លោក លេន ឌុ​ង មេបញ្ជាការរង​កងពល​តូច​អន្តរាគមន៍​លេខ​៦ ជា​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​

រឿងរ៉ាវ​លោក លេន ឌុ​ង មេបញ្ជាការរង​កងពល​តូច​អន្តរាគមន៍​លេខ​៦​ក្នុង​ខេត្តឧត្ដរមានជ័យ ក្លាយទៅជា​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​កំពុងតែ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង ព្រោះ​ជា​មូលហេតុ​ដែល​នៅតែ​ធ្វើ​ឲ្យ​មាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ប្រឈម​គ្រោះថ្នាក់​សព្វបែបយ៉ាង​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​អន្លង់វែង ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​ពិនិត្យ​មើល​ករណី​លោក លេន ឌុ​ង ក្លាយជា​ឈ្មួញ​ឈើ​គ្រញូង​ខុសច្បាប់​ខ្លះ​ផង​។ ការបង្ក្រាប​ឈ្មួញ​ឈើ​គ្រញូង​ឈ្មោះ លេន ឌុ​ង គឺជា​រឿង​សំខាន់​ណាស់​ដើម្បី​កុំ​ឲ្យ​កើតមាន​បទឧក្រិដ្ឋ​ឈើ​គ្រញូង​ប្រឡាក់​ឈាម​តទៅទៀត​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា ប្រពន្ធ​កូន​របស់លោក លេន ឌុ​ង មេបញ្ជាការរង​កងពល​តូច​អន្តរាគមន៍​លេខ​៦ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​ដែរ​។ ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ថ្មីៗ​កន្លងទៅនេះ ឈ្មោះ វណ្ណា ជា​កូនប្រុស​របស់លោក​ផ្កាយ​១ លេន ឌុ​ង បាន​ទិញ​ឈើ​ពី​អ្នកភូមិ​ចំនួន​១៥៥​គីឡូក្រាម​ក្នុងតម្លៃ​១,២៤​លាន​រៀល ហើយ​មិនទាន់​ឲ្យ​លុយ​ម្ចាស់​ឈើ​នោះទេ​។ បច្ចុប្បន្ន​ឈ្មោះ វណ្ណា ជា​កូនប្រុស​លោក លេន ឌុ​ង និង​ប្រពន្ធ​លោក លេន ឌុ​ង កំពុង​បន្តធ្វើ​សកម្មភាព​ជួញដូរ​ឈើ​គ្រញូង​តាម​អំពើ​ចិត្ត​ដោយ​ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

មន្ត្រី​យោធា​តូចតាច​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​៦ បាន​ឲ្យ​ដឹងថា​លោក លេន ឌុ​ង មេបញ្ជាការរង​អង្គភាព​នេះ ព្រមទាំង​ប្រពន្ធ​និង​កូនប្រុស គឺជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​គ្រញូង ហើយ​បញ្ចុះបញ្ចូល​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​សៀម​យកមក​លក់​ឲ្យ​ពួកគេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​បច្ចុប្បន្ន​លោក លេន ឌុ​ង បាន​ប្ដូរ​ទីតាំង​ស្តុក​ឈើ​គ្រញូង​ពី​ស្រុក​អន្លង់វែង ទៅ​ស្រុក​ត្រពាំង​ប្រាសាទ​វិញ ដោយសារតែ​សកម្មភាព​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​នៅ​ស្រុក​អន្លង់វែង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ បញ្ហា​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ពិនិត្យមើល​ឡើងវិញ​ខ្លះ​ផង ព្រោះ​លោក លេន ឌុ​ង និង​ប្រពន្ធ​កូន​គឺជា​ឈ្មួញ​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​យូរ​ឆ្នាំ​មកហើយ​៕

12378063_246166909049152_6438091983123144697_o

លោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ 

timber-kro-nhoung