លោក លី ឡា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ហ៊ាន​ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​

ក្នុងខណៈដែល​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ស្រាប់តែ​លេចចេញ​នូវ​រឿង​លោក លី ឡា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ផងដែរ​។ មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​មួយចំនួន បាន​ឲ្យ​ដឹងថា​លោក លី ឡា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង បាន​លួច​បោះបង្គោល​បង្ខិត​ពង្រីក​តំបន់​អភិរក្ស​ព្រែក​ស្ដី​ដក​គង តាម​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​នេសាទ​នៅ​ភូមិ​ដូន​វៀត បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​។ ហេតុនេះហើយ​ទើប​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានចេញ​បញ្ជា​ឲ្យ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត និង​ស្រុក​កំពង់លែង ចុះ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់​។​

តាម​ប្រភពពី​មន្ត្រីរដ្ឋបាល​ជលផល​តូចតាច​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ការដែល​លោក លី ឡា​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺអាច​មានការ​បើកដៃ​ពី​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ផងដែរ​។ លើស​នេះ​ទៅទៀត​គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ទើប​អ្វី​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិន​គិតគូរ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ ហើយ​បែរជា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​បែរជា​លោក លី ឡា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លួច​បោះបង្គោល​បង្ខិត​ព​ង្រី​ក​តំបន់​អភិរក្ស​ព្រែក​ស្ដី​ដក​គង យ៉ាង​ក្រអឺតក្រទម​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ទាល់តែ​មានការ​តវ៉ា​យ៉ាងខ្លាំង​ក្លា​ពី​ប្រជា​នេសាទ​នៅ​ភូមិ​ដូន​វៀត ទើប​អភិបាលខេត្ត​កំពង់ឆ្នាំង និង​សមត្ថកិច្ច​ចម្រុះ​ចាត់វិធានការ​ដោះស្រាយ​។ ប្រជា​នេសាទ​បាន​រិះគន់ថា លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា ព្រមទាំង​បក្ខពួក​មិនសូវ​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នោះទេ ដោយ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​ទៅវិញ​៕

dsc06466 dsc06458 dsc06474 dsc06478