បិទ​វគ្គ​បណ្ដុះ​បណ្ដាល​អាជ្ញា​កណ្ដាល និង​ចៅ​ក្រម​កីឡា​វាយ​សី

(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងចៅក្រមកីឡាវាយសី ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោម​ការ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា បាន​បញ្ចប់​ហើយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីដំណើរការ​រយៈ​ពេល ៣​ថ្ងៃ​ជាប់​គ្នា ដែលធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុ​ជា។

14568178_1788203808085803_1650394700215522935_n

វគ្គនេះមានសិក្ខាកាម ២៣នាក់ចូលរួម ហើយមានលោក ប៉ិច សុចិត្រ និងលោក ក្រង សុខខាំង ដែលជាអតីតកីឡាករ និងជាអាជ្ញាកណ្ដាល​ជើង​ចាស់​ធ្វើ​ជា​គ្រូ​ឧទ្ទេស ខណៈ​ពិធី​បិទ​កាល​​ពី​ម្សិល​មិញ បានធ្វើឡើងក្រោមវត្តមានលោក មាស សារិន អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា ដើម្បីចែកវិញ្ញាបនបត្រដល់សិក្ខាកាមចូលរួមផងដែរ។

14590260_1788203804752470_1917169127087470748_n

ថ្លែងក្នុងឱកាសនោះលោក ប៉ិច សុចិត្រ បានលើកឡើងថា រយៈពេល ៣ថ្ងៃនេះ ថ្វីត្បិតជារយៈពេលខ្លី ប៉ុន្ដែសិក្ខាកាមបានសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់​នៅ​លើ​ទី​លាន ហើយ​ជា​លទ្ធផល​លោក​បាន​វាយ​តម្លៃ​ថា មានសិក្ខាកាម ២០% ទទួលបាននិទ្ទេសល្អ ៥០% ទទួលបានលទ្ធផលល្អបង្គួរ និង ៣០% ទទួលបានលទ្ធផលមធ្យម។

ប៉ុន្ដែ​ទន្ទឹម​ជា​មួយ​គ្នា​​នោះ លោក​បាន​ស្នើ​សហ​ព័ន្ធ​ឲ្យ​កំណត់​សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលលើកក្រោយ ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចៀស​វាង​ការ​អនុញ្ញាត​ឲ្យ​កីឡាករ-កីឡាការិនី ដែលកំពុងបម្រើឲ្យក្លឹប និង​សមា​គម​ណា​មួយ​មក​ចូល​រួម ដែល​ងាយ​នឹង​នាំ​ឲ្យ​កើត​មាន​ភាព​អយុត្តិធម៌​ក្នុង​ការ​ប្រកួត​។ ពាក់ព័ន្ធនឹងសំណើរនេះលោក មាស សារិន ក៏បានចាត់ទុកជាសំណើរដ៏ល្អមួយ ដើម្បីជំរុញកីឡាវាយសីឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕

ប្រភពពី khmertalikng

The post បិទ​វគ្គ​បណ្ដុះ​បណ្ដាល​អាជ្ញា​កណ្ដាល និង​ចៅ​ក្រម​កីឡា​វាយ​សី appeared first on CamboSport.