ទម្លាប់​មិនល្អ​5​យ៉ាង​ធ្វើ​អ្វី​ក៏​មិន​ជោគជ័យ

ទម្លាប់ គឺ​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ។ ទម្លាប់​ល្អ វា​ជា​រឿង​សំខាន់ និង​មនុស្ស​គ្រប់​រូប​ត្រូវ​ប្រកាន់​ភ្ជាប់ ប៉ុន្តែ​ទម្លាប់​មិនល្អ​ខ្លះ យើង​គួរតែ​ព្យាយាម​កាត់​បន្ថយ​ផង​ដែរ មិន​ថា​ទៅ​លើ​ការងារ និង​ជីវិត​ប្រចាំ​ថ្ងៃ ។ ខាងក្រោម​នេះ ជា​ទម្លាប់​មិនល្អ​៥​ចំណុច​ដែល​អ្នក​ធ្វើ​អ្វី​ក៏​មិន​សម្រេច ។

១-​សង្ឃឹមលើ​អ្នក​ដទៃ ៖
ការ​សង្ឃឹម​លទ្ធផល​លើ​អ្នក​ដទៃ នឹង​ធ្វើ​ឱ្យ​អ្នក​ទន់ខ្សោយ​នៅ​ក្នុង​ជីវិត និង​ខ្វះ​ជំនាញ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ។ នៅ​ពេល​មនុស្ស​ដែល​អ្នក​តែងតែ​សុំ​ការ​ជួយ​ពី​គេ​រហូត​នោះ ប្តូរ​គំនិត​មិន​ជួយ​ដល់​អ្នក​បន្ត​ទៀត ឬ​ខកចិត្ត​ជាមួយ​អ្នក​ចំពោះ​រឿង​អ្វីមួយ វា​នឹង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក ។

បើសិនជា​អ្នក​ប្រកប​ជំនួញ នឹង​ធ្វើ​ឱ្យ​ដំណើរការ​ជំនួញ​នោះ​មិន​អាច​បន្ត​ទៅ​មុខ​បាន​ទេ ។ សម្រាប់​ការងារ ការ​ស្នើ​ឱ្យ​មិត្ត​រួមការ​ងារ​ជួយ​បង្ហើយ​ការងារ​របស់​អ្នកជា​ញឹកញាប់​រហូត​ក្លាយជា​ទម្លាប់​នោះ នៅ​ពេល​មានការ​ខុសឆ្គង​ណាមួយ វា​នឹង​ក្លាយជា​កំហុស​របស់​អ្នក និង​ធ្វើ​ឱ្យ​អ្នក​ខ្វះ​ជំនាញ​ក្នុង​ការ​បំពេញការងារ​ដែល​ត្រូវ​ទទួលខុសត្រូវ​ផង​ដែរ ។

២-​គិត​ថា​ខ្លួនឯង​ឆ្លាត​បំផុត ៖
មនុស្ស​ប្រភេទ​នេះ​តែង​កំណត់​ខ្លួនឯង​ជា​មនុស្ស​ឆ្លាត​ជាងគេ និង​និយាយ​ស្តី​មើលងាយ​អ្នក​ដទៃ ឬ​ធ្វើខ្លួន​លើ​អ្នក​ដទៃ​គ្រប់ពេលវេលា ជា​ពិសេស តែងតែមាន​អារម្មណ៍​ថា លក់​មុខ បើសិនជា​ខ្លួន​ត្រូវ​សុំ​ការ​ជួយ​ពី​អ្នក​ដទៃ ។

ក្នុង​ពិភព​ការងារ ឬ​ធ្វើ​ជំនួញ ការ​ទំនាក់​-​ទំនង​ដើម្បី​សុំ​ការ​សហការ គឺជា​រឿង​ដែល​ជួយ​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​បាន​យ៉ាង​រហ័ស និង​អាច​ជួយ​ផ្លាស់​ប្តូរ​ឱ្យ​ជំនួញ​ដំណើរការ​ផង​ដែរ​។ ប៉ុន្តែ​បើ​អ្នក​មិន​សហការ ហើយ​យក​តែ​គំនិត​ខ្លួនឯង មិន​យកគំនិត​អ្នក​នៅ​ក្បែរ​ខ្លួន និង​មិន​ព្រម​ទទួល​ការ​ជួយ​នានា​នោះ នៅ​ពេល​ជួប​ការ​លំបាក អ្នក​នឹង​ដឹង​ថា គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន​ឡើយ ដោយសារ​តែ​ការ​អួត​ពី​ភាព​ឆ្លាត ប៉ុន្តែ​គឺជា​ការ​ព្រម​ទទួល​ការ​ជួយ​ពី​អ្នក​នៅ​ក្បែរ​ខាង​ទៅ​វិញ​ទេ ។

៣-​ខ្លាច​ការ​ចាប់ផ្តើម ទោះជា​សម្លឹង​ឃើញ​ផ្លូវ​ដើរ ៖
ភាព​ភ័យ​ខ្លាច ជា​រឿង​ដែល​មើល​មិនឃើញ តែ​គ្រប់​គ្នា​អាច​ប្រាស្រ័យ​ទាក់ទង​បាន​។ អ្នក​ដែល​តែង​ខ្លាច​ការ​ចាប់ផ្តើម ជា​ពិសេស អ្នក​ព្រម​ចុះចាញ់​អ្វី​ងាយ​ៗ និង​ប្រព្រឹត្ត​តាម​ទម្លាប់​ប្រចាំ​ថ្ងៃ ពួក​គេ​គិត​ថា គឺ​គ្រប់គ្រាន់ ។

