អ្នក​ដឹកនាំរឿង​ “នារីវេទមន្ត”​ បកស្រាយ​ការ​រិះគន់មាន​តែ​​ ឈុត​ស្រាត​ និង​ រំលោភ

អ្នក​ដឹកនាំ ​និងអ្នក​និពន្ធ​រឿង​ “នារីវេទមន្ត” លោក​ Jimmy Henderson បាន​ចេញ​មុខ​បកស្រាយ​ចម្ងល់​ ក៏​ដូចជា​ការរិះគន់ខ្លាំង​ៗ​ ត្រង់​ឈុត​ឆាក​​មួយ​ចំនួន​ដែល​ទស្សនិកជន បាន​លើក​ថា​រឿង​នេះ​មាន​តែ​ឈុត​រំលោភ​ និង​ស្រាត ថែម​ទាំង​បង្កប់​ការអប់រំ​តិចតួច ក្រោយ​​ចាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​តាម​បណ្ដា​រោង​កុន​នានាប៉ុន្មាន​ថ្ងៃ​មក​នេះ​។

 

អ្នក​ដឹកនាំរឿង​ “នារីវេទមន្ត”​ បកស្រាយ​ការ​រិះគន់មាន​តែ​​ ឈុត​ស្រាត​ និង​ រំលោភ

 

ក្រោយ​ពីទទួល​បាន​ការរិះគន់​ជុំវិញ​បញ្ហា​នេះ​អ្នក​ដឹកនាំ​ខាង​លើ​ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ​តែ​ក្នុង​នោះ ដើម្បី​ឲ្យ​បងប្អូន​កាន់​តែ​យល់​ច្បាស់​ពី​គោល​គំនិត​សំខាន់​នៃ​សាច់​រឿង​ ​លោក​សូម​លើក​​យក​ ៦​​ចំណុច​​ មក​បកស្រាយ​​ជូន​បងប្អូន​​ដូច​​ខាង​ក្រោម៖
​​​​
 

១ ពាក់​ព័ន្ធ​នឹង​តួ​ស្រី​ ឌុច លីដា លោក​ថា​នាង​អាក្រាត​កាយ​ព្រោះ​នាង​កើត​ពី​ធម្មជាតិ​ ដូចជា​មនុស្ស​​យើង​ដែល​កើត​មក​ដំបូង​គ្មាន​សំលៀក​បំពាក់​ដូច្នោះ​ដែរ​។ ម្យ៉ាង​វិញ​ទៀត​បើ​ ទស្សនិកជន​ចាប់​អារម្មណ៍​ ត្រង់​ពណ៌​នៃ​ភាពយន្ត​ នោះ​​នឹង​ឃើញ​ពណ៌​នៃ​ភាព​យន្ត​នេះ ប្រែ​ជា​ស្រស់​ថ្លា ពេល​ចាប់​ផ្ដើម​មាន​វត្តមាន​របស់​នាង​នៅ​លើ​វាល​ខ្សាច់។

 

 អ្នក​ដឹកនាំរឿង​ “នារីវេទមន្ត”​ បកស្រាយ​ការ​រិះគន់មាន​តែ​​ ឈុត​ស្រាត​ និង​ រំលោភ
ឈុត ឌុច លីដា ដេក​ស្រាត​ក្នុង​រឿង “នារីវេទមន្ត”

 

២ ជុំ​វិញ​ករណី​រំលោភ រួម​ទាំង​ការ​ធ្វើ​បាប​នាង​ លោក Jimmy Henderson​ លើក​ហេតុផល​ថា​ ជា​ទូទៅ​នៅ ក្នុង​សង្គម​មួយ​មិន​ថា​សម័យ​កាល​ណា​នោះ​ទេ​តែង​តែ​មាន​មនុស្ស​ចាំ​កេង​ផល​ប្រយោជន៍​ និង​ធ្វើ​បាប​អ្នក​ដទៃ។ បើ​កាល​ណា អ្នក​​ធ្វើ​អំពើ​អាក្រក់​ ដាក់​អ្នក​ដទៃ​នោះ​លទ្ធផល​នឹង​ ត្រលប់​មក​វិញ​ជាក់​ជា​មិន​ខាន។

 

៣ ទាក់ទិន​​នឹង​ ការ​អប់​រំ​ លោក Jimmy បន្ត​ទៀត​ថា​ សាច់​រឿង​ទាំង​មូល​មាន​សារ​អប់រំ​ជា​ច្រើន។ ប៉ុន្តែ​អត្ថន័យ​ដែល​សំខាន់​ជាង​គេ​នោះ​គឺ​ថា​ “នារីវេទមន្ត” បាន​ចូល​ក្នុង​ភូមិ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​អ្នក​ភូមិ​បាន​ប្រសើរ​​ឡើង។ នាង​បាន​បង្ហាញ​ឲ្យ​អ្នក​ភូមិ​ឃើញ​ថា​ សេចក្ដី​លោភលន់ អំពើ​ពុក​រលួយ​ ភាព​អាត្មានិយម​ នឹង​មិន​អាច​រុង​រឿង​បាន​ទេ។ អ្នក​ដឹកនាំ​ដដែល បន្ត​ថា​ បើសិន​ជា​យើង​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​មួយ​ដែល​មាន​​ការ​ជិះ​ជាន់​ ហើយ​ចង់​ឲ្យ​ជីវិត​យើង​មាន​ភាព​ប្រសើរ​ឡើង​ វិធីសាស្ត្រ​តែមួយ​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ “​ការ​ផ្លាស់​ប្តូរ”។

