ពួកនេះ​ល្បិចណាស់ តែ​ភ្លើ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​​៣​នាក់ ​ក្នុង​ចំណោម​​៤​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​​ផង ត្រូវ​​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បែក​ចាន សហការ​​ជាមួយ​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​​ធ្វើការ​ចាប់ខ្លួន ខណៈ​ពេល​​ដែល​ជន​ទាំងនោះ​នាំ​គ្នា​ជិះ​ម៉ូតូ​១​គ្រឿង​​ឌុ​ប​គ្នា ទៅ​​​ទិញ​​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​ពី​បុរស​ម្នាក់​ ហើយ​ពេល​​​តថ្លៃ​គ្នា​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​១៧៨០​ដុល្លារ ​។ ​បន្ទាប់​មក ​ជនសង្ស័យ​ម្នាក់​បាន​សុំ​ជិះ​សាក​ ដើម្បី​ចង់​ដឹង​ថា តើ​ម៉ូតូ​នោះ​ម៉ាស៊ីន​ដំណើរការ​ស្រួល​ ឬ​មិន​ស្រួល មុន​ដំបូង​ម្ចាស់​ម៉ូតូ​មិន​ព្រម​ទេ ប៉ុន្តែ​ជន​ទាំងនោះ​ថា​ ពួក​ខ្ញុំ​មាន​គ្នា​៤​នាក់​​ឯណោះ ខ្លាច​អី​អ្នក​ជិះ​សាក​តែ​ម្នាក់​ទេ តើ​មិន​អី​ទេ​ ។

ពេល​នោះ ​ជន​រង​គ្រោះ​ក៏​បាន​យល់ព្រម​ឲ្យ​ជិះ​សាក ប៉ុន្តែ​បាន​ឃាត់បក្សពួក​៣​នាក់​ទៀតមិ​ន​ឱ្យ​ទៅ​ណា​នោះ​ទេ​ ព្រោះ​ខ្លាច​ពួក​គេ​បោកប្រាស់ លុះ​​បាន​ម៉ូតូ​ដល់​ដៃ​ ជនសង្ស័យ​​​ដែល​សុំ​ជិះ​សាក​នោះ ក៏​​​ជិះ​ទៅ​បាត់​ស្រមោល​ មិន​ត្រឡប់​ក្រោយ​វិញ​ឡើយ ទើប​ម្ចាស់​ម៉ូតូ​​​ប្ដឹង​កម្លាំង​នគរបាល​ ជួយ​ចាប់ខ្លួន​បក្សពួក​៣​នាក់​នោះ ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ហេតុ​ការ​ណ៍​​នេះ ធ្វើឱ្យភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​១០ ​និង​០៥​នាទី​ព្រឹក​ថៃ្ង​ទី​១០ ​តុលា ២០១៦ ស្ថិតនៅ​ត្រង់ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ ក្នុងភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​មាន​គ្នា​​៤​នាក់​ ក្នុង​នោះអ្នក​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ ​១-​ឈ្មោះ​ម៉ៅ ស្រី​ល​ក្ខ័ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​​ ជាកម្មករ​រោង​ចក្រ​កាត់ដេរ ស្នាក់​នៅ​ម្ដុំ​វត្ត​តាំង​កសាង ​​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ​ធ​ង សា​រ៉​ន ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ជាកម្មករ​លក់​ហ្គា​ស ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៣-​ឈ្មោះ​ដុប ពុ​ទ្ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ ជាកម្មករ​លក់​ហ្គា​ស​ ស្នាក់​នៅក្នុងភូមិ​ជាមួយ​គ្នា​ ។ ចំណែក​ម្នាក់​ទៀតមិន​ស្គាល់​អត្តសញ្ញាណ ដែល​ជន​នេះ​បាន​យក​ម៉ូតូជន​រង​គ្រោះ​ជិះគេចខ្លួន​បាត់ ​។ កម្លាំង​នគរបាល​ដកហូត​បានម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១​ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ​1E-5676 លេខ​តួ និងលេខ​ម៉ាស៊ីន​8569336​។

ដោយឡែក​ ម៉ូតូ​ដែល​ជន​ទាំងនោះ​ បោក​យក​ទៅ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ​1FV-2339 លេខ​តួ​ និង​លេខ​ម៉ាស៊ីន 9582497​ ដែល​ជ​កម្មសិទ្ធិ​របស់​បុរសម្នាក់​ឈ្មោះ​ជា សុខ​ឃឿ​ន អាយុ​៤៤​ឆ្នាំ ​ជាអ្នក​លក់​ចេកចៀន មាន​ទីលំនៅ​ក្នុងភូមិ-ឃុំខា​លើ​ ។