ឈ្មួញ​ឈ្មោះ ពក រស់នៅ​ស្រុក​ចិត្រ​បុរី កំពុង​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ពក ដែលមាន​លំនៅដ្ឋាន​ក្នុងភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ឆ្លងកាត់​ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​របស់ ឈ្មួញ​ឈ្មោះ ពក តែង​បើកបរ​ក្នុង​ល្បឿន​លឿនៗ​ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង​។ ដោយសារតែ​ការបើកបរ​រថយន្ត​ដឹកឈើ​លឿន​ដូច​ហោះ​នោះ​ហើយ ទើប​កាលពី​យប់​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ពក ក្រឡាប់​ផ្ងារជើង​នៅ​ចំណុច​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។

ក្រោយពេល​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ពក ក្រឡាប់​រួចមក​ទើប​គេ​ឃើញ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​សន្តិសុខ​អាវុធហត្ថ​ស្នាក់ការ​៧០៧ ចាត់វិធានការ​ចាប់រ​ថ​យន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ដែល​ដឹកឈើ​ខុសច្បាប់​នោះ​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​នេះ បាន​ឲ្យ​ដឹងថា រថយន្ត​របស់​ឈ្មួញ​ឈ្មោះ ពក បាន​ដឹកឈើ​សុ​ក្រំ​ដែលជា​ឈើ​ប្រភេទ​លេខ​១ ហើយ​បន្ទាប់ពី​ក្រឡាប់​ផ្ងារជើង អ្នកបើកបរ​រថយន្ត​នោះ​វាយ​បំបែក​កញ្ចក់​រត់គេចខ្លួន​បាត់​។ ប្រជាពលរដ្ឋ​រិះគន់ថា មួយ​រយៈពេល​កន្លងទៅ​នេះ​មានតែ​មន្ត្រី​អាវុធហត្ថ​ទេ ដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រោម​ការគ្រប់គ្រង​របស់លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

តាម​ការអះអាង​របស់​ឈ្មួញ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ដែល​ក្រឡាប់​កាលពី​យប់​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​នោះ គឺជា​របស់​ឈ្មួញ​ឈ្មោះ ពក រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ហើយ​ឈ្មួញ​រូបនេះ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់​។ បញ្ហា​នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យឡើងវិញ​ខ្លះ​ផង ព្រោះ​កន្លងមក​ការដែល​ឈ្មួញ​ឈ្មោះ ពក អាច​ដឹកឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺមាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជាច្រើន​កន្លែង​ក្នុង​ខេត្តក្រចេះ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​ឈ្មោះ ពក ដឹកឈើ​ទៅ​ស្រុក​យួន​ម្តងៗ​តាម​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង ប៉ុន្តែ​ដោយសារ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​១​គ្រឿង​ផ្ងារជើង កាលពី​យប់​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ ទើបត្រូវ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ស្នាក់ការ​៧០៧ ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​តែម្តង​៕

17132055175_17e598296f_o

លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ

14610626_1774234092815153_710671631_n-500x309 14625285_1774234089481820_1383776655_n-500x322