 

៤ ចំណែក​ឯ​តួ​ស្រី “នារី​វេទមន្ត” នេះ​កើត​ចេញ​ពី​ណា លោក Jimmy Henderson ថា​នាង​បាន​កើត​ចេញ​ពី​ការ​បន់​ស្រន់​របស់​គ្រូ​មន្ត​អាគម​ម្នាក់​ ដែល​បាន​ទៅ​បន់​ស្រន់​​នា​ពេល​យប់​ក្រោម​ដើម​ឈើ​ក្នុង​ព្រៃ​មួយ។ ដែល​ការ​បន់​ស្រន់​នេះ​ គឺ​ចង់​ឲ្យ​អ្នក​ស្រុក​ភូមិ​ ទទួល​បាន​ក្តី​សុខ។ ជាក់ស្តែង​នៅ​ក្នុង​រឿង​នេះ នារី​វេទមន្ត​​ តំណាង​ឲ្យ​ធម្មជាតិ​ ដែល​នាង​អាច​ជា​មេអំបៅ កង្កែប តុកកែ​ ចង្រិត ត្រី​ និង​អ្វីៗ​ជា​ច្រើន​ទៀត​ដែល​ជា​ធម្មជាតិ​ ក្នុង​នោះ​នាង​​អាច​មិន​ចេះ​និយាយ​ ប៉ុន្តែ​មាន​ឥទ្ធិពល​លើសលប់​នៃ​មនុស្ស។

 

អ្នក​ដឹកនាំរឿង​ “នារីវេទមន្ត”​ បកស្រាយ​ការ​រិះគន់មាន​តែ​​ ឈុត​ស្រាត​ និង​ រំលោភ

 

៥ ហើយ​អ្វី​ដែល​បន្ថែម​ទៀត​នោះ​​អ្នក​និពន្ធ​ Jimmy Henderson ប្រាប់​ថា​រឿង​នេះ​លោក​និពន្ធ​ឡើង​ចង់​ឆ្លុះ​បញ្ចាំង​ពី​អំឡុង​​​សម័យ​បារាំង​ចូល​ដាក់​អាណានិគម​នៅ​ខ្មែរ​ ដែល​កាល​អាកាស​នៃ​សាច់​រឿង​​អាច​បញ្ជាក់​បាន​តាម​រយៈ​សម្ភារៈ​ ដែល​លោក​មេឃុំ​ប្រើប្រាស់ ដើម្បី​ដក​ធ្មេញ​បុរស​ម្នាក់​នៅ​ក្នុង​ភូមិ​ និង​មួយ​វិញ​ទៀត​ នំប៉័ង​ដែល​លោក​អាចារ្យ​បាន​យក​ឲ្យ​មេឃុំ​ជា​ដើម។

 

៦ ចំណុច​ចុង​ក្រោយ​ ហេតុ​អ្វី​បាន​ជា​​មេឃុំ​ មិន​ចង់​​ប្រជា​ជន​ចាក​ចេញ​ពី​ក្នុង​ភូមិ? ករណី​នេះ​ លោក Jimmy អះអាង​ថា​ មេឃុំ​មិន​ចង់​​ឲ្យ​ប្រជាជន​ចេញ​ពី​ភូមិ​ដោយសារ​មាន​មូល​ហេតុ​ពីរ​៖​ទី១ មិន​ចង់ឲ្យ​វប្បធម៌​បស្ចិម​ប្រទេស​មាន​ឥទ្ធិពល​មក​លើ​ខ្មែរ ទី២ បើ​គ្រប់​គ្នា​ចាកចេញ​ពី​ភូមិ​ នោះ​មេឃុំ​នឹង​បាត់​បង់​ឥទ្ធិពល​ ហើយ​ច្បាប់​ទម្លាប់​ដែល​គាត់​បាន​បង្កើត​ដើម្បី គ្រប់​គ្រង​ ប្រជាជន​ នៅ​ទីនោះក៏​នឹង​ត្រូវ​បាត់​បង់​ផង​ដែរ។​​
​​​​
 

យ៉ាងណាក៏​ដោយ​ ​​អ្នក​ដឹកនាំ​រឿង​ “នារី​វេទមន្ត” ទោះ​​បី​មាន​ការ​រិះ​គន់​ តែ​​ក៏​មាន​ការ​គាំ​ទ្រ​ច្រើន​ដែរ ហើយ​លោក​សូម​ថ្លែង​អំណរ​គុណ​ទៅ​ដល់​ទស្សនិកជន​ ដែលនៅ​តែ​បន្ត​​ជួយ​គាំ​ទ្រ​ស្នាដៃរបស់​ Rock ​​ជាពិសេស​រឿង​ “នារីវេទមន្ត” នេះ។ ជាមួយ​គ្នា​នេះ​លោក​សប្បាយ​ចិត្ត​ ហើយ​លោ​ក​ព្រម​ទទួល​រាល់​ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​ ពី​បង​ប្អូន​ទាំង​អស់​៕

 

អត្ថបទ៖ ថា ម៉ាលីដា​