ផឹកស្រា​ស្រវឹង​ដើរ​ចុះ​ទៅ​រាវ​ខ្យង លង់ទឹក​ស្លាប់​ឡើង​ក្លិន ទើប​មាន​អ្នកដឹង

ផឹកស្រា​ស្រវឹង​ដើរ​ចុះ​ទៅ​រាវ​ខ្យង លង់ទឹក​ស្លាប់​ឡើង​ក្លិន ទើប​មាន​អ្នកដឹង



ភ្នំពេញ​: ធុំក្លិន​ស្អុយ​ចម្លែក បាន​ដើរទៅ​មើល​ក៏​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ឡើង​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​រណ្ដៅ​ដី បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ទៅ​មើល​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។

ហេតុការណ៍​ប្រទះ​ឃើញ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​តុលា​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រ ពី​រណ្ដៅ​ដី​នោះ​ធុំក្លិន​ស្អុយ​ចម្លែក បាន​ដើរទៅ​មើល​ក៏​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ឡើង​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​រណ្ដៅ​ដី​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ​។

សព​ឈ្មោះ សាន វិចិត្រ អាយុ​៣២​ឆ្នាំ ជា​កម្មករ លី​សែង នៅ​ក្នុង​ផ្សារ​នាគ​មាស មាន​ប្រពន្ធ​ឈ្មោះ​ជា រស្មី អាយុ​២៩​ឆ្នាំ ជា​កសិករ និង​មានកូន​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស្រា​រហូត​ស្រវឹង ហើយ​បាន​ដើរ​ចុះ​ទៅ​រាវ​ខ្យង ដើម្បី​ធ្វើ​ម្ហូប​ក្លែមស្រា​ទៀត​នៅ​ចំណុច​រណ្ដៅ​ដី​មួយ​កន្លែង​ដែល​ឈ្មួញ​ជីក​យក​អាចម៍ដី​លក់​ហើយ​សង្ស័យ​ពេល​ដែល​ចុះ​ទៅ​រាវ​ខ្យង​រអិល​ជើង​ធ្លាក់​ចូល​ទៅ​កន្លែង​ទឹក​ជ្រៅ មិន​អាច​ហែល​រួច ព្រោះតែ​ស្រវឹងស្រា​នោះ ទើប​បណ្ដាល​ឲ្យ​លង់​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្ដង កាលពី​ថ្ងៃ​ទី​៧​តុលា ហើយ​ពេល​នោះ ប្រពន្ធ​រួម​ជាមួយ​អ្នក​ភូមិ​មិន​បានដឹង​ទេ ព្រោះ​កន្លង​មក​ជន​រង​គ្រោះ​តែងតែ​ដើរទៅ​ណា​មក​ណា មិនសូវ​មាន​ដំណឹង​ឡើយ​។ ក្រោយ​ពី​ពិនិត្យ​សាកសព​រួច ជំនាញ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