ដំណើរការ​ស្ថានីយ៍​បូមទឹក សំរាម​ជិត ១០០​ឡាន ត្រូវ​បាន​ដឹក​ចេញពី​ប្រឡាយ​បាក់​ទូក

ដំណើរការ​ស្ថានីយ៍​បូមទឹក សំរាម​ជិត ១០០​ឡាន ត្រូវ​បាន​ដឹក​ចេញពី​ប្រឡាយ​បាក់​ទូក



ភ្នំពេញ​: សំរាម​ជិត ១០០​ឡាន ត្រូវ​បាន​ដឹក​ចេញពី​ប្រឡាយ​បាក់​ទូក ខណ​:​ស្ថានីយ៍​បូមទឹក កំពុង​ដំណើរការ​បូម​ចេញ​យ៉ាង​មមាញឹក​បន្ទាប់​ពី​ភ្លៀង​ធំ​ជាប់​ៗ​គ្នា​។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៩​ខែតុលា​។

សាលា​រាជធានី​ភ្នំពេញ​បាន​ទៀត​ថា ដោយសារ​បរិមាណ​បូមទឹក​កើន​ច្រើន​របស់​ស្ថានីយ៍​បូមទឹក​ទួល​គោក​ទី​២​ថ្មី និង​ដោយសារ​ចុង​ទឹក​ពោរពេញ​ដោយ​សំរាម បាន​ធ្វើ​អោយ​ទឹក​ហូរ​ចេញ​ទៅ​ប្រឡាយ​បាក់​ទូក​មិន​បាន​ល្អ​។ ក្រុមការងារ​បាន​ជីក​កាយ​សំរាម ភក់ នៅ​ពោះ​ប្រឡាយ​បាន​ជិត ១០០​ឡាន នៅ​ចុង​ស្ថានីយ៍​ក្នុង​សង្កាត់​ទួល​សង្កែ​។

នៅ​ខណៈ​ពេល​នេះ ស្ថានីយ៍​បូមទឹក​ថ្មី​បាន​និង​កំពុង​ដំណើរការ ដោយ​អាច​ធានា​មិន​អោយ​លិចលង់​ដូច​មុន​នៅ​តំបន់​ស្តុ​ប​នាគ​វ័​ន្ត ផ្លូវ​លេខ​៦០៨ វិ​ថី​សម្តេច​ប៉ែន​នុ​ត ផ្លូវ​លេខ​១៣២ ផ្លូវ​លេខ​៥៦៦ ផ្លូវ​លេខ​៥២៨ ផ្លូវ​លេខ​២៨៣ ជាដើម​។

ជាមួយ​គ្នា​នេះ​ដែរ ស្ថានីយ៍​បូមទឹក​ចំនួន​១២​កំពុង​ដំណើរការ​បូម​ចេញ​យ៉ាង​មមាញឹក​បន្ទាប់​ពី​ភ្លៀង​ធំ​ជាប់​ៗ​គ្នា​នេះ ។ ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​និង​ស្ថានីយ៍​ទួល​សំពៅ បាន​និង​កំពុង​ដំណើរការ​បូមទឹក​ចេញ ២៤​ម៉ោង​លើ​២៤​ម៉ោង ក្នុង​បេស​សក​កម្ម​រំដោះ​ទឹក​ជន់​លិច​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន​៤ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សែន​សុខ ទួល​គោក និង​ឫស្សី​កែវ ។ 

ក្នុង​ខណៈ​ពេល​នេះ ទឹកជំនន់​ពី​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល បាន​និង​កំពុង​ហូរ​មក​រាជធានី​ភ្នំពេញ ដែល​ស្ថានីយ​ទាំង​១២​មាន​តួនាទី​រំដោះ​ទឹកជំនន់​ទាំងនោះ សរុប​ស្ថានីយ​ទាំង​១២​បាន និង​កំពុង​បូម​ចេញ​យ៉ាង​មមាញឹក ខណៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធំ​ៗ​ជាប់​ៗ​បណ្តាល​លិចលង់​៕