សំណេរ​ក្មេង​ស្រី​វ័យ​​​​៩ឆ្នាំ​ចំពោះ​​ជីដូន ​ធ្វើ​ឲ្យ​​​គ្រប់គ្នា​​ទប់​ទឹក​ភ្នែក​មិន​ជាប់

ក្មេង​​ស្រី​​អាយុ​​ទើប​តែ​​​ ៩​ឆ្នាំ​​ម្នាក់ រស់​នៅ​​​ទីក្រុង​ Suining ​​​ខេត្ត​​ស៊ីឈួន​ ភាគ​ពាយ័ព្យ​​ប្រទេស​ចិន បាន​អង្រួន​​​បេះ​​ដូង​ប្រជាជន​ចិន​​ស្ទើរ​មួយ​​ប្រទេស ​បន្ទាប់​ពី​សំណេរ​​មួយ​​របស់​នាង​បាន​សរសេរ​​ចេញ​ពី​គំនិត​ខ្លួន​ឯង​ ល្បី​ខ្ទរខ្ទារ ​អំឡុង​ពេល​ថ្ងៃ​បុណ្យ​​ឈប់​សម្រាក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

 

សំណេរ​ក្មេង​ស្រី​វ័យ​​​​៩ឆ្នាំ​ចំពោះ​​ជីដូន ​ធ្វើ​ឲ្យ​​​គ្រប់គ្នា​​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

​ក្មេង​ស្រី​មាន​ឈ្មោះ Jiaxin ជា​សិស្ស​សាលា​​​​ធម្មតា​​ម្នាក់​​​នៅ​ក្នុង​​ថ្នាក់​​រៀន ​ប៉ុន្តែ​​នាង​​មាន​​បញ្ហា​ជា​ច្រើន​នៅ​ផ្ទះ ដែល​ជា​បញ្ហា​ដូច​យុវវ័យ​​មួយ​ចំនួន​​កំពុង​តស៊ូ​ជម្នះ​ដែរ។

 

ក្នុង​សំណេរ​របស់​​នាង​ បង្ហើប​ពី​រឿងរ៉ាវ​​កើត​ឡើង​នៅ​ផ្ទះ ដែល​មាន​​ជីដូន​ខិត​ខំ​​យ៉ាង​លំបាក​លំបិន​​មើល​ថែ​ ដោយ​សារ​នាង​ជា​​ចៅស្រី​​តែ​ម្នាក់​គត់​រស់​នៅ​ជា​មួយ​គាត់។ Jiaxin ដឹង​ថា​​ថ្ងៃ​ណា​មួយ ​​នាង​​នឹង​​ត្រូវ​ដល់​វេន​​មើល​ថែ​​ជីដូន​វិញ​ពេល​គាត់​ចាស់​​ទៅ​ ដោយ​ត្រូវ​ការ​ការ​​​មើលថែ និង​យក​ចិត្ត​ទុកដាក់​ដូច​គ្នា​។

 

ឃ្លា​មួយ​​ក្នុង​សំណេរ​ទាំង​មូល​​​របស់​​ Jiaxin បាន​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចិន​​​ជា​ច្រើន​​ចាត់​ទុក​​ជា​សំណេរ​​​​​ក្រៀម​ក្រំ​បំផុត ដែល​ពួក​គេ​មិន​ធ្លាប់​​ឃើញ ដោយ​សរសេរ​​ថា​ “នៅ​ពេល​ខ្ញុំ​ឃើញ​​​លោក​យាយ​របស់​ខ្ញុំ​សម្រក់​ទឹកភ្នែក​ ដោយ​សារ​​តែ​ជំងឺ​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ចិត្ត​ណាស់។ ​បើ​សិន​​ខ្ញុំ​​​នៅ​មាន​ជីវិត​​រស់​​នៅ​បន្ត​ទៀត ខ្ញុំ​​នឹង​​បំពេញ​កាតព្វកិច្ច​មើល​ថែ​លោក​យាយ​​របស់​ខ្ញុំវិញ​ ពេល​​​ធំឡើង”។

 

