រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​ទំនួល​ខុស​ត្រូវ​ការ​បំផ្លាញ​ព្រៃ​ឈើ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្ដេច ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានសម្រេចផ្ទេរការទទួលខុសត្រូវ លើការងារបំផ្លាញព្រៃឈើ បទល្មើសព្រៃឈើ បទល្មើសនេសាទ និងបំផ្លិចបំផ្លាញធនធានធម្មជាតិ ទៅឱ្យអភិបាលខេត្ត ក្រុង ស្រុក ជាអ្នកគ្រប់គ្រងវិញ ដែលជាផ្នែកមួយឈានទៅពង្រឹងការគ្រប់គ្រង សម្បត្តិធនធានធម្មជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់AKP។

លោក ស ខេង ក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីពី វិធានការចាំបាច់នានាក្នុងការពង្រឹង ការគ្រប់គ្រងធនធានធម្មជាតិ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅពេលឆាប់ៗខាងមុខនេះ អភិបាលខេត្តទាំងអស់ ត្រូវចាប់ផ្តើមគ្រប់គ្រងព្រៃឈើដោយទទួលខុសត្រូវចំពោះការដឹកជញ្ជូនផល និងអនុផលព្រៃឈើ។

Loading...

លោកបានសង្កត់ធ្ងន់ថា វិធានការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ បានប្រគល់ការ ទទួលខុសត្រូវ ភាគច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយវិធានការនេះគឺមិនបានសេចក្ដីថា ក្រសួងស្ថាប័នជាតិទម្លាក់ការទទួលខុសត្រូវទាំងអស់ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនោះឡើយ។

លោកបានបន្ថែមថា ក្រសួង ស្ថាប័នមានសមត្ថកិច្ចនៅថ្នាក់ជាតិ នៅតែមានការទទួលខុសត្រូវចំពោះមុខ រាជរដ្ឋាភិបាល និងរដ្ឋសភាអំពីការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើជលផល និងតំបន់ការពារនានាផងដែរ។

លោកលើកឡើងថា ក្នុងករណីចាំបាច់ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត អាចស្នើសុំកម្លាំងអន្តរាគមន៍បន្ទាន់មក ពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ប្រភព៖ kqube