អ្នក​លេង​វ័យ​ក្មេង​​ សែន​ រ៉ាដេត​ រំលឹក​អនុស្សាវរីយ​ជូរចត់​កាល​ទៅ​វ៉ៃ​​នៅ​​ថៃ

ជើង​ខ្លាំង​ទម្ងន់​ស្រាល​ សែន​ រ៉ាដេត​ រំលឹក​កាល​ពេល​ទៅ​វ៉ៃ​​នៅ​ខេត្ត​ សាងាំម​ ប្រទេស​ថៃ​ដែល​កាល​នោះ​ក្នុង​រយៈ​ពេល​មួយ​យប់​ត្រូវ​សម្រក​ទម្ងន់​ឲ្យ​អស់​​​ជិត​៥​​ គីឡូក្រាម។​

 

អ្នក​លេង​វ័យ​ក្មេង​​ សែន​ រ៉ាដេត​ រំលឹក​អនុស្សាវរីយ​ជូរចត់​កាល​ទៅ​វ៉ៃ​​នៅ​​ថៃ

សែន រ៉ាដេត(បង្គោល​ក្រហម)

 

កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​ អប្សរាគុន​ខ្មែរ​ សែន​ រ៉ាដេត​ បាន​ឲ្យ​ដឹង​ថា ​ពេល​ទៅ​ប្រកួត​នៅ​ថៃ​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​​នេះ ​ខាង​កម្មវិធី​តម្រូវ​ឲ្យ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៥១.៥ គីឡូ​ក្រាម​ ប៉ុន្តែ​​រូប​គេ​​មាន​ទម្ងន់​រហូត​ដល់​​៥៦ គីឡូក្រាម ​ដូច​នេះ​ក្នុង​រយៈ​ពេល​មួយ​យប់​ជើង​ខ្លាំង​វ័យ​ក្មេង​រូប​នេះ​​​ត្រូវ​សម្រក់​ទម្ងន់​អស់​​៣-៤​ គីឡូក្រាម។​

 

​តើ​ក្នុង​ពេល​មួយ​យប់​ត្រូវ​សម្រក​ទម្ងន់​យ៉ាង​ណា?​​ ប្អូន​ប្រុស​របស់ សែន រ៉ាឌី បាន​​ប្រាប់​ថា ​​ពេល​នោះ​ទៅ​ដល់​ថៃ​ រាង​ល្ងាច​បន្តិច​​ទៅ​ហើយ​ ដូច្នេះ​ត្រូវ​ចាប់​ផ្ដើម​ទាំង​យប់​តែ​ម្ដង។​ ដំបូង​ត្រូវ​ពាក់​អាវ​សម្រក​ទម្ងន់ ​ហើយ​រត់​​២ដង​ចាប់​ពី​ម៉ោង​ប្រហែល​៦ទៅ​ដល់​ម៉ោង​៨យប់​​ដែល​​​ពេល​នោះ​មេឃ​ភ្លៀង​ទៀត​ ប៉ុន្តែ​រូប​គេ​ត្រូវ​តែ​បន្ត​រត់​ហាល​ភ្លៀង​។ ​កន្លែង​រត់​វិញ​តួច​ចង្អៀត​ពិបាក​ក្នុង​ការ​រត់​ណាស់​។ ពេល​ព្រឹក​ឡើង​ រូប​គេ​ត្រូវ​ក្រោក​ពី​ដេក​​​ម៉ោង​ ៤.៣០​នាទី​ដើម្បី​​រត់​រហូត​ដល់​ម៉ោង​៧ព្រឹក។​ ទី​បំផុត​ការ​សម្រក​ទម្ងន់​របស់​គេ​បាន​សម្រេច។ បន្ទាប់​ពី​ថ្លឹង​ទម្ងន់​រួច​ហើយ ​ទើបរូប​គេ​​​ព្យាយាម​ញាំ​​អាហារ​ដើម្បី​បង្កើន​កម្លាំង​សម្រាប់​​ការ​ប្រកួត​​​ពេល​រសៀល​តែ​ម្តង។​

 

សែន​ រ៉ាដេត​ ប្រកួត​ចុង​ក្រោយ​ទាត់​ថៃ​ឲ្យ​ខូច​ជើង​ត្រឹម​ទឹក​ទី១​ក្នុង​កម្មវិធី​ Asean Fight​ កាល​ពី​ថ្ងៃទី​២៣​ ខែ​កញ្ញា​ កន្លង​ទៅ​នេះ​៕

 

អត្ថបទ៖​ នួន​ ស៊ីណា