កុមារី​ Jiaxin ​មាន​ជំងឺ​ម្យ៉ាង​​នៅ​ក្នុង​មាត់​ ក្រោយ​មក​កើត​ជំងឺ​​កង្វះ​ឈាម​ក្រហម​ ​កាល​អាយុ​​ទើប​​មួយ​ខួប​។ ស្រប​ពេល​នោះដែរ ​ឪពុក​ម្ដាយ​របស់​នាង​បាន​លែងលះ​គ្នា ​បន្ទាប់​ពី​ឪពុក​​​បាន​ជាប់​គុក​ ដោយ​សារ​​​វាយ​អ្នក​ដទៃ។ ជីវិត​នាង​ត្រូវ​ជួប​ឧបសគ្គ​ ខ្វះ​​ភាព​កក់ក្ដៅ ក្ដី​ស្រលាញ់​​ថ្នាក់ថ្នម​ពី​ឪពុកម្ដាយ​ ​​ហើយ​នាង​បាន​រស់​នៅ​​ក្រោម​ការ​មើល​ថែ​ពី​ជីដូនជីតា​វិញ។

 

រយៈពេល ៩​ឆ្នាំ​កន្លង​ទៅ ​ជីដូន Jiang Quanfang ​បាន​​ធ្វើ​កិច្ចការ​គ្រប់​បែបយ៉ាង​ដែល​គាត់​អាច​ធ្វើ​បាន ដើម្បី​​សន្សំ​ប្រាក់​​ឲ្យ​​​ចៅស្រី​ Jiaxin បាន​រៀន​សូត្រ និង​​​​នាំ​នាង​ទៅ​ព្យាបាល​ជំងឺ​ច្រើន​ប្រភេទ​ ​តាម​មន្ទីរពេទ្យ​នានា​នៅ​​ទូទាំង​ប្រទេស។

 

លោក​យាយ​ប្រាប់​​សារព័ត៌មាន​ចិន​មួយ​ថា “ខ្ញុំ​បាន​ធ្វើ​កិច្ចការ​សព្វបែបយ៉ាង ​​ដើម្បី​​រក​ប្រាក់ ហើយ​​ខ្ញុំ​​មិន​ដឹង​ថា​ ចៅ​ស្រី​របស់​ខ្ញុំ​រស់​នៅ​បាន​យូរ​ប៉ុនណា​ទេ បើ​ជំងឺ​ច្រើន​មុខ​បែប​នេះ។ ខ្ញុំ និង​តា​បាន​​យក​ប្រាក់​ខែ​ចូលនិវត្តន៍​ទាំង​អស់​​ សម្រាប់​ព្យាបាល​ជំងឺ​ឲ្យ​នាង។ ជីតា​របស់​នាង​បាន​ទិញ​​កង់​មួយ​គ្រឿង សម្រាប់​ដឹក​ឥវ៉ាន់​ដើម្បី​​ជួយ​រក​ចំណូល​បន្ថែម​”។

 

ងាក​មក​មើល​ការ​រៀន​សូត្រ​របស់​ Jiaxin វិញ ទោះ​បី​ជា​នាង​​មាន​ជំងឺ​ប្រចាំ​កាយ និង​វិបត្តិ​ផ្លូវចិត្ត​ទាំង​នៅ​ក្មេង​ក្ដី នាង​ខិត​ខំ​រៀន​សូត្រ​ រហូត​ទទួល​​ការ​កោត​សរសើរ​​​ពី​គ្រូ​ប្រចាំ​ថ្នាក់​​​ទៀត​​ផង។

 

​គ្រូ​​បន្ទុក​ថ្នាក់​ Wenya ប្រាប់​ថា​ “Jiaxin ​ធ្លាប់​ឈឺ​ក្នុង​​ថ្នាក់​រៀន​ជា​ច្រើន​ដង តែ​នាង​​ខំ​បើក​ភ្នែក​​មើល​គ្រូ​រហូត​​ទាល់តែ​​​ចប់​ម៉ោង”។​ មក​ទល់​​ពេល​នេះ ​មាន​មនុស្ស​ច្រើន​ឡើង​ៗ​អាណិត​នាង ហើយ​ខ្លះ​ក៏​បាន​​រៃ​អង្គាស​​ប្រាក់​ជួយ​នាង​​ម្នាក់​បន្តិចៗ​ផង​ដែរ៕

 

 

សំណេរ​ក្មេង​ស្រី​វ័យ​​​​៩ឆ្នាំ​ចំពោះ​​ជីដូន ​ធ្វើ​ឲ្យ​​​គ្រប់គ្នា​​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

សំណេរ​ក្មេង​ស្រី​វ័យ​​​​៩ឆ្នាំ​ចំពោះ​​ជីដូន ​ធ្វើ​ឲ្យ​​​គ្រប់គ្នា​​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

សំណេរ​ក្មេង​ស្រី​វ័យ​​​​៩ឆ្នាំ​ចំពោះ​​ជីដូន ​ធ្វើ​ឲ្យ​​​គ្រប់គ្នា​​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV​