេញមតិខុសៗគ្នា លើការទទួលទានអំបិលម្ទេស ថាតើប៉ះពាល់សុខភាពដូចគេនិយាយមែន ឬយ៉ាងណា។ 

ជួបជាមួយលោក បញ្ញា វ័យ២០ឆ្នាំ សព្វថ្ងៃនេះ ជានិស្សិត បាននិយាយប្រាប់ Khmerload ថា "និយាយរឿងអំបិលម្ទេសពេលណា ដឹងតែចេញទឹកមាត់តែម្តង ដែលកន្លងមក ខ្ញុំតែងញ៉ាំវា ជាមួយនឹងម្ជូរ ។ ចំពោះអំបិលម្ទេស ភាគច្រើនគឺខ្ញុំ មិនដែលដាក់ស្ករប៉ុន្មានទេ ព្រោះមានអារម្មណ៍ថាមិនសូវឆ្ងាញ់ និងគ្មានរសជាតិ។ តែសម្រាប់អ្នកផ្សេង គឺខ្ញុំមិនដឹងទេថា តើពួកគេចូលចិត្តដាក់ស្ករ រឺក៏យ៉ាងណានោះទេ"

ក្នុងនោះ លោក បញ្ញា ក៏បានបន្ត "ភាគច្រើន ខ្ញុំតែងលឺគេនិយាយថា ញ៉ាំអំបិលម្ទេស វាបង្កទៅជាស្រៀវស្រាញ រឺធ្វើទុក្ខក្នុងខ្លួន។ បើជាគំនិតខ្ញុំ អំបិលម្ទេស វាមិនមានឥទ្ធិពលខ្លាំង ដល់ថ្នាក់ធ្វើឲ្យប៉ះពាល់សុខភាពនោះទេ ប្រហែលអ្នកទាំងនោះ ពួកគាត់មានបញ្ហាក្នុងខ្លួនស្រាប់ ដូចជាបញ្ហាក្រពះ  ឬបំពង់ក ជាដើម មិនមែនក្រោយពេលទទួលទានអំបិលម្ទេសនោះឡើយ"។ 

ជាចុងក្រោយ លោក បញ្ញា ក៏និយាយថា "ខ្ញុំនៅតែអះអាងថា អំបិលម្ទេស វាពិតជាមិនបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ដូចគេនិយាយទេ។ ប៉ុន្តែទោះបី វាមិនធ្វើឲ្យសុខភាពមានបញ្ហាក៏ដោយ ក៏យើងអាចទទួលទានវាក្នុងបរិមាណសមស្រប ដែលអាចនិយាយបានថា កុំច្រើនពេក រឺហួសកម្រិត"។ 

ងាកមករកកញ្ញា ម៉ូនីកា ដែលសព្វថ្ងៃនេះ ជាបុគ្គលិកនៅធនាគារមួយកន្លែង ក៏បាននិយាយរៀបរាប់ដែរថា "បើតាមគំនិតខ្ញុំ ចំពោះអំបិលម្ទេស វាប៉ះពាល់សុខភាពខ្លាំង ដែលយើងមិនអាចមើលឃើញបាន។ សារធាតុផ្សំនៃអំបិលម្ទេស មានដូចជាស្ករ  ប៊ីចេង និងម្ទេស មិនសូវធ្វើឲ្យសុខភាពយើងល្អប៉ុន្មានទេ ដូចជាខ្ញុំលើកត្រង់ប៊ីចេងមួយ បើយើងញ៉ាំច្រើន វាបង្កដល់គ្រោះថ្នាក់ពេលដែលយើងចាស់ ដែលអាចទៅជាពុកឆ្អឹង។ ចំណែកឯម្ទេសវិញ ក៏ជាចំណែកមួយ ផ្តល់ផលឲ្យយើងនូវភាពក្រហល់ក្រហាយក្រពះ រឺក៏អាចឡើងមុនក៏ថាបាន។  ជាពិសេស ប្រសិនបើយើងមិនទាន់បរិភោគអាហារពេលព្រឹក ហើយទៅទទួលទានអំបិលម្ទេសទៀត គឺកាន់តែធ្វើទុក្ខទោសដល់ក្រពះកាន់តែខ្លាំង យូរៗទៅនឹងធ្វើឲ្យរលាកក្រពះទៀតផង"

កញ្ញា ម៉ូនីកា បានបន្តថា "សម្រាប់ខ្ញុំ មិនសូវទទួលទានអំបិលម្ទេស ដោយជំនួសជាអំបិលបង្គាវិញ ដោយដាក់តែ អំបិល បង្គាក្រៀម និងស្ករតិចបំផុត"

ជាចុងក្រោយ កញ្ញារូបស្រស់នេះ បានក្រើនរំលឹកថា "ប្រសិនបងប្អូនណាដែលនិយមទទួលទានអំបិលម្ទេស ដែលអត់មិនបានក្នុងមួយថ្ងៃនោះ គួរតែកាត់បន្ថយបន្តិចក៏ល្អម្យ៉ាងដែរ ដើម្បីសុខភាពរបស់អ្នកទៅថ្ងៃក្រោយ "។ 

សម្រាប់ស្រីស្អាត ប៉ាតាវ៉ាន់ វិញមិនបានគាំទ្រ នូវគំនិតរបស់កញ្ញា ម៉ូនីកា ដែលបាននិយាយខាងលើនោះទេ គឺរូបនាង បាននិយាយថា "អំបិលម្ទេស វាមិនបានប៉ះពាល់សុខភាពខ្លាំងក្លាបែបនេះទេ។ ចំពោះរូបខ្ញុំផ្ទាល់ ក៏ជាអ្នកចូលចិត្តអំបិលម្ទេសដែរ មិនឃើញមានបញ្ហាសុខភាព គួរឲ្យកត់សម្គាល់ផង។ ជាពិសេស ខ្ញុំតែងញ៉ាំវា ជាមួយម្ជូរ ច្រើនជាងជាមួយម្ហូបអាហារ។

បើនិយាយរឿងម្ទេសវិញ វាដូចមិនផ្តល់ផលអាក្រក់នោះទេ ព្រោះថាបើតាមខ្ញុំដឹងកន្លងមក វាជួយធ្វើឲ្យសម្ពាធឈាមយើង ស្ថិតក្នុងបរិមាណសមស្រប មិនឡើង ក៏មិនទាប។ ជាពិសេសម្ទេស ដុតបំផ្លាញកាឡូរី និងខ្លាញ់ នៅត្រង់ចំនុចមួយចំនួនលើរាងកាយ ដូចជា ក្បាលពោះ ភ្លៅ កំភួនជើងជាដើម។ ដូច្នេះហើយ ម្ទេសដែលបានលាយនៅក្នុងអំបិល មិនបានធ្វើទុក្ខទោស ដូចជាបងប្អូនមួយចំនួន បានយល់ឃើញឡើយ"។ 

"ជាចុងក្រោយខ្ញុំ ក៏ចង់ផ្តែផ្តាំទៅបងប្អូនថា អំបិលម្ទេស វាមិនអាចធ្វើទុក្ខទោសដល់សុខភាពយើងបាននោះទេ។ ប៉ុន្តែបើបងប្អូន ខ្លាចមានបញ្ហានោះ អាចកាត់បន្ថយជាមួយនឹងគ្រឿងផ្សំមួយចំនួននៅក្នុងអំបិលម្ទេសបាន ដូចជាមាន បីចេង រឺក៏ស្ករ"។ សម្តីកញ្ញា ប៉ាតាវ៉ាន់ ។

យ៉ាងណាមិញ នេះគ្រាន់តែការយល់ឃើញ របស់យុវវ័យខ្មែរមួយចំនួន ដែលបានបញ្ចេញមតិរៀងៗខ្លួន ទៅលើអំបិលម្ទេសតែប៉ុណ្ណោះ។ សម្រាប់ Khmerload ក៏ក្រើនរំលឹកទៅកាន់ប្រិយមិត្តផងដែរថា ទោះបីអំបិលម្ទេស ផ្ដល់ផលប៉ះពាល់សុខភាព រឺក៏មិនមែនក៏ដោយ ក៏គួរតែទទួលទានវា នៅក្នុងបរិមាណសមរម្យផងដែរ ចៀសជាងមានបញ្ហាសុខភាព ជាយថាហេតុ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តើអំបិលម្ទេស ដែលកំពុងជក់ចិត្តញ៉ាំរាល់ថ្ងៃ ពិតជាគ្រោះថ្នាក់ដល់ សុខភាពមែនទេ?

តើអំបិលម្ទេស ដែលកំពុងជក់ចិត្តញ៉ាំរាល់ថ្ងៃ ពិតជាគ្រោះថ្នាក់ដល់ សុខភាពមែនទេ?

តើអំបិលម្ទេស ដែលកំពុងជក់ចិត្តញ៉ាំរាល់ថ្ងៃ ពិតជាគ្រោះថ្នាក់ដល់ សុខភាពមែនទេ?

តើអំបិលម្ទេស ដែលកំពុងជក់ចិត្តញ៉ាំរាល់ថ្ងៃ ពិតជាគ្រោះថ្នាក់ដល់ សុខភាពមែនទេ?