សាលាក្ដី​ខ្មែរ​ក្រហម​​ចាប់​ផ្ដើម​បន្ត​សវនាការ​វិញ​បើ​ទោះ​បី​ជា​ទឹក​នៅ​តែ​លិច

សាលាក្ដី​ខ្មែរក្រហម​ប្រកាស​ថា អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បន្ត​ធ្វើ​សវនាការ​លើ​សំណុំរឿង ០០២ វគ្គ ២ បន្ត​ទៀត​ហើយ នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​តុលា។ សវនាការ​បន្ត​នោះ គឺ​ស្រប​ពេល​ដែល​ជំនន់​ទឹក​ភ្លៀង នៅ​ដក់​លិច​បរិវេណ​សាលាក្ដី​នេះ​នៅ​ឡើយ។

សវនាការ​ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​អាច​បន្ត​ទៅ​បាន នៅ​ថ្ងៃ​ច័ន្ទ ទី​១០ តុលា នោះ គឺ​ដោយសារ​តែ​សាលាក្ដី​សង់​ស្ពាន​បណ្ដោះអាសន្ន និង​ដាក់​បាវ​ខ្សាច់​សម្រាប់​ឲ្យ​បុគ្គលិក ចៅក្រម និង​អ្នក​កាសែត​ដើរ​ឆ្លង​ទៅ​សាល​សវនាការ​បាន។

បញ្ហា​ជំនន់​ទឹក​ភ្លៀង​លិច​បរិវេណ​សាលាក្ដី​ខ្មែរក្រហម បាន​បង្ខំ​ឲ្យ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង ផ្អាក​សវនាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ ខែ​តុលា មក ដោយសារ​តែ​បុគ្គលិក និង​ក្រុម​ចៅក្រម​មិន​អាច​ចេញ​ចូល​ទៅ​កន្លែង​ធ្វើការ និង​សាល​សវនាការ​បាន។

ទោះ​បី​ពេល​នេះ​ទឹក​ស្រក​បន្តិច ហើយ​សវនាការ​អាច​បន្ត​ឡើង​វិញ​បាន​ក្ដី ក៏​សាលាក្ដី​ខ្មែរក្រហម​មិន​ទាន់​អនុញ្ញាត​ឲ្យ​សាធារណជន​ចូល​រួម​តាម​ដាន​សវនាការ​ដោយ​ផ្ទាល់​ដូច​មុន​បាន​ទេ ព្រោះ​ចំណត​រថយន្ត ផ្លូវ​ចូល និង​កន្លែង​សម្រាប់​ទទួល​សាធារណជន ទឹក​នៅ​តែ​ដក់​លិច​ជ្រៅ​នៅ​ឡើយ។

សវនាការ​បន្ត​នៅ​ថ្ងៃ​ទី​១០ តុលា អង្គ​ជំនុំជម្រះ​ស្ដាប់​សក្ខីកម្ម​សាក្សី​ជា​អ្នក​ជំនាញ​មួយ​រូប ឈ្មោះ ផិគី ឡឹវ៉ាញ (Peggy Levine) ស្ដីពី​ការ​ចេញ​បញ្ជា​ឲ្យ​រៀប​ការ​ដោយ​បង្ខំ នៅ​ក្នុង​របប​ខ្មែរក្រហម។

អ្នក​ជំនាញ​រូប​នេះ ជា​អ្នក​ចិត្តសាស្ត្រ និង​ជា​នរៈវិទូ បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល ទាក់ទង​នឹង​ការ​រៀប​ការ​ដោយ​បង្ខំ​នៅ​ក្នុង​របប​ខ្មែរក្រហម ដែល​មាន​ចំណង​ជើង​ថា សេចក្ដី​ស្នេហា និង​ភាព​ភ័យ​ខ្លាច។ អ្នកស្រី ផិគី ឡឹវ៉ាញ ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន សួរ​ដេញដោល​ពេញ​មួយ​ថ្ងៃ​អំពី​វិធីសាស្ត្រ ដែល​អ្នកស្រី​បាន​ប្រើ​សម្រាប់​ប្រមូល​ព័ត៌មាន​សរសេរ​សៀវភៅ​របស់​អ្នកស្រី។

សវនាការ​ស្ដាប់​សក្ខីកម្ម​អ្នក​ជំនាញ​រូប​នេះ អង្គ​ជំនុំជម្រះ​នឹង​បន្ត​នៅ​ថ្ងៃ​អង្គារ ទី​១១ តុលា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។