ភាព​ភ័យ​ខ្លាច​ការ​ចាប់ផ្តើម គឺជា​ឧបសគ្គ​មួយ ដែល​ធ្វើ​ឱ្យ​ភាព​ជោគជ័យ​មាន​តែ​នៅ​ក្នុង​គំនិត​សម្រាប់​មនុស្ស​ប្រភេទ​នេះ ។

បើសិនជា​ប្រកប​ជំនួញ ឬ​ត្រូវធ្វើ​ការងារ​សំខាន់​ណាមួយ តែងតែមាន​អារម្មណ៍​ខ្លាច​ការ​ចាប់ផ្តើម​នូវ​អ្វី​ថ្មី​, ខ្លាច​ការងារ​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​, ខ្លាច​ថា នឹង​ធ្វើ​ការងារ​នោះ​មិន​សម្រេច ឬ​ខ្លាច​ថា នឹង​ប្រកប​ជំនួញ​បរាជ័យ​ជាដើម ។ ទោះបីជា​ពួក​គេ​មើលឃើញ​ច្រកចេញ និង​ពេលវេលា​ដែល​សមរម្យ ហើយ​ទទួល​បាន​ឱកាសល្អ​ៗ​ក្តី ក៏​មនុស្ស​ប្រភេទ​នេះ​ទៅ​មិន​ឆ្ងាយ​ពី​រង្វង់ Comfort Zone នោះ​ទេ ហើយ​រង់ចាំ​ឱ្យ​ភាព​ជោគជ័យ​មក​រក​ពួក​គេ ដែល​វា​នឹង​គ្មាន​ថ្ងៃ​កើតឡើង​ឡើយ ។

៤-​គ្មាន​ការ​សហការ​ជា​ក្រុម ៖
រថយន្ត​ដែល​មាន​កង់​តែ​១ មិន​អាច​បើកបរ​ដូច​រថយន្ត​មាន​កង់​៤​នោះ​ឡើយ ។ ការ​ធ្វើ​ការងារ ឬ​ប្រកប​ជំនួញ​ក៏​ដូច​គ្នា គ្មាន​នរណា​ម្នាក់​អាច​ធ្វើការ​តែ​ម្នាក់ឯង​បាន​ឡើយ ទោះបីជា​មុខ​ជំនួញ​នោះ​ផ្ទាល់ខ្លួន ឬ​ការងារ​ឯករាជ្យ​ប្រភេទ Freelance ក្តី ក៏​ត្រូវ​តែ​ពឹងពាក់ និង​ទំនាក់ទំនង ជាមួយ​មិត្ត​រួមការ​ងារ​ផង​ដែរ ។

ចូរ​សង្កេត​មើល​ខ្លួនឯង​បន្តិច​ថា អ្នកជា​មនុស្ស​ប្រភេទ​នេះ​ឬ​អត់ ព្រោះ​ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​ក្រុម​នេះ មាន​ន័យ​ថា អ្នក​កំពុង​តែ​នៅ​ឆ្ងាយ​ពី​ភាព​ជោគជ័យ ។

៥-​បោះបង់​គោលដៅ​នៅ​កណ្តាលផ្លូវ ៖
គោលដៅ​ក៏​ដូច​គ្នា​នឹង​ការ​ថតរូប​ដែរ មាន​រូប​ច្បាស់ និង​មិន​ច្បាស់ សម្រាប់​អ្នក​ដែល​តាំង​ចិត្តនឹង​ទទួល​ភាព​ជោគជ័យ ពួក​គេ​នឹង​បង្កើត​គោលដៅ​នោះ​រហូត​ចេញ​ជា​រូបរាង​ច្បាស់លាស់​មួយ និង​ធ្វើ​គ្រប់​វិធី​ដើម្បី​ឱ្យ​រូប​នោះ​ក្លាយជា​ការ​ពិត​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ចុះចាញ់​ដោយ​ងាយ ទាំង​នៅ​មិន​ទាន់​ដល់​គោលដៅ គឺ​ពួក​គេ​ទៅ​មិន​ឆ្ងាយ​ពី​រូប​ដែល​មិន​ច្បាស់​នោះ និង​គ្មាន​ថ្ងៃ​បង្កើត​ឱ្យ​ចេញ​ជា​រូបរាង​ឡើយ ។

ការ​ចាប់ផ្តើម​ប្រកប​ជំនួញ ឬ​ធ្វើ​ការងារ គឺ​អ្នក​បាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​នៅ​ក្នុង​ជីវិត ដូច​ជា ប្រាក់ ពេលវេលា គំនិត ទំនាក់ទំនង ឬ​សូ​ម្បី​តែ​សុខភាព ។ នៅ​ពេល​ដែល​ដឹង​ថា អ្នក​បាន​លះបង់​អ្វី​មក​ខ្លះ តើ​អ្នក​នឹង​បោះបង់​វា​ដោយ​ងាយ​ៗ​ឬ ?