លើសពីអាណិត ព្រោះ​ដើម្បីតែក្រពះ​

ខេត្ត​ប៉ៃលិន ៖ ហេតុការណ៍ដ៏រន្ធត់មួយ​កើតទៅលើ​បុរស​ក្រីក្រ​ម្នាក់ ​ខណៈ​​នាំ​អ្នក​​ភូមិ​​​៥​ទៅ​៦​នាក់​ដើរ​រក​ជីក​ទំពាំងប្ញស្សី​នៅ​លើ​កូនភ្នំ​មួយ​ក្បែរ​ភូមិ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ជាង​២​គីឡូម៉ែត្រ ស្រាប់តែ​​បាន​ជាន់​លើ​មីន​​ស្មាច់​សល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​យ៉ាង​កក្រើក និងដាច់​ជើង​ស្តាំ​ ។

ភ្លាម​ៗ​នោះ ត្រូវ​បាន​អ្នក​រួម​ដំណើរ​ទៅ​ជាមួយ​ឃើញ​ទាន់ ក៏​ប្រញាប់​សែង​យក​ទៅ​ក្នុងភូមិ ដើម្បី​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ត្រូវ​គ្រូពេទ្យ​ធ្វើការ​វះកាត់​ផង​ដែរ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១១ ​តុលា ​ស្ថិត​នៅ​ចំណុច​ភ្នំ​ទ្រុងមាន់ ទ្រុង​ទា ក្នុងភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​​​​ពី​លោក​ជុំ វឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់​​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​គឹ​ម ភឿន ​អាយុ​៤៦​ឆ្នាំ មាន​​ប្រពន្ធ​ឈ្មោះ​ទូច នាង អាយុ​៤០​ឆ្មាំ ជា​កសិករ រស់នៅ​ភូមិ​-ឃុំ​ខាងលើ ​ដោយសារ​តែ​ជីវភាព​ខ្វះខាត ទើប​ជន​រង​គ្រោះ​​បាន​បបួល​អ្នក​ភូមិ​ជាមួយ​គ្នា​ប្រហែល​៥ ទៅ​៦​នាក់ មាន​ក្មេង​ចាស់ ប្រុស​ស្រី បាន​ដើរ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​រក​ជីក​ទំពាំង​ឫស្សី​នៅ​ភូមិសាស្ត្រ​ខាងលើ ដែល​ជា​តំបន់​មិន​ទាន់​បាន​រាវរក​មីន​នៅឡើយ ក៏​ជាន់​មីន​ប្រភេទ​មីន​ស្មាច់​ផលិត​នៅ​ប្រទេស​សូ​វៀត បណ្តាល​ឲ្យ​ដាច់​ជើង​ខាងស្តាំ​រង​របួស​ធ្ងន់​តែ​ម្តង ។ ​

ពួក​គេ​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​បាន​ឡើង​ទៅ​លើ​ភ្នំ​នេះ​ ជីក​ទំពាំង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយឡែក​តែ​ជន​រង គ្រោះ​ ទើបនឹង​ទៅ​មួយ​ថ្ងៃ​ ក៏​ជាន់​លើ​គ្រាប់​មីន​ផ្ទះ​​ដាច់​ជើង​ស្តាំ​តែ​ម្តង ។