ទស្សនា​ព្រៃ​កោងកាង​ជិត ២ពាន់ហិតា នៅ​ពាម​ក្រសោប

ស្ថិត​ក្នុង​ភូមិ ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក មណ្ឌលសីមា ខេត្ត​កោះកុង  សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ពាម​ក្រសោប គឺ​ជា​កន្លែង​ទេសចរណ៍​ព្រៃ​កោងកាង​ដ៏​ធំ​មួយ​របស់​ខេត្ត កោះកុង ។

 

ទស្សនា​ព្រៃ​កោងកាង​ជិត ២ពាន់ហិតា  នៅ​ពាម​ក្រសោប

 

កោងកាង​ជា​ប្រភេទ​រុក្ខជាតិ​សមុទ្រ​មួយ​ប្រភេទ ដែល​ដុះ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មាន​ភក់​ល្បប់ មាន​ទឹក​ប្រៃ​ជោរ​នាច ហើយ​ធន់​នឹង​កំហាប់​អំបិល​ខ្ពស់។ ព្រៃ​កោងកាង​មិន​ត្រឹម​តែ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ទេ សូម្បី​តែ​សត្វ​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​វា​ដែរ។ ដូចជា​ជម្រក​ត្រី ខ្ចង ក្ដាម​គ្រប់​ប្រភេទ​រស់​នៅ និង​ជា​ជម្រក​ពង​កូន​យ៉ាង​សំខាន់។ ក្រៅ​ពី​នេះ​ដើម​កោងកាង​ជា​របាំង​យ៉ាង​រឹងមាំ​សម្រាប់​ការពារ​ខ្យល់​ព្យុះ ឬ​រលក​សមុទ្រ មិន​ឲ្យ​បោកបក់​បំផ្លាញ​ដំណាំ និង​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​តំបន់​ឆ្នេរ​សមុទ្រ ផង​ដែរ។

 

លោក សៀក សាបុន ប្រធាន​សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ពាម​ក្រសោប បាន​ឲ្យ​ដឹង​ថា សហគមន៍​របស់​លោក​មាន​​ផ្ទៃ​ដី​ជាង​៣០០០ហិតា ដោយ​នៅ​ក្នុង​នេះ​ព្រៃ​កោងកាង​គ្របដណ្ដប់ ១៣២៦ ហិតា ដោយ​បាន​​បើក​ឲ្យ​ដំណើរ​ការ​ក្នុង​អំឡុង​ឆ្នាំ២០០១។

 

កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ ១៩៩០ ព្រៃ​ដើម​កោងកាង រង​ការ​កាប់​យក​ទៅ​ធ្វើ​ធ្យូង និង​វាត​យក​ដី​យ៉ាង​ធ្ងន់ធ្ងរ​ស្ទើរ​តែ​ផុត​ពូជ។ ប៉ុន្តែ​បច្ចុប្បន្ន ពលរដ្ឋ​ភាគ​ច្រើន​ជា​ពិសេស​ប្រជា​នេសាទ បាន​យល់​ដឹង​ពី​សារ​ប្រយោជន៍​របស់​វា និង​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​យ៉ាង​ហ្មត់ចត់ និង​មាន​ផែនការ​ដាំ​ដុះ​ឡើង​វិញ​ជា​បន្ត​បន្ទាប់។ ក្រោយ​ការ​បង្កើត​សហគមន៍​ទេសចរណ៍​ឡើង​ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​កាប់​ព្រៃ​កោង​កាង​ដុត​យក​ធ្យូង​បាន​ងាក​យក​ទូក​របស់​ខ្លួន​មក​ដឹក​ភ្ញៀវ​វិញ។

 

ប្រធាន​សហគមន៍​ខាង​លើ​បាន​​បន្ត​ឲ្យ​ដឹង​ថា ជា​មធ្យម សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ពាម​ក្រសោប មាន​អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ចន្លោះ​​ពី​១៥០០នាក់ ទៅ២០០០នាក់ ។

 

ទស្សនា​ព្រៃ​កោងកាង​ជិត ២ពាន់ហិតា  នៅ​ពាម​ក្រសោប

 

ភ្ញៀវ​ដែល​មក​ទស្សនា​នៅ​ទី​នេះ​ត្រូវ​ទិញ​សំបុត្រ សម្រាប់​​ភ្ញៀវ​ជាតិ៣ពាន់រៀល ចំពោះ​ភ្ញៀវ​អន្តរជាតិ៥ពាន់​រៀល។ ក្រៅ​ពី​ដើរ​ទស្សនា​នៅ​តំបន់​​មួយ​ចំនួន នៅ​ទី​នេះ​ក៏​មាន​​ទូក​ជួល​ជិះ ទស្សនា​​ទេសភាព​ព្រៃ សម្រាប់​ឆ្នេរ សត្វ និង ភូមិ​នេសាទ ផង​ដែរ។ តម្លៃ​ទូក​​​មាន​​ថ្លៃ​ចាប់​ពី២ម៉ឺនរៀល រហូត ដល់​៧ម៉ឺនរៀល អាស្រ័យ​ទៅ​តាម​ទីកន្លែង​ជិត​ឬ​ឆ្ងាយ។

 

បច្ចុប្បន្ន តំបន់​ព្រៃ​កោងកាង​នៅ​ខេត្ត​កោះកុង​មាន​ប្រមាណ​មួយ​ម៉ឺន​ហិកតារ ក្នុង​នោះ​មាន ​ពាម​ក្រសោប, កោះកាពិ, កោះស្រឡៅ,​បឹង​កាឆាង,ខេង​ខូង, ជ្រោយ​ប្រស់,តាតៃ, និង ទូល​គគីរ ជាដើម។ បាន​ដាំ​ព្រៃ​កោងកាង នៅ​កន្លែង​ដែល​ខូចខាត ឬ​បាត់បង់​នោះ​ឡើង​វិញ បាន​ប្រមាណ​ជិត ២ រយ​ហិកតារ​ក្នុង​រយៈ​ពេល​ប្រមាណ ១០ ឆ្នាំ កន្លង​មក​នេះ៕

 


 

ទស្សនា​ព្រៃ​កោងកាង​ជិត ២ពាន់ហិតា  នៅ​ពាម​ក្រសោប

 

ទស្សនា​ព្រៃ​កោងកាង​ជិត ២ពាន់ហិតា  នៅ​ពាម​ក្រសោប

 

ទស្សនា​ព្រៃ​កោងកាង​ជិត ២ពាន់ហិតា  នៅ​ពាម​ក្រសោប

 

អត្ថបទ៖ ខុត សីហា