អំពើពុករលួយ​របស់​លោក វង់ ង៉ែត អធិការរង​នគរបាល​ស្រុក​សំរោង ទទួលបន្ទុក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ ធ្វើ​ឲ្យ​ពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​

ពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តតាកែវ ដែល​ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​ក្នុងស្រុក​សំរោង ខេត្តតាកែវ បាន​អំពាវនាវ​ឲ្យ​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ចាត់វិធានការ​ទៅលើ​លោក វង់ ង៉ែត អធិការរង​នគរបាល​ស្រុក​សំរោង ទទួលបន្ទុក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍​ជាបន្ទាន់​។ ដោយហេតុថា​លោក វង់ ង៉ែត ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ដោយ​មិន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ឡើយ​។ ការដែល​លោក វង់ ង៉ែត ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ក៏​អាច​មានការ​បើកដៃ​ពី​លោក មឿង សារុន អធិការនគរបាល​ស្រុក​សំរោង​ផងដែរ ដោយមាន​ការបែងចែក​ផលប្រយោជន៍​ជាប្រចាំ​។

ប្រជាពលរដ្ឋ​បាន​រិះគន់ថា​លោក វង់ ង៉ែត ប្រព្រឹត្ត​អំពើពុករលួយ​និង​បង្ក​ភាពអយុត្តិធម៌​ជាច្រើន​ករណី​តាមរយៈ​ការប្រើប្រាស់​អំណាច និង​តួនាទី​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស ហើយ​លោក មឿង សារុន អធិការនគរបាល​ស្រុក​សំរោង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​សកម្មភាព​របស់លោក វង់ ង៉ែត​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​សំរោង ខេត្តតាកែវ បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​លោក វង់ ង៉ែត បាន​ផាកពិន័យ​បទល្មើស​ចរាចរណ៍​ជាច្រើន​ករណី​ទៅលើ​ពលរដ្ឋ​ជាច្រើន​នាក់ ដោយ​មិន​បានចេញ​វិក្កយបត្រ​ត្រឹមត្រូវ​នោះទេ​។ មិនតែប៉ុណ្ណោះ​លោក វង់ ង៉ែត បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដឹក​ដី​ជាច្រើន​ក្រុម​ដោយ​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ បើកបរ​រថយន្ដ​ដឹក​ដី​ធំៗ​លើផ្លូវ​ជាតិ ផ្ទុក​ដី​លើស​ចំណុះ​ពេញ​ហៀរ ខុស​លក្ខណៈ​បច្ចេកទេស ហើយ​មិនឃើញ​លោក វង់ ង៉ែត និង​បក្ខពួក​ចាត់វិធានការ​ហាមឃាត់​ឡើយ​។

អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​ក្នុងស្រុក​សំរោង ខេត្តតាកែវ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ ពួកគាត់​បានឃើញ​រថ​យន្ត​ដឹក​ដី​ធំៗ​ជាច្រើន​គ្រឿង​បើកបរ​ឆ្លង​កាត់មុខ​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​របស់លោក វង់ ង៉ែត និង​បក្ខពួក​។ ប៉ុន្តែ​លោក វង់ ង៉ែត និង​បក្ខពួក​មិន​ពិន័យ​ទៅលើ​ម្ចាស់​រថយន្ត​ដឹក​ដី​ដែល​បំពាន​ច្បាប់​ទាំង​នោះទេ រីឯ​ប្រជាពលរដ្ឋ​ល្មើសច្បាប់​ចរាចរណ៍​តិចតួច​ត្រូវ​លោក វង់ ង៉ែត និង​បក្ខពួក​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការក្ដៅក្រហាយ​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ពិនិត្យមើល​ទង្វើ​ដ៏​អាក្រក់​ហួសហេតុ​របស់លោក វង់ ង៉ែត ខ្លះ​ផង​។ ជាពិសេស​អ្នកបើកបរ​រថយន្ដ​ដឹក​ដី​ធំៗ​បាន​និយាយប្រាប់​ប្រជាពលរដ្ឋ​ថា ថៅកែ​របស់​ពួកគេ​បង់លុយ​ជាប្រចាំ​ឲ្យ​លោក វង់ ង៉ែត អធិការរង​នគរបាល​ស្រុក​សំរោង ទទួលបន្ទុក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ ហេតុនេះហើយ​ទើប​ពួកគេ​អាចធ្វើ​អ្វីៗ​ដោយ​គ្មាន​ការទប់ស្កាត់​៕

12-6

លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ

takeo-2 takeo-1 takeo-3