លោក ហ៊ុន ម៉ា​ណែ​ត នៅ​តែ​បន្ត​ជួបជុំ​ក្នុង​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ

អូស្ត្រាលី ៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមការងារ នៅ​តែ​ធ្វើការ​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ទោះបីជា​មានការ​ធ្វើ​បាតុកម្ម​ដឹកនាំ​ដោយ​លោក ហុង លី​ម តំណាងរាស្ត្រ ប្រចាំ​រដ្ឋ​វិក​តូ​រី​យ៉ា យ៉ាងណា​ក្តី ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​នៅ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ទោះជា​មានការ​បំផុស និង​រៀបចំ​ដឹកនាំ​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​ការ​ជួបជុំ​គ្នា ដែល​មាន​បាតុករ​ចូលរួម​ប្រមាណ​១៥០​នាក់ ក៏​មិន​អាច​រារាំង​ទឹកចិត្ត​គាំទ្រ​ការ​ស្រឡាញ់​រាប់អាន​គ្នា​ក្នុង​លក្ខណៈ​ជា​ខ្មែរ​តែ​មួយ​របស់​បងប្អូន​ខ្មែរ​យើង​ជាង​៦០០​នាក់ រស់នៅ​ក្នុង​ទីក្រុង​មែ​ល​ប៊​ន ដែល​បាន​ចូលរួម​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ក្នុង​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​ដែរ ។ ពិធី​នេះ ក៏​ត្រូវ​បាន​ផ្តល់​កិត្តិយស​ចូលរួម​ដោយ​លោក Bruce Atkinson ប្រធាន​ព្រឹទ្ធសភា​នៃ​រដ្ឋ​វិក​តូ​រី​យ៉ា​ផង​ដែរ ។ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ចូលរួម​យ៉ាងច្រើន​កុះករ​នេះ ដែល​បង្ហាញ​នូវ​ស្មារតី​សាមគ្គី​គ្នា​ក្នុង​នាម​ជា​ខ្មែរ​តែ​មួយ​» ។

ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ស្វាគមន៍​លោក ហ៊ុន ម៉ា​ណែ​ត នៅ​ទីនោះ​បាន​បញ្ជាក់​ថា ពួក​គេ​ពិតជា​សប្បាយ​រីករាយ​ដែល​បាន​ជួប​លោក ហ៊ុន ម៉ា​ណែ​ត និង​បាន​ស្តាប់​នូវ​រឿងរ៉ាវ ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​រីក​ចម្រើន​នៅ​កម្ពុជា ខុស​ពី​អ្វី​ដែល​ក្រុម​អ្នកមាន​ទស្សនៈ​ប្រឆាំង តែង​លើក​ឡើង​នោះ ។

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី​លោក កុយ គួ​ង រួម​នឹង លោក ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ក្រុមការងារ នៅ​តែ​បន្ត​ចូលរួម​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ជាង​៦០០​នាក់ ដោយ​ធ្វើ​ដំណើរ​តាម​ទ្វារ​មុខ​គ្មាន​ការ​ចូល​តាម​ទ្វារ​ក្រោយ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ បងប្អូន​ខ្មែរ​ជា​ច្រើន​នាក់ បាន​ចោមរោម​សុំ​ថត​លោក ហ៊ុន ម៉ា​ណែ​ត ពិសេស​បាន​រាំ​កម្សាន្ដ​ជួបជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ ទោះបី​មាន​ក្រុម​បាតុករ​នាំ​គ្នា​ឈរ​នៅ​ចិញ្ចើម​ផ្លូវ​ក៏​ដោយ ។

