ផ្នែក​ខ្លះ​នៃ​ផ្លូវ​ថ្មពួក​-​បឹង​ត្រកួន​ត្រូវ​កាត់​ផ្តាច់​ដោយ​ជំនន់​ទឹកភ្លៀង

ផ្នែក​ខ្លះ​នៃ​ផ្លូវ​ថ្មពួក​-​បឹង​ត្រកួន​ត្រូវ​កាត់​ផ្តាច់​ដោយ​ជំនន់​ទឹកភ្លៀង



ខេត្តបន្ទាយមានជ័យ​:  មធ្យោបាយ​ដឹក​ជញ្ជូន​ធុន​ធ្ងន់ និង​មធ្យម​ត្រូវ​បង្ខំចិត្ត​បង្វែរ​បើកបរ​ទៅ​ផ្លូវ​ផ្សេង​ពី​ថ្ងៃ​ទី​១០​តុលា​ឆ្នាំ​២០១៦​តទៅ មួយ​រយ​: ព្រោះ​ជំនន់​ទឹកភ្លៀង​២-៣​ថ្ងៃ​មកនេះ បាន​ជន់​លិច​និង​កាត់​ផ្តាច់​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ខេត្ត ថ្មពួក​- បឹង​ត្រកួន​ហើយ​។

ពី​ថ្ងៃ​ទី​៩​តុលា​មក ទឺ​ក​ភ្លៀង​បាន​លិច​ផ្លូវ​(​ថ្មពួក បឹង​ត្រកួន​)​ចំនុច​ពី​ភូមិ​វ​ល្លិ៍​ប្រេង ថ្ម​ឆ័​ត្រ​ឃុំ​គោក​រមៀត​។

ហេតុនេះ បើ​បងប្អូន​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​សូម​វាង​តាម​ផ្លូវ​ដើម​ក្រឡាញ់​ភូមិ​៥​មីនា​ឃុំ​ដដែល​។​នេះ​បើ​តាម​លោក​នៃ ពៅ​មេឃុំ​គោក​រមៀត ស្រុក​ថ្មពួក​អោយ​ដឹង​ថ្ងៃ​ទី​១០​តុលា​។

ចំណែក ថ្ងៃ​ដដែល​លោក​ប្រាក់ សា​រ៉ា​ក់ អនុប្រធាន​មន្ទីរ​សាធារណ​:​ការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ថា​:"​បងប្អូន​ដែល ត្រូវ​ធ្វើការ​តាម​ផ្លូវ​ថ្មពួក​-​បឹង​ត្រកួន​សូម​ប្រយ័ត្ន​ផង​ព្រោះ​ភ្លៀង​ធ្លាក់ទឹក​ហូរ​កាត់​ផ្តាច់​ផ្លូវ​ជា​ច្រើន​កន្លែង​នៅ​ឃុំ​គោក​រមៀត "​។

រីឯ​អ្នក​ភូមិ អ្នកដំណើរ​និង​អ្នក​រត់​តាក់ស៊ី​ខ្លះ​និយាយ​ថា​:​ឥឡូវនេះ​រថយន្ត​ត្រូវ​រត់​ពី​បឹង​ត្រកួន​ព្រំដែន​កម្ពុជា​-​ថៃ​មក​ខាងក្នុង​ខេត្ត ត្រូវ​ប្តូ​រវាង​តាម​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥៨,​ផ្លូវជាតិ​លេខ​៥៨​ដេ​និង​ផ្លូវលំ ផ្លូវ​វិស្វកម្ម​ជាដើម​។​ពោល​គឺ​មិន​ឧបសគ្គ​ដូច​មុន​ទេ​។​តែ​សម្រាប់​ឡាន​តូច ស្រាល ម៉ូតូ គោ​យន្ត​នៅ​ឆ្លងកាត់​ផ្លូវ​នេះ​បាន​ខ្លះ​នៅឡើយ​៕