បើ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​លើក​ឡើង​ថា ក្រុម​បាតុករ​ប្រឆាំង​នេះ​ដឹកនាំ​ដោយ​តំណាងរាស្ត្រ លោក ហុង លី​ម និង​អភិបាលក្រុងលោក ដា ឌី​ណ​ង់ ដែល​កំពុង​រង​រឿងអាស្រូវ​កិបកេង​លុយ​រៃ​អង្គាស​មូលនិធិ ។ នៅ​ទីនោះ ក្រុម​បាតុករ​បាន​គប់​ដប​ទឹកបរិសុទ្ធ​មក​លើ​ក្រុមការងារ​ជា​អ្នក​យក​ព័ត៌មាន​ម្នាក់ ដែល​មក​បំពេញបេសកកម្ម​នៅ​ទី​នេះ​ផង​ដែរ ។ ចំណែក​រថយន្ត​យ៉ាង​ហោច​១០​គ្រឿង​របស់​អ្នកចូលរួម​ពិសា​អាហារ​សាមគ្គី បាន​រង​ការ​ឆ្កូត​ដែល​សង្ស័យ​ជា​ការ​យក​វត្ថុ​រឹង​មក​ឆ្កូត​ដោយ​ក្រុម​បាតុករ​ទាំងនោះ ។

សូម​បញ្ជាក់​ថា លោក ហ៊ុន ម៉ា​ណែ​ត កូនច្បង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាក​ចេញពី​កម្ពុជា​ដើម្បី​ធ្វើ​ទស្សនកិច្ច និង​ប្រារព្ធ​ពិធី​ផ្សេង​ៗ នៅ​ប្រទេស​អូស្ដ្រាលី​រយៈពេល​១៣​ថ្ងៃ ។

នៅ​ថ្ងៃ​ទី​១០ ខែតុលា លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៅ​កាន់​បងប្អូន​ពាណិជ្ជករ អាជីវករ​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​ទីក្រុង​ស៊ី​ដ​នី ប្រមាណ​៧០​នាក់​ថា ទោះបីជា​ខ្មែរ​នៅ​ទីណា​ក៏​ដោយ​គឺ​នៅ​តែ​ជួយ​ខ្មែរ តាម​រយៈ​ការ​មក​វិនិយោគ​ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ដល់​ប្រទេស ។ លោក​បន្ថែម​ថា កន្លង​មក​មាន​ព័ត៌មាន​អវិជ្ជមាន​មួយ​ចំនួន​ពី​កម្ពុជា ប៉ុន្តែ​តាម​ការ​ពិត​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងពាណិជ្ជកម្ម បាន​ខិតខំ​បង្កើត​នូវ​យន្តការ​ជា​ច្រើន ដើម្បី​សម្រួល​ឲ្យ​មាន​បរិយាកាស​ល្អ​នៅ​ក្នុង​ការ​វិនិយោគ ។ នា​ឱកាស​នោះ​ដែរ លោក​បាន​ស្នើ​ឲ្យ​ពាណិជ្ជករ អា​ជីករ​ខ្មែរ​នៅ​អូស្ត្រាលី​ទៅ​លេង​ស្រុក​កំណើត ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ។

ក្នុង​បរិយាកាស​ដ៏​រីករាយ​និង​ស្និទ្ធស្នាល​នោះ លោក លឹ​ម សំអាត តំណាង​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី បាន​សម្តែង​នូវ​មោទនភាព​និង​សោមនស្ស​រីករាយ ក្នុង​ការ​បាន​មក​ជួប​សំណេះសំណាល​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​នាំ​យក​នូវ​ព័ត៌មាន​ក្នុង​ប្រទេស ជា​ពិសេស​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ វិនិយោគ និង​វិស័យ​ជា​ច្រើន​ទៀត​ដូច​ជា វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍​ជាដើម ។

នៅ​ក្នុង​បរិយាកាស​នោះ គឺ​បងប្អូន​អាជីវករ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​ស្និទ្ធស្នាល​ជាមួយ​លោក​ហ៊ុន ម៉ា​ណែ​ត ហើយ​និង​មាន​ចំណាប់​អា​រម​ណ៍​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុ​ជានា​ពេល​ខាង​មុខនេះ ៕